កម្មករ​​នៅ​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​នាំ​គ្នា​​ដេក​​យាម​​មុខ​​រោង​ចក្រ ​បន្ទាប់​ពី​ថៅកែ​​ដឹក​​អីវ៉ាន់​​ចេញ​​ដោយ​​មិន​ទាន់​​បើក​ប្រាក់​​ឈ្នួល​​

កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ សឺ​ពី​យ៉ា ​(SEPIA​) នាំគ្នាយាមមុខរោងចក្រ ដោយបារម្ភខ្លាចថៅកែលួចដឹកសម្ភារចេញ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ (សារព័ត៌មាន រស្មីភ្នំដា RDN Hot News)

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ សឺ​ពី​យ៉ា ​(SEPIA​) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ​អស់​រយៈពេល ៤ថ្ងៃ​មក​ហើយ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យថៅកែ​ដឹក​សម្ភារ​ចេញ ខណៈ​ក្រុម​កម្មករ​អះអាង​ថា ថៅកែ​រោងចក្រ​នេះ​នៅ​ជំពាក់ប្រាក់​ឈ្នួល​របស់​ពួក​គេ​នៅឡើយ។

កម្មករ​-កម្មការិនី​នៅ​រោងចក្រ ​សឺ​ពី​យ៉ា ​(SEPIA​) ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កា​ត់កាកាប បាន​នាំ​គ្នាតវ៉ា​មុខ​រោងចក្រ​តាំងពី​ថ្ងៃទី១១ ខែឧសភា និង​បានសម្រេច​ដេក​យាម​មុខ​រោងចក្រ​កាលពី​ថ្ងៃទី១៥ សប្ដាហ៍មុន​នេះ ក្រោយពី​ឃើញ​ថៅកែ​ដឹក​សម្ភារ​ចេញពី​រោងចក្រ​ដោយ​មិនទាន់​បើកប្រាក់​ឈ្នួល​ជូន​កម្មករ។

កម្មការិនី​ផ្នែក​ដេរ អ្នកស្រី សុខ ដា​ណា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ថៅកែ​រោងចក្រ ​សឺ​ពី​យ៉ា បា​នព្យួ​រការងារ​កម្មករ​រយៈពេល ១ខែ​ហើយ​ ចាប់តាំងពី​ថ្ងៃទី១៤ ខែមេសា​មក ដោយ​កំណត់​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃទី១៨ ខែឧសភា​នេះ។

កម្មការិនី​វ័យ ២៥ឆ្នាំ​រូប​នេះ អះអាង​ថា ថៅកែ​មិនទាន់​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​នៅឡើយ​ទេ​អំឡុង​ពេល​ព្យួរការងារ​នោះ ខណៈ​ដែល​ថ្ងៃកំណត់​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ បាន​រំលង​ផុត​ទៅ​រយៈពេល ៨ថ្ងៃហើយ​នោះ ហើយ​ថា ថៅកែ​រោងចក្រ​​ក៏​នៅ​ជំពាក់ប្រាក់​ឈ្នួល​កម្មករ​កន្លះ​ខែមុន​ព្យួរការងារ​ផង​ដែរ។

អ្នកស្រី សុខ ណា​ដា ឱ្យដឹង​ថា អ្នកស្រី​បានឃើញថៅកែ​​លួច​ដឹក​អីវ៉ាន់ និង​សម្ភារ​មួយចំនួន​ចេញពី​រោងចក្រ​កាលពី​ម៉ោងជាង ១០យប់​ ថ្ងៃទី១៥ ខែ​សភា ប៉ុន្តែ ត្រូវ​បាន​រារាំង​ដោយក្រុម​កម្មករ។

អ្នកស្រី​បន្ថែម​ថា៖ «ពេល​ថៅកែ​អត់បើ​កលុយ​ឱ្យអ៊ីចឹង កម្មករ​ទាំងអស់​គ្នា​ប្រឈមមុខ​ច្រើនណាស់។ កម្មករ​អត់​លុយ​បង់ថ្លៃ​ផ្ទះ​ជួល​ សម្រាប់​ចាយ​វាយ​ផ្សេង​ៗ អ្នកខ្លះ​ទៀត​គ្នា​អត់​លុយ​បង់​សងធនាគារ។ អ៊ីចឹង​បាន​ជា​នាំគ្នា​តវ៉ា​រហូតមកដល់​ថ្ងៃនេះ ពីព្រោះ​កម្មករ​គេ​អត់​ទុកចិត្ត។ ឥលូវ មាន​អ្នក​ដេក​យាម​មុខ​រោងចក្រ​ បារម្ភ​ខ្លាច​ថៅកែរោងចក្រ​លួច​ដឹក​អីវ៉ាន់​ចេញ​អស់​ទៅ​ អត់បើកលុយ​ឱ្យ​ពួក​យើង»។

លោក ហួន ហ៊ី​ម ដែល​អះអាង​ថា ជា​តំណាង​ក្រុម​កម្មករ បាន​ប្រាប់​វី​អូ​ឌី​ថា ពាក់ព័ន្ធ​រឿង​ថៅកែ​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​យឺតយ៉ាវ​នេះ ក្រុម​កម្មករ​បា​នដាក់ពាក្យប​ណ្តឹង​ទៅ​ក្រសួងការងារ​កាលពី​ថ្ងៃទី១១ ខែឧសភា ឱ្យជួយ​ដោះស្រាយ​ដែរ ប៉ុន្តែ លោក​ថា មិនទាន់​ឃើញ​ក្រសួងការងារ​​កោះហៅ​តំណាង​កម្មករ​ចូល​ទៅ​ដោះស្រាយ​ឡើយ។

លោក ហួន ហ៊ី​ម អះអាង​ថា ក្រោយ​កម្មករ​តវ៉ា និង​ដេក​យាម​មុខ​រោងចក្រ​មិន​ឱ្យមានការ​ដឹក​សម្ភារ​ចេញ​នោះ គឺ​ខាង​រដ្ឋបាល​បាន​សន្យា​បើកលុយឱ្យកម្មករ ៥០ភាគរយ​នៃ​ប្រាក់ឈ្នួល​ដែល​នៅ​ជំពាក់​នៅ​ថ្ងៃទី២៥ ខែឧសភា ហើយ​ថា ៥០ភាគរយ​ទៀត​ នឹង​បើកឱ្យនៅ​ថ្ងៃទី២ ខែមិថុនា​ខាងមុខ។ លោក​ថា ទោះ​មានការ​សន្យា​បើកប្រាក់​ឈ្នួល​ឱ្យខ្លះ​ក៏ដោយ កម្មករ​នៅតែ​បន្ត​ដេក​យាម​មុខ​រោងចក្រ​រហូត​ទទួល​បាន​លុយ។

លោក​បន្ថែម​ថា៖ «ខាង​រោងចក្រ​គេ​បាន​សន្យា​បើកលុយឱ្យនៅ​ថ្ងៃទី២៥ ខែឧសភា ៥០ភាគរយ ហើយ​នៅ​ថ្ងៃទី២ មិថុនា ៥០ភាគរយ​ទៀត ប៉ុន្តែ យើង​មិនទាន់​ដឹង​ថា តើ​វា​ពិតប្រាកដ​ថា បើ​កឱ្យកម្មករ​មែន​ឬក៏​អត់​? ឥលូវ កម្មករ​ដេក​យាម​រាល់ថ្ងៃ​ ដោយសារ​គេ​បារម្ភ​ខ្លាច​ថៅកែ​លួច​ដឹក​ម៉ាស៊ីន​ចេញ ហើយ​អត់បើ​កប្រាក់ខែ​ឱ្យកម្មករ»។

ប្រធាន​រដ្ឋបាល​រោងចក្រ សឺ​ពី​យ៉ា ដែល​កម្មករ​ប្រាប់​ថា​ឈ្មោះ ខេន ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​នៅ​ក្រសួងការងារ​ មិន​អាច​ឆ្លើយ​បានទេ។

វី​អូ​ឌី​មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​អ្នកគ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ សឺ​ពី​យ៉ា លោក ណៃ ឌឿន បានទេ​នៅ​ថ្ងៃនេះ ដោយ​ទូរសព្ទ​ពុំ​ចូល ប៉ុន្តែ លោក​ប្រាប់​វី​អូ​ឌីកា​លពី​សប្ដាហ៍​មុន​ថា រោងចក្រ​បើកលុយឱ្យកម្មករ​យឺតយ៉ាវ ដោយសារ​ក្រុមហ៊ុន​មាន​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ ពោល​គឺគ្មាន​អ្នក​បញ្ជាទិញ ហើយ​អ្នកបញ្ជា​ទិញ​មួយចំនួន មិនទាន់​សង​លុយ​ត្រឡប់ ក្រោយ​ទទួល​បាន​ទំនិញ​រួចរាល់។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​កាន់​សំណុំរឿង​នៅ​រោងចក្រ​ សឺ​ពី​យ៉ា​ នេះ​ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃនេះ។

បើ​តាមលោក ហួន ហ៊ី​ម រោងចក្រ សឺ​ពី​យ៉ា មានកម្ម​ករ​ប្រហែល ៦០០នាក់ ត្រូវ​បាន​ថៅកែ​ព្យួរការងារ​ទាំងអស់គ្នា​តាំងពី​ថ្ងៃទី១៤ ខែមេសា។ លោក​ថា លុយ ៧០ដុល្លារ​ដែល​រដ្ឋាភិបាល​ប្រកាស​ផ្តល់​ឱ្យកម្មករ​អំឡុង​ពេល​ព្យួរការងារ​នោះ គឺ​កម្មករ​មិនទាន់​ទទួល​បាន​នោះ​ទេ ទាំង​លុយ ៣០ដុល្លារ​របស់​ថៅកែ និង​លុយ ៤០ដុល្លារ​របស់​រដ្ឋាភិបាល។

ពាក់ព័ន្ធ​ករណី​កម្មករ​ដេក​យាម​មុខ​រោងចក្រ​នេះ​ដែរ គឺ​នៅ​រោងចក្រ​ ឡាក់​ឃី លី សាន់​ឡុង ហ្គាមេ​ន (Lucky Ly Sunn Long Garment Co.Ltd​) ស្ថិត​ក្នុង​ខណ្ឌមានជ័យ ក៏​មានកម្ម​ករ​ដេក​យាម​មុខ​រោងចក្រ​ដែរ ក្រោយ​ថៅកែ​លួច​ដឹក​សម្ភារ​ល្អ​ៗអស់ ហើយ​គេចខ្លួន​មិន​ដោះស្រាយ​សំណង​ជូន​កម្មករ។

កម្មការិនី​ផ្នែក​ដេរ អ្នកស្រី មិត វ៉ាន់​នូ ប្រាប់​វី​អូ​ឌី​ថា រោងចក្រ​ ឡាក់​ឃី លី សាន់​ឡុង មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​កម្មករ ៣៤៥នាក់។ អ្នកស្រី​ថា រហូតមកដល់​ថ្ងៃនេះ កម្មករ​មួយចំនួន​នៅ​បន្ត​ដេក​យាម​មុខ​រោងចក្រ​ រង​់ចាំ​ការ​ជួយ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃទី១៥ ខែឧសភា​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​មាន​រោង​ចក្រ​តូច​ៗប្រហែល ១០ កំពុង​ឈាន​ទៅ​រក​ការ​បិទទ្វារ ប៉ុន្តែ លោក​ថា បច្ចុប្បន្ន​ មាន​រោងចក្រ ១ ឬ ២ប៉ុណ្ណោះ ​ដែល​ប្រកាស​បិទ​ទ្វារ​តាម​នីតិវិធី​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ