ក្រុមមន្ត្រីការទូតនៃបណ្ដាប្រទេសលោកសេរី រួមទាំងសហរដ្ឋអាមេរិកផង បានបន្តជួបអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា លើកទឹកចិត្តឱ្យបន្តរកលទ្ធភាពសន្ទនានយោបាយជាមួយមេដឹកនាំបក្សកាន់អំណាច ដើម្បីផ្សះផ្សាជាតិ ក្រោយពីមេដឹកនាំទាំងពីរបានជួបគ្នាដ៏កម្រមួយនៅពេលថ្មីៗនេះ ។
សារព័ត៌មានគាំទ្ររដ្ឋាភិបាល Fresh News បានផ្សាយថា លោក កឹម សុខា និងលោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែឧសភា បានជជែកគ្នាប្រហែល ៥០នាទី អំឡុងពេលលោក កឹម សុខា ចូលគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកលោកនាយករដ្ឋមន្ត្រី ដែលតម្កល់នៅភូមិគ្រឹះលោក ស្ថិតនៅជិតវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។
ជំនួបនោះ គ្មានប្រភពព័ត៌មានណាទម្លាយឱ្យដឹងពីប្រធានបទនៃកិច្ចពិភាក្សានោះទេ ក្រៅពីមន្ត្រីស្និទ្ធនឹងលោក កឹម សុខា គឺលោក មុត ចន្ថា បង្ហោះសារលើហ្វេសប៊ុក ១ថ្ងៃបន្ទាប់ក្រោយជំនួប។តាមការអះអាងរបស់លោក មុត ចន្ថា កិច្ចពិភាក្សានោះ មេដឹកនាំកំពូលទាំងពីរ ក្រៅពីសួរសុខទុក្ខគ្នា ក៏បានជជែកពី«ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ»។
ក្រោយជំនួបនេះ៧ថ្ងៃ លោក កឹម សុខា បានប្រកាសជួបមន្ត្រីការទូតនានាឡើងវិញនៅគេហដ្ឋានរបស់លោក ស្ថិតក្នុងខណ្ឌទួលគោក ខណៈដំណើរការសវនាការសំណុំរឿង«ក្បត់ជាតិ»ប្រឆាំងលើរូបលោក បានជាប់គាំងព្រោះតែវិបត្តិកូវីដ១៩។
បើតាមហ្វេសប៊ុកលោក មុត ចន្ថា ជាង ១សប្តាហ៍មកនេះ តំណាងប្រទេសលោកសេរីធំៗយ៉ាងតិច៦ បានចូលសួរសុខទុក្ខលោក កឹម សុខា។ ប្រទេសទាំងនោះមានមហាអំណាចសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ស៊ុយអ៊ែត អូស្ត្រាលី បារំាង និងអាល្លឺម៉ង។
តាមរយៈហ្វេសប៊ុកលោក មុត ចន្ថា ដដែល ជំនួបថ្ងៃទី១៩ ខែឧសភា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy ស្វាគមន៍ការដែលមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កំពុងជាប់បណ្តឹងនៅឡើយនោះ រកពេលជួបពិភាក្សាទល់មុខគ្នា។
លោក Patrick Murphy ចាត់ទុកជំនួបនោះថា «ជាជំហានគួរឱ្យលើកទឹកចិត្តមួយឆ្ពោះទៅរកការផ្សះផ្សាជាតិ»។
ប្រទេសស៊ុយអែតវិញ តាមរយៈឯកអគ្គរាជទូត លោក Bjorn Haggmark បានចាត់ទុកជំនួបមេដឹកនាំទាំងពីរកន្លងទៅថ្មីៗនេះថា «ជាជំហានវិជ្ជមានមួយដែលគួរបន្តមកទៀតដោយវិធានការនានា ដើម្បីពង្រឹងការសន្ទនា និងការផ្សះផ្សា ព្រមទាំងលំហប្រជាធិបតេយ្យ»។
អូស្ត្រាលីវិញក៏បង្ហាញសារប្រហាក់ប្រហែលគ្នាដែរ តាមរយៈឯកអគ្គរាជទូត លោក Pablo Kang បាន «បន្តលើកទឹកចិត្តឱ្យបន្តជួបសន្ទនាដែលមានលក្ខណៈស្ថាបនា និងការគោរព លើបញ្ហាទាំងអស់ដែលជះឥទ្ធិពលដល់ប្រទេសជាតិ»។ អូស្ត្រាលី ក៏ចង់ឃើញការជំនុំជម្រះក្តីលោក កឹម សុខា «ប្រកបដោយយុត្តិធម៌ តម្លាភាព និងមានលក្ខណៈរហ័សរហួន»។
លោក មុត ចន្ថា មិនបានឆ្លើយតបនឹងសំណួររបស់វីអូឌីតាមបណ្ដាញតេឡេក្រាមនោះឡើយនៅថ្ងៃនេះ។
VOD មិនអាចសុំអត្ថាធីប្បាយពីអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅសាររបស់ក្រុមប្រទេសលោកសេរីទាំងនោះ គ្រាន់តែជាមនោសញ្ចេតនាលើកទឹកចិត្តលោក កឹម សុខា ប៉ុណ្ណោះ គ្មានឥទ្ធិពលជំរុញកិច្ចសន្ទនានយោបាយទេ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «ខ្ញុំមើលមិនឃើញការចរចានយោបាយណាមួយ ដើម្បីដោះស្រាយដល់ជនជាប់ចោទទេ ពីព្រោះរឿងនយោបាយវាផ្សេង បញ្ហាផ្លូវច្បាប់វាផ្សេង»។
អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ហៅសារជំរុញរបស់ក្រុមប្រទេសលោកសេរីនេះ ជាការក្រើនរំឭកអ្នកនយោបាយខ្មែរឱ្យប្រកួតអំណាចគ្នាតាមយន្តការប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បង្ហាញការព្រួយបារម្ភថា បើរបត់នយោបាយមិនវិលទៅស្តារប្រជាធិបតេយ្យវិញដូចការលើកឡើងរបស់ក្រុមប្រទេសលោកសេរីទាំងនោះទេ កម្ពុជានឹងប្រឈមហានិភ័យដូចពីអតីតកាល។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «កម្ពុជាអាចនឹងមានភាពឯកោ ពលរដ្ឋអាចនឹងរងគ្រោះ។ អ្នកនយោបាយអាចនឹងប្រឈមមុខដាក់គ្នា មានហឹង្សាដូចពីជំនាន់មុន យើងឃើញហើយ មានផ្ទុះសង្គ្រាមស៊ីវិលអូសបន្លាយរាប់ទសវត្សរ៍ ធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំ បង្ហូរឈាមគ្នាមិនចេះចប់»។
សាស្ត្រាចារ្យនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញការយល់ឃើញថា សារនេះជាសម្ពាធមួយទៀត ក្រៅពីដក EBA ទំហំ ២០ភាគរយ ហើយស្នើដាក់កម្ពុជាក្នុងក្រុមប្រទេសត្រូវតាមដានករណីលាងលុយកខ្វក់ ដើម្បីឱ្យរដ្ឋាភិបាលពិចារណាវិលទៅស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈការចរចាជាមួយបក្សប្រឆាំង។
អ្នកវិភាគនយោបាយរូបនេះ បង្ហាញការព្រួយបារម្ភថា បើរបត់នយោបាយកម្ពុជា មិនឆ្លើយតបទៅនឹងចរន្តលោកសេរីនោះទេ វិធានការច្រើនទៀតនឹងធ្លាក់មកលើកម្ពុជា។
លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា៖ «នៅក្នុងបណ្តាប្រទេសលោកខាងលិចហ្នឹង គេមានវិធីសាស្ត្រច្រើនដែលគេទាក់ទងនឹងបណ្តារដ្ឋនីមួយៗ ហើយគេយកយន្តការហ្នឹងដាក់សម្ពាធរដ្ឋហ្នឹង ឱ្យដើរក្នុងគន្លងមួយឆ្លើយតបទៅនឹងគោលការណ៍ច្បាប់ដែលរដ្ឋហ្នឹងបានចុះកិច្ចព្រមព្រៀង។ ហើយបើអត់ឆ្លើយតបទេ កម្ពុជាអាចប្រឈមនឹងយន្តការរបស់គេហ្នឹង គេដាក់ហើយ»។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីគណបក្សប្រឆាំងមួយនេះ ដណ្តើមបានអាសនៈឃុំ-សង្កាត់ជិតទាន់គណបក្សប្រជាជនដែលកំពុងគ្រប់គ្រងអំណាច។
របត់នយោបាយនេះ ជំរុញឱ្យប្លុកលោកសេរីដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទាមទារឱ្យបក្សកាន់អំណាចវិលទៅរកគន្លងប្រជាធិបតេយ្យវិញ តាមរយៈការឱ្យដោះលែង លោក កឹម សុខា ឱ្យគណបក្សប្រឆាំងបានចូលរួមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ៕