ពលរដ្ឋ​​ចាប់​ផ្តើម​​បើក​​អាជីវកម្ម​​ប្រក្រតី​​ឡើង​វិញ​ និង​​នាំ​គ្នា​​ដើរ​​កម្សាន្ត​នៅ​​តាម​​ខេត្ត​​

ស្ត្រីម្នាក់ដើរតាមចិញ្ចើមផ្លូវក្បែរទីតាំងលក់ដូរមួយក្នុងផ្សារនៅសង្កាត់ចាក់អង្រែក្រោម ក្រុងភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​ដំណើរការ​អាជីវកម្ម និង​ដើរកម្សាន្ត​ជាប្រក្រតី​ឡើងវិញ បន្ទាប់ពី​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទាំងអស់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​កម្ពុជា​មិនបាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​អស់​រយៈពេល​ជាង ១ខែ​មក​ហើយ​នោះ។

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កើតឡើង​លើ​មនុស្ស ១២២នាក់​នៅ​ទូទាំង​ប្រទេស ​ចាប់តាំងពី​ចុងខែ​មករា​រហូតដល់​ថ្ងៃទី១២ ខែមេសា ជា​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​ពី​ករណី​ឆ្លង​ចុងក្រោយ​បំផុត។

នៅពេល​កម្ពុជា​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លងវីរុស​នេះ​កាន់តែ​ច្រើន​នៅក្នុង​ខែមីនា​កន្លងមក រដ្ឋាភិបាល​បានសម្រេច​ហាមឃាត់​ការ​ជួបជុំ​នានា​ដែល​ប្រមូលផ្ដុំ​មនុស្ស​ច្រើន បិទ​អាជីវកម្ម​សេវា​កម្សាន្ត​ផ្សេង​ៗបណ្ដោះអាសន្ន ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី និង​ដាក់​បម្រាម​លើ​ការ​ធ្វើដំណើរ​អស់​រយៈ​ពេលមួយ​សប្ដាហ៍​អំឡុង​ពេល​ចូលឆ្នាំ​ថ្មី។

ប៉ុន្តែ ក្រសួងសុខាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​កន្លងមក​នេះ​ថា កម្ពុជា​គ្មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​ទៀត​នោះ​ឡើយ បន្ទាប់ពី​ស្ត្រី​ម្នាក់​វ័យ ៣៦ឆ្នាំ ជា​អ្នកជំងឺ​ចុងក្រោយ​គេ​ដែល​ត្រូវ​បាន​ផ្ទេរ​មក​ពី​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​នោះ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ។

ពលរដ្ឋ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​មើលឃើញ​ពី​សកម្មភាព​វិលត្រឡប់​មកវិញ​ជា​បណ្ដើរៗនៃ​អាជីវកម្ម​នានា និង​សកម្មភាព​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

អាជីវករ​ម្នាក់​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ អ្នកស្រី កែវ ណៃ និយាយ​ថា ប្រហែលជា​ជិត​មួយ​សប្តាហ៍​កន្លងមក​នេះ នៅ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដើរកម្សាន្ត និង​ចូល​ញ៉ាំកន្លែង​គាត់​លក់ដូរ​ប្រហែលជា ៧០ភាគរយ។ ករណីនេះ អ្នកស្រី​ថា ធ្វើឱ្យ​គាត់​លក់ដូរ​​ធម្មតា​វិញ​ហើយ។

អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ​គិតថា វា​ធម្មតា​វិញ​ហើយ​ក្មួយ! លក់ដូរ​មធ្យម គ្រាន់បើ​ជាង​មុន ពីមុន​ស្ងាត់​ភ្ញៀវ​ជំនាន់​កូ​វីដ១៩»។

អ្នកស្រី កែវ ណៃ បន្ត​ថា ការលក់ដូរ​របស់​គាត់​ក៏បានអនុវត្តវិធានការការ​ពារ​សុវត្ថិភាព​ខ្លួនឯង ដោយ​ពាក់​ម៉ាស់ និង​អនាម័យ​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ទៀតផង។

អ្នក​ប្រកបរបរ​លក់ដូរ​ចល័ត​តាម​ចិញ្ចើម​ផ្លូវ លោក ឆៃ ស្នា និយាយ​ថា ក្រោយពី​ក្រសួងសុខាភិបាល​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ជាសះស្បើយ និង​រក​មិនឃើញ​អ្នក​ឆ្លង​ថ្មី​នោះ លោក​សង្កេតឃើញ​ថា នៅ​តាម​ហាង​ម៉ាស្សា និង​ស្ទីម​សូ​ណាមួយ​ចំនួន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ផង​ដែរ។

លោក​មានប្រសាសន៍​ថា៖ «និយាយរួម​ទៅ វា​ចេះតែ​បារម្ភ​ដែរ មិនដឹង​អ្នកណា​ចូល​ [ម៉ាស្សា​] ខ្លះ បើសិនជា​បិទ​ភាគច្រើន វា​អាច​អត់​ឆ្លង ព្រោះ​កន្លែង​ម៉ាស្សា គេ​អត់​ពាក់​ម៉ាស់​ទេ គេ​ចល័ត។ បើ​តាម​កន្លែង​គេ​រកស៊ី​តិចតួច​ គេ​ពាក់​ម៉ាស់ តាមផ្លូវ តាម​អីចឹង​ទៅ និយាយរួម​ទៅ​ បើ​ក្រសួង​គេ​ណែនាំ​ថា ​បិទ ក៏​បិទ​តាម​គាត់​ទៅ ព្រោះ​បើ​យើង​ប្រ​ឆាំ​ង វា​ខុសច្បាប់»។

អ្នក​រត់តាក់ស៊ី​នៅ​ម្តុំ​ផ្សារ​ដើម​គ លោក តែម សា​រ័ត្ន និយាយ​ថា នៅ​ចុង​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​នាំគ្នា​ឡើងចុះ​ភ្នំពេញ និង​អ្នកខ្លះ​ទៀត​នាំគ្នា​ធ្វើដំណើរ​តាម​រថយន្ត​ឯកជន ដើម្បី​ដើរ​កម្សាន្តនៅ​ខេត្តកំពត​ផង​ដែរ។ ករណីនេះ ​ធ្វើឱ្យគាត់​ងាយស្រួល​រកលុយ​ទ្រទ្រង់​ជីវភាព​គ្រួសារ។

លោក​និយាយ​ថា៖ «ការ​ដើរទៅ ធ្វើដំណើរ​ទៅ រកស៊ី​ទៅ យើង​ក៏បាន​ជាង​មុន​ដែរ​ [ជាង ២ខែមុន] មុន​អត់មាន​អ្នកទិញ អត់មាន​អ្នកលក់អ្នក​ដូរ ឥលូវយើង​មាន​អស់ហើយ [អ្នកដើរ​លេង] ទៅលេង​នៅ​ខាង​កែប ខាង​បូកគោ​ [ភ្នំបូកគោ​] ខាង​រមណីយ​ដ្ឋាន​ទឹកឈូ ខ្សែរ៉ត ដូង​ទេរ និយាយទៅ​ ខាង​ខេត្តកំពត​មាន​ទេសចរ​ច្រើន បើ​ថ្ងៃ​សៅរិ៍ ថ្ងៃអាទិត្យ​ ស្ទះ​នៅ​ស្ពាន​ថ្មី ខេត្តកំពត»។

ម្ចាស់ហាង​ម៉ាស្សា និង​ស្ទីម នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ លោក តាំង រឹត មានប្រសាសន៍​ថា ហាង​លោក​មិនបាន​បើ​កស្ទីមសូ​ណា ដូច​ការ​លើកឡើង​របស់​មតិ​មួយចំនួន​លើកឡើង​នោះ​ទេ ដោយ​គ្រាន់​អនុ​ញាត​ឱ្យបុគ្គលិក​ម៉ាស្សា ឬកោសខ្យល់​ឱ្យ​អ្នក​ដែល​ស្គាល់គ្នា​ជិតខាង​តែប៉ុណ្ណោះ។

លោក​មានប្រសាសន៍​ថា៖ «កូនចៅ​យើង​មក​បណ្តើរ​ៗ ព្រោះ​ឮថា​ដាច់ខែ​នេះ គេ​ឱ្យ​បើក​ [ហាង​ម៉ាស្សា ស្ទីម​សូ​ណា​] ដែរ បើ​និយាយ​ឱ្យយើង​បើ​កស្ទីម …អត់​ទាន់​បើក​ទេ ហើយ​មុននឹង​ខ្ញុំ​ទទួល​ពីរ​ទៅ​បី​នាក់​ដែល​អ្នកជិតខាង ខ្ញុំ​មើល​គេ​បើក​ច្រើនណាស់ គ្រប់កន្លែង ​[ហាង​ម៉ាស្សា និង​ស្ទីម​សូ​ណា​ផ្សេង​] គេ​បើក​អស់ហើយ ភោជនីយដ្ឋាន​អី ដល់​ចឹ​ងយើង​ដាក់​តែម្នាក់ពីរ​នាក់​ដែល​ថា​ម៉ូយ​ជិតៗ​ហ្នឹង បើ​ឱ្យចំហ ​យើង​អត់បើ​កទេ»។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ចុះផ្សាយ​កាលពីម្សិលមិញ​ថា ក្រោយពី​ក្រសួងសុខាភិបាល​រក​មិនឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ និង​ព្យាបាល​ជាសះស្បើយ​ទាំងអស់​នៅ​កម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋ និង​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​មួយចំនួន​ភ្លេច​ខ្លួន ខ្វះ​ការ​ប្រុងប្រយ័ត្ន រួម​ទាំង​ភ្ញៀង​ផង​ដែរ។ ករណីនេះ សាលា​រាជធានីអំពាវនាវ​ទៅ​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ទាំងអស់​ ត្រូវ​គោរព​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ស្តី​ពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ១៩ តាមរយៈ​ដាក់​អាល់កុល ឬជែល​សម្រាប់​លាងដៃ​នៅមុខ​ច្រកចេញ​-ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កម្តៅ​ភ្ញៀវ​មុននឹង​អនុ​ញ្ញាត​ឱ្យចូលក្នុង​ទីតាំង​របស់​ខ្លួន ហើយ​ត្រូវ​រក្សា​គម្លាត​សង្គម​ឱ្យបាន​ត្រឹមត្រូវ​ជាដើម។

សាលា​រាជធានី​ព្រមាន​ថា បើ​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ណាមិន​អនុវត្ត​តាម​ការណែនាំ​នេះ​ទេ រដ្ឋបាល​រាជធានី​នឹង​បិទ​អាជីវកម្ម​នោះ​ជា​បណ្តោះអាសន្ន។

យ៉ាងណា ​ក្នុង​សេចក្តី​ជូនដំណឹង​នោះ មិនឃើញ​សរសេរ​ហាម​ដល់​ម្ចាស់ហាង​ម៉ាស្សា និង​ស្ទីមសូ​ណា មិន​ឱ្យបើក​អាជីវកម្ម​របស់​ខ្លួន​នោះ​ទេ។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បានទេ​នៅ​ល្ងាចម្សិលមិញ​នេះ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ មានប្រសាសន៍​ថា កន្លែង​ហាង​មួយចំនួន​ដែល​ក្រសួង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យផ្អាក​ដំណើរការ​បណ្តោះអាសន្ន​នោះ លោក​ថា បើ​មិន​គោរព​តាម​ការណែនាំ​របស់ក្រ​សួង​ទេ អាជ្ញាធរ​ដែនដី​មាន​សិទ្ធិ​ចាប់បង្ខំ​ឱ្យអនុវត្ត​តាម​នីតិវិធី​ច្បាប់។

លោក​មានប្រសាសន៍​ថា៖ «នីតិវិធី ​[បំរាម​] របស់ក្រ​សួង​នៅតែ​ដដែល​ យើង​អត់​ទាន់បាន​ផ្លាស់​ប្តូរ​ទេ ហើយ​សុំ​អាជ្ញាធរ​ដែល​ជា​គណៈកម្មការ​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការធ្វើការការ​ពារ ​គ្រប់គ្រង​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។ ធម្មតា​ អាជ្ញាធរ​ដែន​ដី គាត់​មានច្បាប់​ហើយ អ្នកណា​មិន​គោរពច្បាប់​ ត្រូវ​ធ្វើ​យ៉ាងម៉េច»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនភ្លេចខ្លួន​ការពារ​សុខភាព ដោយ​ចាប់ផ្តើម​ដើរកម្សាន្ត​នៅ​តាម​រមណីយ​ដ្ឋាន​នានា បន្ទាប់ពី​កម្ពុជា​ព្យាបាល​អ្នក​ឆ្លង​កូ​វីដ​ជាសះស្បើយ​អស់ និង​មិន​មាន​ករណី​ឆ្លង​ថ្មី។

ដោយឡែក ការ​បើកហាង​ម៉ាស្សា និង​ស្ទីម​សូ​ណា ក្រសួងសុខាភិបាល​ត្រូវ​ហៅ​ម្ចាស់ហាង​ទាំងនោះ​ទៅ​ពិភាក្សា​គ្នា​រក​វិធី​បង្ការ ឬទប់ស្កាត់​កុំ​ឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩។

លោក​ផ្តល់​ជា​អនុសាសន៍​ថា៖ «មន្ទីរ​សុខាភិបាល​ឃើញ​ហេតុ​ការ​ណ៍ហើយ គួរតែ​មានការ​ណែនាំ ឬក៏​ហៅ​ម្ចាស់​អាជីវកម្ម​ [ម្ចាស់ហាង​ម៉ាស្សា​] ឬក៏​រក​វិធានការ​បង្ការ បើសិនជា​ពួក​គេ​មិន​ជាប់ ឬក៏​មិន​មាន​លក្ខ​ខណ្ឌ​គ្រប់គ្រាន់​នៅក្នុង​បំរាម​របស់​រដ្ឋាភិបាល​ទេ ធ្វើបែប​នេះ​វា​ជា​ប្រយោជន៍​សម្រាប់​អាជីវកម្ម​ផង ហើយ​វា​ប្រយោជន៍​នៅក្នុង​ការ​បង្ការ​ផង ដើម្បី​ការពារ​កុំ​ឱ្យមានការ​ឆ្លង​ [កូ​វីដ១៩]»។

កម្ពុជា​មាន​ករណី​កូ​វីដ១៩ សរុប​ចំនួន ១២២នាក់ (ស្រី ៣៨នាក់​ និង​បុរស ៨៤នាក់​) ដោយ​ក្នុង​នោះ ករណី​កើត​ដំបូងបង្អស់ ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃទី២៧ ខែមករា ​ឆ្នាំ២០២០ លើ​បុរស​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​ពីទី​ក្រុង​វូ​ហាន​មកកាន់​ខេត្ត​ព្រះសីហនុ រហូត​មក​ការ​ឆ្លង​រាលដាល​បន្តបន្ទាប់​សរុប ១២២នាក់​នៅ​កម្ពុជា។

ទោះជា​បែបនេះ​ក្តី គិត​ត្រឹម​ថ្ងៃទី១៦ ខែឧសភា​នេះ ក្រសួងសុខាភិបាល បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ជាសះស្បើយ​ទាំងអស់​សរុប​ចំនួន ១២២នាក់​នោះ​វិញ​ហើយ។ បើ​គិត​ត្រឹម​ថ្ងៃទី១៨ ខែឧសភា​នេះ ក្រសួង​ក៏​មិនទាន់​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៅឡើយ។ ប៉ុន្តែ​ ក្រសួងសុខាភិបាល​នៅតែ​បន្ត​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​នេះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ