សំណុំ​រឿង​​«រួមគំនិត​ក្បត់»​ចោទ​​លើ​ស​កម្ម​​ជន​​អតីត​​បក្ស​​ប្រឆាំង​៥​នាក់​​នៅ​​ខេត្ត​​ត្បូង​ឃ្មុំ​​ត្រូវ​​បាន​​លើក​ពេល​

លោក សំ សុគង់ សហមេធាវីការពារក្ដី។

​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​អតីត​បក្ស​ប្រឆាំង អះអាង​ថា សវនា​ការ​ជំនុំជម្រះ​សំណុំរឿង​«រួមគំនិតក្បត់»ដែល​ចោទប្រកាន់​ទៅលើ​សកម្មជន ៥នាក់​ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​តុលាការ​សម្រេច​លើកពេល​ហើយ។

សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បាន​ចេញ​ដី​កាដ​ា​ច់​ដោយឡែក​ពីគ្នា កោះហៅ​សកម្មជន ៥នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី២០ ខែឧសភា ជុំវិញ​បទចោទប្រកាន់​«រួមគំនិតក្បត់» ដែល​តុលាការ​ថា ប្រព្រឹត្ត​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​អំឡុង​ចុងឆ្នាំ២០១៨ រហូតដល់​ខែតុលា ឆ្នាំ២០១៩។

លោក សំ សុ​គង់ មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​ទាំង ៥រូប​នោះ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ចៅក្រម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ បាន​យល់ព្រម​លើកពេល​សវនាការ​ទៅ​ថ្ងៃក្រោយ​តាម​សំណើ​របស់​លោក។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​សុំ​ពន្យា​រពេល​សវនាការ ដោយសារ​កូនក្ដី​របស់​លោក​ទាំង ៥នាក់​នោះ ទើប​ទទួល​បាន​ដីកាកោះ​ពី​តុលាការ។

លោក សំ សុខ​គង់ ប្រាប់​ថា៖ «នៅពេល​ដែល​ខ្ញុំ​ទៅ​ជួប​ចៅក្រម​នោះ ចៅក្រម​គាត់​ថា ឱ្យ​តែ​មាន​មូលហេតុ​សមរម្យ គាត់​នឹង​ពន្យារ​ឱ្យ។ ទាក់ទង​នឹង​រយៈពេល​ទទួល​ដីកាកោះ​ហ្នឹង គឺ​មាន​រយៈពេល​ខ្លី អ៊ីចឹង​យើង​តាម​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​ហ្នឹង អ៊ីចឹង​ការ​ទទួល​បាន​ដីកា​របស់​តុលា​ការ ពេលខ្លះ​ជន​ជាប់ចោទ​មាន​សិទ្ធិ​ក្នុង​ការ​សុំ​ពន្យារពេល​សវនាការ ដើម្បី​ទុក​ពេលវេលា​ឱ្យ​បាន​វែង​ត្រៀមខ្លួន និង​រក​ភស្តុតាង​ដោះបន្ទុក»។

លោក សំ សុ​គង់ បន្ត​ថា គិត​ចាប់ពី​ដើមឆ្នាំ២០២០មក មាន​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១២នាក់ ​ត្រូវ​តុលាការ​ចោទប្រកាន់​ពីបទល្មើស​ដាច់ដោយឡែក​ពីគ្នា ដោយ​អ្នកខ្លះ​ត្រូវ​បាន​ចោទ​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ខ្លះទៀត​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ «ញុះញង់​មិន​ឱ្យ​យោធា​ស្ដាប់បង្គាប់» និង បទ«រួមគំនិតក្បត់»

លោក​បន្ត​ថា ក្នុងចំណោម​អ្នក​ទាំង ១២នាក់ គឺ​មាន ១១នាក់ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ និង​ម្នាក់​ទៅ​នៅ​ក្រៅ​ឃុំ​ ដោយសារគាត់​មាន​ជំងឺ​រហូតដល់​ពិការ​មួយ​ចំហៀង​ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ