នគរបាលចរាចរណ៍ថាមិនទាន់សរុបលុយពិន័យលើអ្នកបើកបរទេ

អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ក្នុងរាជធានីភ្នំពេញជាច្រើន ឈរតម្រង់ជួររង់ចាំបំពេញឯកសារផាកពិន័យ នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២០(រូបថត៖ ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកបានច្រានចោលរបាយការណ៍ដែលផ្សព្វផ្សាយថា រយៈពេល១៤ថ្ងៃលុយផាកពិន័យមានចំនួន​៤២ម៉ឺនដុល្លារ ហើយថា ពេលនេះលុយផាកពិន័យទាន់បានបូកសរុបទេ។​

អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន អះអាងថា ចំនួនលុយដែលផ្សព្វផ្សាយថា មានចំនួន៤២ម៉ឺនបានពីការផាកពិន័យរយៈពេល២សប្តាហ៍នោះគឺជាទិន្នន័យប៉ាន់ស្មានតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ពេលនេះលុយដែលបានពីការផាកពិន័យគឺមិនទាន់បូកសរុបនៅឡើយទេ។​

លោក ហ៊ឹម យ៉ាន ថ្លែងប្រាប់គេហទំព័រនគរបាលជាតិថា៖ «តួលេខដែលបានចែកចាយនោះ គ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុង។ ហើយតួលេខពិតប្រាកដប៉ុន្មាននោះ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ដូច្នេះមិនអាចនិយាយបានឡើយ ព្រោះអ្នកត្រូវពិន័យខ្លះ មិនទាន់មកបង់ប្រាក់នៅឡើយទេ»។

រាជរដ្ឋាភិបាលចាប់ផ្តើមបង្កើនចំនួនលុយផាកពិន័យចរាចរណ៍ពី៣ទៅ៥ដង ដែលចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០។ ចំនួនលុយដែលបានពីការផាកពិន័យគឺ៧០ភាគរយប្រគល់ទៅគនរបាលដែលអនុវត្តន៍ច្បាប់ ២៥ភាគរយដាក់ទៅអង្គភាពនគរបាល និង ៥ភាគរយដាក់ចូលក្នុងថវិកាជាតិ។​

របាយការណ៍នគរបាលជាតិបង្ហាញថា រយៈពេល១៤ថ្ងៃនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានផាកពិន័យយានយន្តចំនួន ២២ ៣៨១គ្រឿង ក្នុងនោះ ម៉ូតូ ១៦ ៥៧៩គ្រឿង និង រយន្តចំនួន​៥ ៨០២គ្រឿង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ