តំណាងអតីតបុគ្គលិកសណ្ឋាគារ The Great Duke នាំគ្នាជិត ១០០នាក់ ប្រមូលផ្តុំតវ៉ានៅមុខសណ្ឋាគារ ទាមទារឱ្យពន្លឿនការទូទាត់ប្រាក់អតីតភាពការងារជូនពួកគេជាង ១៥០នាក់ ដើម្បីបញ្ចប់ជម្លោះ។
កាលពីថ្ងៃទី២០ ខែកុម្ភៈក្នុងឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីសម្រេចតម្រូវឱ្យថៅកែសណ្ឋាគារទូទាត់ប្រាក់សំណងចំនួន ៣ចំណុច ទៅតាមការទាមទាររបស់អតីតបុគ្គលិកសណ្ឋាគារនេះ ដែលសេចក្ដីសម្រេចនេះ មិនត្រូវបានភាគីថៅកែអនុវត្តតាមនោះឡើយរហូតមកដល់ថ្ងៃនេះ។
ក្រុមអតីតបុគ្គលិកសណ្ឋាគារ បានប្រមូលផ្ដុំតវ៉ាជាច្រើនលើករួចមកហើយ ហើយក៏បាននាំយកញ្ញត្តិទៅដាក់នៅស្ថាប័ននានារបស់រដ្ឋ ដូចជា ក្រសួងការងារ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ ដើម្បីទាមទារឱ្យភាគីថៅកែសណ្ឋាគារអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល និយាយថា ពួកគេមិនចង់នាំគ្នាប្រមូលផ្តុំតវ៉ានៅមុខសណ្ឋាគារនោះទេ ប៉ុន្តែ លោកស្នើទៅម្ចាស់សណ្ឋាគារពន្លឿនដោះស្រាយជូនពួកគេឱ្យបានឆាប់ ដើម្បីបញ្ចប់ជម្លោះ។
លោកមានប្រសាសន៍ថា៖ «គាត់មិនមែនចង់មកតវ៉ាឱ្យល្បីនៅក្នុងសារព័ត៌មានទេ គាត់ចង់បានលុយ បានលុយហើយគាត់ឈប់ហើយ ខ្ញុំសុំអំពាវនាវថា បើសិនចង់បញ្ចប់ភាពរញ៉េរញ៉ៃ ក្រុមហ៊ុនគួរតែទូទាត់ មានចេតនា មានឆន្ទៈដោះស្រាយបញ្ហាហ្នឹង ទូទាត់សំណងឱ្យកម្មករ វាចប់ហើយ»។
តំណាងអតីតបុគ្គលិកសណ្ឋាគារ The Great Duke អ្នកនាង ឆោម សម្ផស្ស ប្រាប់វីអូឌីនៅថ្ងៃនេះថា ជាង ៥ខែហើយដែលម្ចាស់សណ្ឋាគារមិនព្រមទូទាត់ប្រាក់អតីតភាពការងារជូនពួកគេជាង ១៥០នាក់។ ករណីនេះ ពួកគេនាំគ្នាតវ៉ានៅមុខសណ្ឋាគារ ដើម្បីទាមទារឱ្យថៅកែពន្លឿនការទូទាត់ប្រាក់អតីតភាពការងារជូនពួកគេឱ្យបានឆាប់ ខណៈពួកគេអះអាងថា បច្ចុប្បន្ននេះ កំពុងជួបបញ្ហាប្រឈមនឹងជីវភាពគ្រួសារ។
អ្នកនាង ឆោម សម្ផស្ស និយាយថា៖ «និយាយទៅ បើសិនជាគាត់ [ម្ចាស់សណ្ឋាគារ] មិនចេញមកដោះស្រាយឱ្យសំណងដល់ពួកខ្ញុំទេ គឺទីមួយ យើងបង់ធនាគារ ដូចខ្ញុំជួលផ្ទះគេ ថ្លៃទឹក ភ្លើង ញ៉ាំអី ការចំណាយរាល់ថ្ងៃ វាប៉ះបាល់ខ្លាំង»។
វីអូឌី មិនអាចសុំការបំភ្លឺពីលោក លី តៃសេង និងមេធាវី ២រូបទៀតដែលជាមេធាវីតំណាងភាគីថៅកែសណ្ឋាគារ The Great Duke បានទេនៅរសៀលថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានថ្លែងប្រាប់អតីតបុគ្គលិកទាំងនោះថា នឹងជួយរកដំណោះស្រាយជូនពួកគេនៅសប្តាហ៍ក្រោយនេះ។
លោក ហេង សួរ មានប្រសាសន៍ថា៖ «យើងបានជម្រាបតាំងពីព្រឹកមកថា សុំបងប្អូនរំសាយទៅ ដោយសារតែក្រសួងនឹងខិតខំរកថវិកា ដើម្បីដោះស្រាយជូន [អតីតបុគ្គលិកជាង ១៥០នាក់] មុន ហើយនឹងធ្វើការងារជាមួយម្ចាស់សណ្ឋាគារតាមក្រោយ ហើយពេលវេលាយើងព្យាយាមដោះស្រាយធ្វើម៉េចទូទាត់ជូនបងប្អូននៅសប្តាហ៍ក្រោយ»។
ក្រោយលោក ហេង សួរ បានថ្លែងសន្យាបែបនេះ ក្រុមអតីតបុគ្គលិកសណ្ឋាគារបានសម្រេចរំសាយការតវ៉ា ហើយលោក កុសល ប្រាប់ថា សហជីពរង់ចាំដំណោះស្រាយពីខាងក្រសួងនៅសប្ដាហ៍ក្រោយសិន មុននឹងសម្រេចថា ដាក់ពាក្យបណ្ដឹងទៅតុលាការ ឬយ៉ាងណានោះ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា មានប្រសាសន៍ថា លោកគាំទ្រការសន្យារបស់លោក ហេង សួរ ចំពោះមុខអតីតបុគ្គលិកសណ្ឋាគារ The Great Duke ប៉ុន្តែ លោកថា បើក្រសួងមិនដោះស្រាយតាមការសន្យាទេ នឹងធ្វើឱ្យពួកគេអស់ជំនឿលើក្រសួងផងដែរ។
លោក មឿន តុលា ប្រាប់ថា៖ «បើសិនជាក្រសួងសន្យាហើយ យើងរង់ចាំមើល ថាតើនឹងមានដំណោះស្រាយក្នុងមួយសប្តាហ៍ទៀតអត់ បើសិនអត់ទេ វាអាចធ្វើឱ្យអ្វីដែលជាការសន្យារបស់ក្រសួង វាសាបរលាប សម្រាប់កម្មករ ឬសម្រាប់បុគ្គលិកនិយោជិត»។
ក្នុងការឆ្លើយតបនឹងសំណួរវីអូឌីកាលពីថ្ងៃម្សិលមិញនេះ មេធាវីតំណាងឱ្យថៅកែសណ្ឋាគារ The Great Duke លោក លី តៃសេង បានប្រាប់ថា សណ្ឋាគារនេះ បានបិទទ្វារប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រោយពីរកចំណូលមិនបានដោយសារតែវិបត្តិកូវីដ១៩។
ទោះជាយ៉ាងណា សណ្ឋាគារ The Great Duke ឬអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental) បានប្រកាសបិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ កាលពីឆ្នាំមុន បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ២៣ឆ្នាំ។ ការប្រកាសបិទប្រតិបត្តិការអាជីវកម្មរបស់សណ្ឋាគារនេះ បានកើតឡើងមុនប្រទេសកម្ពុជាប្រកាសរកឃើញករណីឆ្លងវីរុសកូរ៉ូណាដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕