មន្ត្រីនគរបាលជាតិជាន់ខ្ពស់ បានឱ្យដឹងថា នាយផ្នែកចរាចរណ៍នៅខេត្តកំពង់ធំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមពីមន្ត្រីជំនាញ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ ត្រូវបានថ្នាក់ដឹកនាំសម្រេចផ្អាកពីការងារជាបណ្ដោះអាសន្នដោយសារតែប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍។
ក្នុងសេចក្ដីសម្រេចមួយចេញកាលពីថ្ងៃម្សិលមិញនេះ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន សម្រេចផ្អាកការងារនាយផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា ជាបណ្ដោះអាសន្ន។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ធំរូបនេះ ត្រូវបានមេនគរបាលជាតិសម្រេចដាក់ពិន័យបែបនេះ បន្ទាប់ពីគាត់បានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បណ្ដាលឱ្យបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ កាលពីម៉ោងជាង ៩យប់ថ្ងៃទី១៥ ខែឧសភា។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា លោក រុំ សុវិជ្ជា ថែមទាំងបានស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅទីតាំងកើតហេតុថា មិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាតតាមដងផ្លូវ ទើបឱ្យគាត់ជួបគ្រោះថ្នាក់។
លោក ឆាយ គឹមខឿន ប្រាប់ថា៖ «ទោះបីជាមន្ត្រីនគរបាលចរាចរណ៍ក៏ដោយ មន្ត្រីកងកម្លាំងប្រភេទណាក៏ដោយខុសច្បាប់ចរាចរណ៍ត្រូវបានផាកពិន័យ និងអនុវត្តច្បាប់ដូចប្រជាពលរដ្ឋទូទៅដែរ»។
លោក គឹមខឿន បញ្ជាក់ថា ថ្នាក់ដឹកនាំនឹងចាត់មន្ត្រីជំនាញស្រាវជ្រាវ ហើយពិចារណាបន្ថែមទៀតថា ត្រូវបញ្ចប់មុខតំណែងរបស់នាយការិយាល័យចរាចរណ៍ផ្លូវគោករូបនេះតែម្តង ឬផ្អាកការងារជាបណ្ដោះអាសន្នតែប៉ុណ្នឹង។
បន្ថែមពីនេះ លោក គឹមខឿន អះអាងថា លោក រុំ សុវិជ្ជា ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញលិខិតព្រមានម្តងមកហើយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដោយសារតែធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
ក្រៅពីនាយផ្នែកចរាចរណ៍រូបនេះ ស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កសុល និងស្នងការរង ៣រូបទៀត មានលោក ទិត សំណាង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក វ៉ា ចាន់កុសល ទទួលបន្ទុកផ្នែកនគរបាលសេដ្ឋកិច្ច និងលោក អ៊ឹម សុគឿន ទទួលបន្ទុកផ្នែកធនធានមនុស្ស ក៏ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃចេញលិខិតព្រមានព្រមគ្នាផងដែរ ក្រោមមូលហេតុធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន៕