ប្រទេស​​ជាង​១​រយ​​រាប់​ទាំង​​រុស្ស៊ី​ ជំរុញ​​ការ​ស៊ើប​អង្កេត​​លើ​​ជំងឺ​​កូ​វីដ​១៩​នៅ​​ចិន​​

(ឆ្វេង) ប្រធានាធិបតីចិន លោក ស៊ី ជីងពីង (កណ្ដាល) លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង(ស្ដាំ) ប្រធានាធិបតីរុស្ស៊ី ពូទីន។ (វេបសាយបរទេស)

ប្រទេស​ចំនួន ១១៦ រាប់ទាំង​រុស្ស៊ី បាន​គាំទ្រ​សំណើ​របស់​អឺរ៉ុប​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ លើ​ប្រភព​នៃ​វីរុស​កូ​វីដ១៩ នៅ​ទីក្រុង​វូហាន ដើម្បី​បិទ​បញ្ចប់​ភាព​ចម្រូង​ចម្រាសនានា លើ​មូលហេតុ​នៃ​ការ​សាយ​ភាយ​របស់​មេរោគ​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង ៣សែន​នាក់នៅ​ជុំវិញ​សកលលោក។

ការជំរុញ​នេះ ធ្វើឡើង​នៅ​អំឡុង​កិច្ចប្រជុំ​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី៧៣ រៀបចំឡើង​តាម​ប្រព័ន្ធ​អន​ឡា​ញនៅ​ថ្ងៃម្សិលមិញ និង​នៅ​ថ្ងៃអង្គារ​ទី១៩ ខែឧសភា​នេះ ដោយមាន​ប្រទេស​ជាស​មា​ជិ​កចូលរួម​ទាំងអស់​ចំនួន ១៩៤ប្រទេស។

តាម​កាសែត​អូស្ត្រាលី DailyTelegraph ចុះផ្សាយ​នៅ​ថ្ងៃម្សិលមិញ​ ឱ្យ​ដឹង​ថា ប្រទេស​ចំនួន ១១៦នោះ មាន​រាប់ទាំង​រុស្ស៊ី អូស្ត្រាលី អង់គ្លេស ជប៉ុន និង​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ទាំងអស់ បាន​បោះឆ្នោត​គាំទ្រ​លើ​សំណើ​ឱ្យ​មានការ​ចុះ​ស៊ើបអង្កេត​ជា​លក្ខណៈ​អន្តរជាតិ​លើ​ជំងឺ​កូ​វីដ១៩ ស្នើ​ដោយ​សហភាព​អឺរ៉ុប​ទៅដល់​អង្គ​មហាសន្និបាត។ 

សំណើ​នេះ​ដែរ ធ្វើឡើង​ដើម្បី​បិទ​បញ្ចប់​បញ្ហា​ដ៏​ចម្រូង​ចម្រាស​រវាង​សហគមន៍​អន្តរជាតិ រួមមាន​ប្រទេស​លោកខាងលិច និង​អាមេរិក ជាមួយ​រដ្ឋាភិបាល​ចិន ទាក់ទង​ការចោទប្រកាន់​ថា ចិន​បាន​ប្រព្រឹត្តកំហុស​នាំ​ឱ្យ​រីកសាយ​ភាយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចេញពី​មន្ទីរ​ពិសោធ​ក្រុង​វូហាន។

ថ្លែង​នៅ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ប្រធានាធិបតី​ចិន លោក ស៊ី ជីង​ពីង គាំទ្រ​ការស៊ើបអង្កេត​ជាសកល​ទៅលើ​មេរោគ ប៉ុន្តែ លោក​ថា កិច្ចការ​នេះ​គួរតែ​ត្រូវ​រង់​ចាំ​រហូតដល់​ស្ថានភាព​រាតត្បាត​លើ​ពិភពលោក​ស្ងប់ស្ងាត់​សិន ហើយ​លោក​ស្នើ​ឱ្យ​ប្រទេស​នានា​គួរ​ផ្តោត​លើ​ការ​ជួយសង្គ្រោះ​ជីវិត​មនុស្សជា​កិច្ចការ​បន្ទាន់​បំផុត។ 

លោក ស៊ី មានប្រសាសន៍​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​លើ Facebook កាសែត Xinhua ថា៖ «ចិន​គាំទ្រ​គំនិត​ចូលរួម​ជាស​កល​លើ​ការ​ត្រួតពិនិត្យ​សារឡើងវិញ​ឱ្យ​បាន​ជាក់ច្បាស់​ទៅលើ​មេរោគ​កូ​វីដ១៩ ក្រោយ​មេរោគ​នេះ​អាច​គ្រប់គ្រង​បាន ហើយ​ដើម្បី​បង្កើន​បទ​ពិសោធ និង​ការ​ដាន​ឱ្យ​មានប្រសិទ្ធភាព កិច្ចការ​នេះ​គួរ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែក​តាម​វិទ្យាសាស្រ្ត និង​បទដ្ឋាន​វិជ្ជាជីវៈ ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក ហើយ​ធ្វើឡើង​ដោយ​ឥត​លម្អៀង»។

យ៉ាងណា កន្លងមក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​យល់ព្រម​ឱ្យ​ក្រុម​អ្នកជំនាញ​របស់​អង្គការសុខភាព​ពិភពលោក (WHO) ធ្វើការ​ជាមួយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​វេជ្ជ​សាស្រ្ត​របស់​ចិន​លើ​បញ្ហា​មេរោគ​រាតត្បាត​សកល ប៉ុន្តែ ប្រធាន​អង្គការ​អន្តរជាតិ​មួយ​នេះ គឺ​លោក Tedros Adhanom ត្រូវ​បាន​អាមេរិក​ប្រកាស​ដក​សេចក្តី​ទុកចិត្ត​ក្នុង​កិច្ចការ​នេះ។

លោក ត្រាំ បាន​ចោទ​លោក Tedros ថា ជា​អាយ៉ង​របស់​ចិន ធ្វើការ​លម្អៀង​ទៅ​រក​ចិន និង​បាន​ជួយ​បិទបាំង​ព័ត៌មាន​ពិត​អំពី​ស្ថាន​ការណ៍​រីក​រាលដាល​នៃ​មេរោគ​រាតត្បាត​ក្នុង​ប្រទេស​ចិន នៅពេល​មេរោគ​នេះ​ផ្តើម​ឆ្លង​រាតត្បាត​គ្រាដំបូង ហើយ​លោក​សម្រេច​កាត់​ផ្តាច់​ជំនួយ​ទៅដល់​អង្គការ​នេះ​ទាំងស្រុង។

របាយការណ៍​ស៊ើបអង្កេត​លើ​កិច្ចការ​របស់​អង្គការ WHO ចេញ​នៅ​ថ្ងៃទី១៨ ខែឧសភា លើកឡើង​ថា អង្គការ WHO នៅ​ចិន បាន​ខកខាន​ធ្វើ​សេចក្តី​រាយការណ៍​ពី​ស្ថាន​ការ​ណ៍ចម្លង​របស់​មេរោគ​ជាក់ស្តែង​នៅ​ក្រុង​វូហាន និង​យឺត​យ៉ាវ​ក្នុង​ការប្រកាស​ថា​ មេរោគ​នេះ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។

របាយការណ៍​កម្រាស់ ៤ទំព័រ​របស់​លោក ដូ​ណាល់ ត្រាំ បន្ថែម​ថា WHO បាន​មិន​អើពើ​លើ​ព័ត៌មាន​លេចឡើង​ពី​ជំងឺរាតត្បាត​នៅ​វូហាន បើ​ទោះជា​មាន​គ្រូពេទ្យ​ចិន​ម្នាក់​បង្ហាញ​ពី​ភស្តុតាង​ដែល​បញ្ជាក់​ថា មេរោគ​នេះ​ផ្ទុះឡើង​មុន​ពេល​ករណី​ដំបូង​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដោយមាន​អ្នកជំងឺ​ប្រមាណ ១៨០នាក់​បាន​ឆ្លង​ក្តី។ 

កន្លងមក អាមេរិក និង​អឺរ៉ុប បាន​ទាមទារ​ឱ្យ​ចិន​បើកផ្លូវ​ដល់​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ​ចុះទៅ​ទីក្រុង​វូហាន ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​ដើម​នៃ​មេរោគ​កូ​វីដ១៩។ បន្ថែម​ពីនេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ បាន​ស្តី​បន្ទោស​ចិន​ដែល​បាន​ប្រព្រឹត្តកំហុស​នាំ​ឱ្យ​មេរោគ​រីកសាយ​ភាយពាសពេញ​ពិភពលោក និង​គំរាមកាត់​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទាំងស្រុង។

យ៉ាងណា ការ​ទាមទារ និង​ការចោទប្រកាន់​ទាំងនេះ ត្រូវ​បាន​ចិន​បដិសេធ និង​ច្រានចោល ហើយ​ស្នើ​ឱ្យ​អាមេរិក​គួរ​រួមដៃគ្នា​ជាមួយ​ចិន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​វិញ រួច​ឈប់​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ភាគី​ដទៃ ដើម្បី​កេង​ចំណេញ​ប្រយោជន៍​នយោបាយ​ក្នុង​ប្រទេស​ខ្លួន។

គិត​ត្រឹម​ថ្ងៃអង្គារ​ ទី១៩ ខែឧសភា​នេះ ជំងឺ​កូ​វីដ១៩ បាន​សម្លាប់​មនុស្ស​អស់​ជិត ៣សែន ២ម៉ឺន​នាក់ និង​ឆ្លង​ដល់​មនុស្ស​ជិត ៥លាន​នាក់ នៅ​ប្រទេស និង​ដែនដី​ចំនួន ២១៣ បន្ទាប់ពី​ករណី​ដំបូងបង្អស់​ផ្តើម​ផ្ទុះឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហឺប៉ី ប្រទេស​ចិន កាលពី​ចុងឆ្នាំ២០១៩។ អាមេរិក រុស្ស៊ី និង​ប្រទេស​ធំៗ​ជាច្រើន​នៅ​អឺរ៉ុប កំពុង​ទទួលរង​ការវាយប្រហារ​ពី​មេរោគ​ធ្ងន់ធ្ងរ​ជាងគេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ