ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ប្រាប់ឱ្យពលករ សិស្ស-និស្សិតជាង ១០០នាក់ ឱ្យស្វែងរកការបញ្ជាក់សុខភាពពីក្រសួងសុខាភិបាលម៉ាឡេស៊ីជាមុន មុននឹងពួកគេត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសកំណើតវិញ។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនចុះថ្ងៃទី២១ ខែឧសភា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានប្រាប់ទៅពលករ-ពលការិនី សិស្ស-និស្សិតចំនួន ១៤៣នាក់ ដែលខកខានត្រឡប់មកកម្ពុជាកាលពីថ្ងៃទី៧ ខែមេសាកន្លងមក ហើយពួកគាត់មានគោលបំណងចង់ត្រឡប់មកប្រទេសកំណើតវិញនោះ ត្រូវបញ្ជាក់សុខភាពថាគ្មានជំងឺកូវីដ១៩ ពីអាជ្ញាធរម៉ាឡេស៊ីក្នុងរយៈពេល ៧២ម៉ោងជាមុនសិន។
ស្ថានទូតថា ពលករ-ពលការិនី សិស្ស-និស្សិត ដែលបានត្រឡប់មកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។ ស្ថានទូតដដែលថា ប្រសិនបើការធ្វើតេស្តរកមេរោគអវិជ្ជមាននោះ ពួកគាត់ទាំងអស់គ្នានឹងត្រូវអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមផ្ទះៗរៀងខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយធ្វើតេស្តម្ដងទៀតនៃថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
ស្ថានទូតបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាន និងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលមានគម្រោងបើកជើងហោះហើរឡើងវិញ ម៉ាឡេស៊ី-កម្ពុជា នៅក្នុងខែកក្កដាខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមេសា បានថ្លែងថា ការមិនអនុញ្ញាតឱ្យពលរដ្ឋខែ្មរចំនួន ១៥០នាក់ ចូលប្រទេសកម្ពុជាក្នុងអំឡុងពេលនេះ ដោយលោកបារម្ភខ្លាចអ្នកទាំងនោះមានផ្ទុកជំងឺកូវីដ១៩។ លោក ហ៊ុន សែន អំពាវនាវទៅពលរដ្ឋខ្មែរទាំង ១៥០នាក់ បន្តស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីសិន ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងប្រទេសពីកូវីដ១៩។
និស្សិតខ្មែរនៅប្រទេសម៉ាឡេស៊ីដែលខកខានក្នុងការត្រឡប់មកកម្ពុជា លោក ស្លះ សាព្រី បានប្រាប់វីអូឌីតាមឆាតនៅថ្ងៃនេះថា លោក និងអ្នកផ្សេងៗទៀតបានដាក់លិខិតឆ្លងដែន សំបុត្រយន្តហោះ និងលិខិតអនុញ្ញាតចេញដោយអាជ្ញាធរម៉ាឡេស៊ី ទៅខាងស្ថានទូតកម្ពុជាហើយ ដោយរង់ចាំតែថ្ងៃជូនដំណឹងឱ្យពួកគាត់ពិនិត្យ និងថ្ងៃត្រឡប់មកកម្ពុជាវិញតែប៉ុណ្ណោះ។
លោកបន្តថា ពួកគាត់ទាំងអស់គ្នាមិនមានប្រាក់សម្រាប់ចំណាយថ្លៃពិនិត្យសុខភាពនោះទេ ប៉ុន្តែ លោកថា ពួកគាត់បានស្នើសុំស្ថានទូតឱ្យជួយដោះស្រាយចំពោះរឿងនេះរួចហើយ។
លោក ស្លះ សាព្រី ប្រាប់ថា៖ «សំបុត្របញ្ជាក់សុខភាព គឺពួកខ្ញុំបានសុំទៅស្ថានទូត ឱ្យគាត់ជួយដោះស្រាយឱ្យអ៊ីចឹង ព្រោះថា ពួកយើងមិនដឹងទៅធ្វើកន្លែងណាអ៊ីចឹង ហើយមិនដឹងធ្វើអស់ប៉ុន្មាន ហើយមិនមានលុយទៀត។ អ៊ីចឹង ពួកយើងបានសុំរួចហើយ ហើយស្ថានទូតគេថា ចាំដោះស្រាយឱ្យ គេថាអ៊ីចឹង។ រាល់ថ្ងៃ យើងចាំចម្លើយពីស្ថានទូត គាត់ប្រាប់ម៉េច យើងធ្វើអ៊ីចឹង»។
មន្ត្រីគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ចាត់ទុកការជួយអន្តរាគមន៍ជារឿងល្អ ប៉ុន្តែ ប្រសិនរដ្ឋាភិបាលមិនជួយចេញថវិកាលើថ្លៃពិនិត្យសុខភាព និងថ្លៃសំបុត្រយន្តហោះ លោកថា ពួកគាត់នៅតែជាប់នៅប្រទេសម៉ាឡេស៊ីដដែល ដោយសារ ពួកគាត់ម្នាក់ៗគ្មានប្រាក់នោះទេ។
លោក ឃុន ថារ៉ូ ប្រាប់ថា៖ «អ៊ីចឹង ករណីក្នុងបន្ទុកនៃការចំណាយសម្រាប់ទទួលបាននូវការត្រួតពិនិត្យសុខភាព ហើយនិងបន្ទុកនៃការចំណាយទិញសំបុត្រយន្តហោះទៀតហ្នឹង ខ្ញុំគិតថា កាន់តែបន្ថែមបន្ទុកធ្ងន់ធ្ងរដល់ពួកគាត់ទៀត។ អ៊ីចឹង ដំណោះស្រាយហ្នឹង គឺមានតែរាជរដ្ឋាភិបាលទេ ក្នុងការជួយដល់ពួកគាត់ហ្នឹង»។
គិតចាប់ពីចុងខែមករាមក កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាលើមនុស្សសរុប ១២២នាក់នៅទូទាំងប្រទេស ប៉ុន្តែ មនុស្សសរុប ១២២នាក់ ក្រសួងសុខាភិបាលប្រកាសថា ព្យាបាលជាសះស្បើយអស់ហើយ។
ក្រសួងសុខាភិបាលកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបើកឱ្យជនបរទេសមកពីប្រទេសអ៊ីរ៉ុង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារំាង និងអាមេរិក អាចធ្វើដំណើរចូលមកកម្ពុជាបានវិញ បន្ទាប់ពីកម្ពុជារកមិនឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីទៀត៕