កម្មករ​​នៅ​​សួន​​កា​ណា​​ឌី​យ៉ា​​បិទ​ផ្លូវ​ ក្រោយ​ពី​​ម្ចាស់​​សួន​មិន​​ឱ្យ​ដឹក​​សម្ភារ​​ដែល​លក់​ឡាយ​ឡុង​​ចេញ​​

កម្មករ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ អ៊ិ​នធើ​ណា​ស្យូ​ណាល់ ហ្វេ​សស៊ិន រ៉ូ​យ៉ា​ល់ (INTERNATIONAL FASHION ROYAL CO​., LTD​) នៅ​សួន​ឧស្សាហ​កម្ម​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុង​សង្កាត់​ចោមចៅ តវ៉ាបិទផ្លូវដើម្បីសុំម្ចាស់សួនអនុញ្ញាតឱ្យអ្នកទិញសម្ភារលក់ឡាយឡុងពីរោងចក្រ ដឹកសម្ភារចេញពីរោងចក្រ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កម្មករ​-កម្មការិនី​រោងចក្រ​មួយ​នៅ​សួន​ឧស្សាហ​កម្ម​កា​ណា​ឌី​យ៉ា ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ បាន​នាំគ្នា​តវ៉ា​បិទផ្លូវ​ចូល​សួន​មួយ​នេះ​រយៈពេល ៤ម៉ោង ដើម្បី​ទាមទារ​ទៅ​ម្ចាស់​សួន​ឱ្យ​មានការ​អនុញ្ញាត​ដឹក​អីវ៉ាន់​ដែល​លក់​ឡាយឡុង​ចេញពី​ក្រុមហ៊ុន។

លោក ប៊ូ ថេត ដែល​អះអាង​ថា ជាតំណាង​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ អ៊ិ​នធើ​ណា​ស្យូ​ណាល់ ហ្វេ​សស៊ិន រ៉ូ​យ៉ា​ល់ (INTERNATIONAL FASHION ROYAL CO​., LTD​) នៅ​សួន​ឧស្សាហ​កម្ម​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុង​សង្កាត់​ចោមចៅ​ បាន​រៀបរាប់​ប្រាប់​វី​អូ​ឌី​កន្លែង​តវ៉ា​ថា កាលពី​ពីរ​ខែមុន ថៅកែ​រោងចក្រ​មួយ​នេះ បា​នប្រ​កាសបិទ​ទ្វារ​រោងចក្រ ដោយ​ពុំ​មាន​លុយ​បើកប្រាក់​ឈ្នួល និង​ទូទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗជូន​កម្មករ​ឡើយ។

តំណាង​កម្មករ​រូប​នេះ​បន្ត​ថា បន្ទាប់ពី​គ្មាន​លទ្ធភាព​ដោះស្រាយ​សំណង​ជូន​កម្មករ គឺ​ថៅកែ​រោងចក្រ អ៊ិ​នធើ​ណា​ស្យូ​ណាល់ ហ្វេ​សស៊ិន រ៉ូ​យ៉ា​ល់ បានសម្រេច​ឱ្យក្រុម​កម្មករ​លក់​អីវ៉ាន់ និង​សម្ភារ​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​នោះ ដោះស្រាយ​សំណង​ជូន​កម្មករ។

លោក ប៊ូ ថេត បន្ថែម​ថា ក្រោយ​តវ៉ា និង​ដេក​យាម​មុខ​រោងចក្រ​ជាង ២ខែ​រួចមក គឺ​កាលពី​សប្តាហ៍​មុន​នេះ ក្រុម​កម្មករ​សម្រេច​លក់​អីវ៉ាន់ និង​សម្ភារ​ទាំងអស់​របស់​ក្រុមហ៊ុន ដោយ​ទទួល​បាន​កម្រៃ​ជាង ១១ម៉ឺន​ដុល្លារ ដើម្បី​បែងចែក​ទៅ​ឱ្យកម្មករ ៩៣៩នាក់ ប៉ុន្តែ​ លោក​ថា បន្ទាប់ពី​ក្រុម​កម្មករ​លក់​បាន គឺ​ម្ចាស់​សួន​កា​ណា​ឌី​យ៉ា​មិន​អនុញ្ញាត​ឱ្យ​អ្នកទិញ​ដឹក​អីវ៉ាន់ និង​សម្ភារ​ទាំងនោះ​ចេញពី​រោងចក្រ​ឡើយ។

លោក​បន្ថែម​ថា៖ «ដោយសារ​ម្ចាស់​សួន​មិន​អនុញ្ញាត​ឱ្យអ្នកទិញ​សម្ភារ​ហ្នឹង​ដឹក​អីវ៉ាន់​ចេញ ដោយ​គាត់​ឱ្យ​រង​់ចាំ​ថ្ងៃនេះ ថ្ងៃ​នោះ។ ដល់​អីចឹង ​ធ្វើឱ្យកម្មករ​យើង​ពិបាក ​មិន​អាច​រង់​ចាំ​បានទេ។ អីចឹង​ហើយ​បាន​ជា​ពួក​ខ្ញុំ​មក​ទាំងអស់គ្នា ដើម្បី​តវ៉ា​សុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទៅ​ខាង​ម្ចាស់​សួន​ឱ្យអនុញ្ញាត​ឱ្យមានការ​ដឹក​អីវ៉ាន់​ចេញទៅ គឺ​ឈ្មួញអ្នកទិញ​ហ្នឹង​គេយក​លុយ​មក​ដើម្បី​បើកប្រាក់ខែ​ជូន​កម្មករ​ហើយ»។

កម្មការិនី​ដែល​អះអាង​ថា បម្រើការ​ងារនៅ​រោងចក្រ អ៊ិ​នធើ​ណា​ស្យូ​ណាល់ ហ្វេ​សស៊ិន រ៉ូ​យ៉ា​ល់​រយៈពេល ៥ឆ្នាំ ​អ្នកស្រី សាបាន ធារី ប្រាប់​វី​អូ​ឌី​កន្លែង​តវ៉ា​ថា ការ​លក់​អីវ៉ាន់ និង​សម្ភារ​របស់​ក្រុមហ៊ុន​នោះ គឺ​អាច​ទូទាត់​បាន​សម្រាប់​តែ​ប្រាក់ឈ្នួល​ចុងក្រោយ​របស់​កម្មករ​ប៉ុណ្ណោះ ដោយ​មិន​អាច​ទូទាត់​អត្ថ​ប្រយោជន៍​ផ្សេង​ៗរបស់​កម្មករ​បាន​ឡើយ។

កម្មការិនី​រូប​នេះ ​អះអាង​ថា មូលហេតុ​ដែល​ម្ចាស់​សួន​ឧស្សាហ​កម្ម​កា​ណា​ឌី​យ៉ា​មិន​អនុញ្ញាត​ឱ្យឈ្មួញដឹក​អីវ៉ាន់ និង​សម្ភារ​របស់​ក្រុមហ៊ុន​ចេញ​នោះ គឺ​ដោយសារ​ថៅកែ​រោងចក្រ​នៅ​ជំពាក់​ថ្លៃ​ជួល​អាគារ​ប្រមាណ ១ម៉ឺន ៨ពាន់​ដុល្លារ​ទៀត។

អ្នកស្រី សាបាន ធារី លើកឡើង​ថា រយៈពេល​កម្មករ​តវ៉ា និង​ដេក​យាម​មុខ​រោងចក្រ ​រង់​ចាំ​ដំណោះស្រាយ​នោះ ​គឺ​ពួក​គាត់​ជួប​ការ​លំបាក​ច្រើនណាស់ ដោយ​ពុំ​មាន​លុយ​ចាយវាយ​ប្រចាំថ្ងៃ គ្មាន​លុយ​បង់​បន្ទប់​ជួល ទឹក​ភ្លើង និង​ថ្លៃ​បង់​សង​ធនា​គារ​ ជាដើម។

អ្នកស្រី​បន្ថែម​ថា៖ «ពេល​ថៅកែ​អត់បើ​កលុយ​ឱ្យអីចឹង គឺ​ពួក​ខ្ញុំ​ខ្វះខាត​ខ្លាំង​ណាស់។ ចងការ​លុយ​គេ​យក​មក​ចាយ​បណ្ដោះអាសន្ន​សិន យក​មក​បង់ថ្លៃ​ផ្ទះ ទឹក​ភ្លើង។ ហើយ​ឥលូវ​ ម្ចាស់​សួន​កា​ណា​ឌី​យ៉ា​ហ្នឹង​គាត់​អត់​ឱ្យឈ្មួញដឹក​អីវ៉ាន់​ចេញ អីចឹង​វា​រឹតតែ​ធ្វើឱ្យពួក​ខ្ញុំ​ពិបាក​កាន់តែ​ខ្លាំង។ ម្ចាស់​សួន​អត់​ឱ្យដឹក​អីវ៉ាន់​ចេញ​ហ្នឹង ​ដោយសារ​ថៅកែ​ជំពាក់​លុយ​គាត់ ហើយ​ម្ចាស់​សួន​ហ្នឹង​សុំ​កាត់​លុយ​ពី​កម្មករ​ខ្លះ​ចំនួន ១ម៉ឺន ៨ពាន់​ដុល្លារ បើ​គាត់​កាត់ទៀត ​ពួក​ខ្ញុំ​អត់​បាន​អីសោះ»។

វី​អូ​ឌី​មិនទាន់​អាច​រក​ការ​សុំ​ឆ្លើយតប​ពី​តំណាង​ម្ចាស់សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​បានទេ ​ពាក់ព័ន្ធ​ករណីនេះ។

មន្ត្រី​ខណ្ឌ​ពោធិ៍សែនជ័យ​ដែល​ប្រាប់​ថា​ ឈ្មោះ លី ដែល​ចុះ​ឃ្លាំមើល​ការ​តវ៉ា​នេះ មានប្រសាសន៍​ថា លោក​បាន​ត្រឹមតែ​ឃ្លាំមើល និង​សម្របសម្រួល​កុំឱ្យកើតមាន​អំ​ពើ​ហិង្សា​ផ្សេង​ៗប៉ុណ្ណោះ។ លោក​ថា តួនាទី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ គឺ​ថ្នាក់លើ និង​ក្រសួងការងារ។

អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះ​បណ្ដាលវិជ្ជាជីវៈ ​លោក ហេង សួរ ប្រាប់​វី​អូ​ឌីតា​មប្រព័ន្ធ Telegram ថា មន្ត្រី​អធិការ​ការងារ និង​គណៈកម្មការ​ដោះស្រាយ​កូដកម្មបាតុកម្ម​គ្រប់មុខ​សញ្ញា កំពុង​ចុះ និង​សម្របសម្រួល​ដោះស្រាយបញ្ហា​នេះ​ហើយ។

កាលពី​ថ្ងៃទី៨ ខែឧសភា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) បាន​សុំ​ទៅ​ម្ចាស់​អគារ​ទាំងអស់​ដែល​កំពុង​ជួល​កន្លែង​ឱ្យរោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា ចុះថ្លៃ​ឈ្នួល​យ៉ាងតិច ៣០ភាគរយ​ រយៈពេល ៣ខែ ទៅ ៦ខែ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​រោងចក្រ។

សមាគម​មួយ​នេះ​លើកឡើង​ថា ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ផ្សេងទៀត​ធ្វើ​នៅ​កម្ពុជា ​កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ១៩ ដោយ​ថា ការ​ចំណាយ​របស់​រោងចក្រ​ទៅលើ​ថ្លៃជួល​អគារ និង​ទីតាំង​ ក៏​ជា​បន្ទុក​ចំណាយ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែរ ខណៈ​ដែល​សមាជិក​របស់​ខ្លួន​កំពុង​រងគ្រោះ​ដោយសារ​ការលុបចោលនៃ​ការ​បញ្ជាទិញ​ជាច្រើន និង​គ្មាន​ការ​បញ្ជាទិញ​ថ្មីទៀត​នោះ។

GMAC អះអាង​ថា ការ​ចុះថ្លៃ​ឈ្នួល​របស់​ម្ចាស់​អគារ និង​ម្ចាស់​ទីតាំង ​នឹងអាច​ជួយ​សម្រាល​​បន្ទុក​នៃការចំណាយ​របស់​រោងចក្រ និង​ចូលរួម​ចំណែក​ស្តារ​សេដ្ឋកិច្ច​នៅ​កម្ពុជា ដើម្បី​ទ្រ​ទ្រង់​វិស័យមួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ