ក្រសួងយុត្តិធម៌រំពឹងថា វិធានការថ្មីរបស់ខ្លួននឹងដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការបានរហូតដល់ ៧០ភាគរយ និងប្រកបដោយតម្លាភាពនៅក្នុងរយៈពេលត្រឹម ៦ខែខាងមុខ។
ក្នុងសន្និសីទសារព័ត៌មានមួយស្តីពី«យុទ្ធនាការកកស្ទះសំណុំរឿងនៅតុលាការទូទាំងប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ នាថ្ងៃចន្ទនេះ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងថា យុទ្ធនាការនេះមានកិច្ចសហការពីក្រសួងពាក់ព័ន្ធនានា ក្នុងនោះក៏មានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
រដ្ឋមន្ត្រីថ្មីរូបនេះ អះអាងទៀតថា ការដាក់ចេញវិធានការពីអង្គភាពប្រឆាំងអំពើពុករលួយ លោកថា ជាមូលដ្ឋានគ្រឹះនៃវិធានការថ្មីនេះ។
លោក កើត រិទ្ធ ថ្លែងថា៖ «ពាក្យបួនម៉ាត់ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានដាក់នោះ គេហៅថា ជាគម្រប់នៃយុទ្ធនាការតែម្តង លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
លោក កើត រិទ្ធ អះអាងទៀតថា វិធានការនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពចៅក្រម និងព្រះរាជអាជ្ញា កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងពន្លឿនយុត្តិធម៌ដល់ជនជាប់ចោទ។
លោក កើត រិទ្ធ អះអាងផងដែរថា បញ្ហាកកស្ទះសំណុំរឿងដែលបានកើតឡើងនោះ មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរបស់មន្ត្រីតុលាការទេ ដោយថា បញ្ហានេះវាកើតចេញពីកង្វះធនធានមនុស្ស បច្ចេកទេស ការកើនឡើងនៃបទល្មើសគ្រឿងញៀន និងការអនុវត្តនីតិវិធីរបស់ព្រះរាជអាជ្ញាមួយចំនួន។
បើតាមលោក កើត រិទ្ធ ព្រះរាជអាជ្ញាមានសិទ្ធិ ៣យ៉ាងនៅក្នុងការអនុវត្តនីតិវិធីចោទប្រកាន់ ក្នុងនោះមានការបញ្ជូនសំណុំរឿងទៅជំនុំជម្រះផ្ទាល់ ការបង្ហាញខ្លួនភ្លាមៗ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ។
ប៉ុន្តែ លោកថា ការអនុវត្តជាក់ស្តែង ព្រះរាជអាជ្ញាប្រើជម្រើសទី៣ស្ទើរទាំងអស់ ដែលលោកថា ជាមូលហេតុធ្វើឱ្យកកស្ទះ ខណៈច្បាប់អនុញ្ញាតិតែបទឧក្រិដ្ឋ និងបទមជ្ឈិមស្មុគស្មាញប៉ុណ្ណោះ ទើបបញ្ជូនទៅចៅក្រមស៊ើបសួរ។
លោក កើត រិទ្ធ អះអាងដែរថា ការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ វាត្រូវផ្តើមចេញពីការបង្កើនសមត្ថភាពមន្ត្រីតុលាការជាមុន។
នាយករងអង្គការលីកាដូ លោក អំ សំអាត និយាយថា យុទ្ធនាការនេះបានជួយកាត់បន្ថយបញ្ហាមួយចំនួនក្នុងប្រព័ន្ធតុលាការ ប៉ុន្តែ មិនបានធានាយុត្តិធម៌សង្គមទេ បើគ្មានកំណែទម្រង់ជាប្រព័ន្ធតបតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេនោះ ពិសេសអ្នកមាននិន្នាការប្រឆាំង។
លោកថា៖ «ខ្ញុំគិតថា ប្រព័ន្ធតុលាការនេះ បើយើងចង់កែ ថាធ្វើម៉េចឱ្យវាដំណើរការទៅដោយប្រសិទ្ធភាព និងយុត្តិធម៌ វាទាល់តែកែប្រព័ន្ធតុលាការទាំងមូលទៅជាឯករាជ្យហ្មង អាហ្នឹងបានទៅរួច។ ប៉ុន្តែ បើយើងបង្កើតគណៈកម្មការដើម្បីពន្លឿននីតិវិធី គឺគ្រាន់តែជំរុញនៃផ្នែកមួយទេទាក់ទងនឹងនីតិវិធីអីឱ្យតែវាបានលឿនប៉ុណ្ណឹងទេ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ការបើកចំហព័ត៌មាន រួមទាំងយន្តការឃ្លាំមើលពីក្រុមអង្គការសង្គមស៊ីវិលជាដៃគូ វានឹងជំរុញប្រសិទ្ធភាពនៃការទប់ស្កាត់អំពើពុករលួយបានប្រសើរជាងមុន និងជំរុញដល់ការជម្រះខ្លួនចេញពីបញ្ជីប្រផះនៃការលាងលុយកខ្វក់ពីអន្តរជាតិផងដែរ។
លោក ប៉ិច ពិសី ប្រាប់ថា៖ «ព្រោះកាលណាយើងបើកចំហព័ត៌មាន យើងអាចចូលរួមទប់ស្កាត់អំពើពុករលួយ ហើយជំរុញឱ្យស្ថាប័នសាធារណៈ នឹងមានគណនេយ្យភាពខ្ពស់ជាងមុន និងអាចធ្វើឱ្យកម្ពុជាប្រែប្រួលក្នុងការឱ្យពិន្ទុនៃការវាយតម្លៃផ្សេងៗ ដែលយើងឃើញអង្គការអន្តរជាតិច្រើន ដែលគេធ្វើការវាយតម្លៃពីលទ្ធិប្រជាធិបតេយ្យ បញ្ហាមួយធំគឺយើងខ្វះតម្លាភាពហ្នឹងឯង»។
បើតាមក្រសួងយុត្តិធម៌ គិតត្រឹមថ្ងៃទី១៤ ខែមេសាឆ្នាំនេះ សំណុំរឿងកកស្ទះនៅទូទាំងប្រទេស រឿងព្រហ្មទណ្ឌមានជិត ៤ម៉ឺនករណី (៣៩,១៥២) និងមានអ្នកជាប់ឃុំជាង ១ម៉ឺន ២ពាន់នាក់(១២,៦៥១)។
យុទ្ធនាការនេះ នឹងត្រូវធ្វើឡើងចន្លោះពី ៦ខែ ទៅ ៩ខែ ដោយគ្មានការចូលរួមពីអង្គការសង្គមស៊ីវិលជាដៃគូទេ ដោយថា ដើម្បីទប់ស្កាត់កុំឱ្យមានការជ្រៀតជ្រែកកិច្ចការតុលាការ។
គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍កាលពីឆ្នាំ២០១៩ វាយតម្លៃថា ប្រព័ន្ធយុត្តិធម៌កម្ពុជា មាននីតិរដ្ឋទាប ដោយឱ្យពិន្ទុស្ថិតនៅជិតបាតតារាង ជាប់លេខ ១១២ ក្នុងចំណោម ១១៣ប្រទេស។
របាយការណ៍នេះបញ្ជាក់ថា ចំណាត់ថ្នាក់យុត្តិធម៌របស់កម្ពុជា ដោយសារតែមានការជ្រៀតជ្រែកពីរដ្ឋាភិបាល។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ អះអាងថា យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការនេះ ជាជំហានឆ្ពោះទៅធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា៕