វិភាគ៖ កំណើន​​អ្នក​ជាប់​​ឃុំ​​ករណី​​គ្រឿង​ញៀន​​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​​បញ្ហា​​អ្វី​ខ្លះ​​?​

ថ្នាក់គ្រប់គ្រងមណ្ឌល ចុះជួបស្ត្រីជាអ្នកជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ (ហ្វេសប៊ុក មណ្ឌលអប់រំកែប្រែទី២ Correctional Centre II)

ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បាន​ប្រកាស​យុទ្ធនាការដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ នូវ​អ្វី​ដែល​ក្រសួង​នេះ​ថា ដើម្បី​ពង្រឹង​សមត្ថភាព​តុលាការ កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ពន្លឿន​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ដែល​កំពុង​ជាប់ឃុំ ។

បើ​តាម​ក្រសួង បញ្ហា​ចម្បងមួយ​ក្នុងចំណោម​បទល្មើស​ជាច្រើន​ទៀត ដែល​ជំរុញ​ឱ្យមាន​យុទ្ធនាការ​នេះ គឺ​សំណុំរឿង​គ្រឿងញៀនខុសច្បាប់។

អនុប្រធាន​តុលាការ​កំពូល លោក ជីវ កេង បាន​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​នា​ពេលនោះ​ថា ការ​កកស្ទះ​សំណុំរឿង វា​បាន​កើតឡើង​ចាប់ពី​ឆ្នាំ២០១៧មក។

ឆ្នាំ២០១៧ ជា​ឆ្នាំ​ដែល​រដ្ឋាភិបាលប្រកាស​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី១ ខែមករា​ទៅ។ ក្រោយពី​មាន​យុទ្ធនាការ​នេះ គេ​សង្កេតឃើញ​ជនសង្ស័យពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀនដែលត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន កើនឡើង​ជាបន្តបន្ទាប់។

របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀនរបស់​រដ្ឋាភិបាល ​បង្ហាញថា នៅ​ឆ្នាំ២០១៨ អ្នក​ជាប់សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀនដែល​បាន​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន​ជាង ១ម៉ឺន ៧ពាន់នាក់ ​(១៧៧៩៥​)។ ចំនួន​នេះ​កើនឡើង​ជាង ៧ពាន់​នាក់ (៧៨៦២​) បើ​ធៀប​នឹង​ឆ្នាំ២០១៧។

របាយការណ៍​ដដែល នៅ​ឆ្នាំ២០១៩ សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន ជិត ១ពាន់ករណី​ (៩៨០៦​) កើនឡើង​ជាង ២២ភាគរយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង ២ម៉ឺន​នាក់​(២០៤៩០​) កើនឡើង​ជាង ២ពាន់​នាក់ ​(២៦៩៥​) បើ​ធៀប​ឆ្នាំ២០១៨។

គិត​ត្រឹម​ថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០២០ សំណុំរឿង​ទូទាំង​ប្រទេស​ជិត ៤ម៉ឺន ​(៣៩១៥២​) ករណី កំពុង​កកស្ទះ​នៅ​តុលាការ ក្នុង​នោះ​សំណុំរឿង​គ្រឿងញៀន​ជាង ៦ពាន់ ​(៦២៦០​) ករណី។ អ្នកជាប់ឃុំ​វិញ​ សរុប​មាន​ជាង ១ម៉ឺន​នាក់ ​(១២៦៥១​) អ្នកជាប់ឃុំ​ក្នុង​សំណុំរឿង​គ្រឿងញៀន​មាន ៦៩០០នាក់ ឬស្មើនឹង​ជាង ៥៤ភាគរយ។

សំណួរ​ត្រង់ថា កំណើន​អ្នកទោស​គ្រឿងញៀនឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​បញ្ហា​អ្វីខ្លះ​?

បញ្ហា​នេះ មន្ត្រី​ជំនាញរបស់​រដ្ឋាភិបាល​ និង​អ្នកឃ្លាំមើល​ខាង​អង្គការ​សង្គម​ស៊ីវិល​ បង្ហាញ​ការយល់ឃើញ​ផ្សេងគ្នា។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនរបស់​រដ្ឋាភិបាល លោក មាស វិ​រិទ្ធ និយាយ​ថា ការ​បង្ក្រាប​បទល្មើស​បាន​ច្រើន បញ្ជូន​ជនសង្ស័យ​ទៅកាត់​ទោស វា​ជា​ជោគជ័យ​របស់​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់​បទល្មើស​គ្រឿងញៀនខុសច្បាប់។

លោក​ថា៖ «ការអនុវត្ត​ផែនការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​យើង ​គឺ​ផ្តល់​នូវ​លទ្ធផល​ជោគជ័យ ជះ​ផល​វិជ្ជមាន​ទៅដល់​សង្គម​មួយ គឺទី១ លុបបំបាត់​ការប្រើ​ប្រាស់​នៅ​ទីកន្លែង​សប្បាយដ្ឋាន (ភោជនីយដ្ឋាន​)។ ទី២ ធ្វើឱ្យ​បទឧក្រិដ្ឋ​មានការ​ថយ​ចុះ ដែល​ធ្វើឱ្យសង្គម​ហាក់​មាន​សន្តិសុខ​សណ្តាប់​ធ្នាប់ ហើយ​មានការ​អភិវឌ្ឍ​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ»។

មន្ត្រី​រដ្ឋាភិបាល​នៅ​ស្ថាប័ន​ជំនាញ​រូប​នេះ និយាយ​ទៀត​ថា យុទ្ធនាការ​ប៉ុន្មាន​ឆ្នាំ​មកនេះ វា​មាន​សញ្ញា​ធ្លាក់ចុះ​បទឧក្រិដ្ឋ ការ​ជួញដូរ និង​ការប្រើ​ប្រាស់​តាម​រង្គសាល​មួយចំនួន។

កាលពី​ឆ្នាំ២០១៩ មានការ​ឆ្មក់​ចូល​រង្គសាល​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដែល​សមត្ថកិច្ច​រឹបអូស​បានសារធាតុ​ញៀន​មួយចំនួន ចាប់​ឃា​ត់​ខ្លួនមនុស្ស​មួយចំនួន ខ្លះទៀត​បញ្ជូន​ទៅ​តុលាការ ក្នុង​នោះ​មាន​ទាំង​អ្នកទទួល​ខុសត្រូវ​អតី​តក្លឹ​បក​ម្សាន្ត​រ៉ុ​កផង​ដែរ។

លោក មាស វិ​រិទ្ធ អះអាង​ទៀត​ថា កំណើន​នៃ​ការ​បង្ក្រាប​បទល្មើស​ប៉ុន្មាន​ឆ្នាំ​មកនេះ វា​បាន​ទប់ស្កាត់​បណ្តាញ​ជួយ​ដូរពីក្រៅ​ប្រទេស និង​ទប់ស្កាត់​បាន​បទឧក្រិដ្ឋ​មួយចំនួន​ទៀត​នៅក្នុង​ប្រទេស។

លោក​ថា៖ «កម្ពុជា​មិនមែន​ជាទី​ផ្សារ​ធំ​សម្រាប់​ការប្រើ​ប្រាស់​ទេ ប៉ុន្តែ​ វា​ជា​កន្លែង​ដែល​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ដើម្បី​ធ្វើ​ចរាចរណ៍​ឆ្លងកាត់។ ទន្ទឹម​នឹង​ការ​ចរាចរណ៍​ឆ្លងកាត់ ​វា​បង្ក​ឱ្យមានការ​ប្រើប្រាស់​ក្នុង​ស្រុក​ផង​ដែរ។ អានេះ​ជា​បញ្ហា​យើង​ដែល​ធ្វើឱ្យ​រដ្ឋា​ភិ​បា​លប្រ​មើ​លមើលឃើញ​ថា បើ​យើង​មិន​ដាក់ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ការ​រីក​រាលដាល​នៃ​ការប្រើ​ប្រាស់​ហ្នឹង​ វា​នឹង​កើនឡើង​យ៉ាង​គំហុក​ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​សង្គម»។ 

ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​ និង​សីលធម៌​កម្ពុជា​ លោក​បណ្ឌិត ប៉ា ចន្ទ​រឿន និយាយ​ថា បើ​អ្នក​ល្មើស​គ្រឿងញៀន​កើនឡើង វា​ប្រាប់​យើង​ថា ​ការប្រើ​ប្រាស់​កើនឡើង លោក​ថា បើ​ការប្រើ​ប្រាស់​កើនឡើង​ វា​ចង្អុលបង្ហាញ​យើង​ទៀត​ថា ​កំណើន​ទីផ្សារកំពុង​កើនឡើង​ដែរ។

អ្នកឃ្លាំមើល​រូប​នេះ វិភាគ​ថា ការ​កកស្ទះ​សំណុំរឿង​គ្រឿងញៀន​នៅ​តុលាការ​ពីមួយឆ្នាំទៅមួយ​ឆ្នាំ វា​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សមត្ថភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​មិន​អាច​ទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន​បាន ។

លោក​ថា៖ «ជាត​ថភាព ​គឺ​កាលណា​ចំនួន​អ្នកប្រើ​ប្រាស់​ហ្នឹង​កើនឡើង​ យើង​អាច​សន្និដ្ឋាន​ថា ​តើ​ការទប់ស្កាត់ ​និង​ការ​លុបបំបាត់​ហ្នឹង​មានប្រសិទ្ធភាព​យ៉ាងម៉េច មានប្រសិទ្ធភាព​លុះត្រាតែការ​លុបបំបាត់​គ្រឿងញៀន​ថយ​ចុះ​ អាហ្នឹង​បាន​សបញ្ជាក់​ឱ្យឃើញថា​ យន្តការ ​ឬវិធានការ​ទប់ស្កាត់​ហ្នឹង​វា​មានប្រសិទ្ធភាព»។

អ្នកឃ្លាំមើល​រូប​នេះ ផ្តល់​ជា​យោ​បល់ថា កត្តា​ជោគជ័យ​នៃ​ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន ក្រៅពី​ពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​អំពើពុករលួយ ទប់ស្កាត់​កុំ​ឱ្យមន្ត្រី​ជំនាញ​ក្លាយជា​អ្នក​កាង​បទល្មើស ឬកុំ​ឱ្យបទល្មើស​កើត​ចេញពី​មន្ត្រី​ជំនាញ។

លោក​ថា៖ «សម្តេច​ក្រឡាហោម ​[ស ខេង​] ក៏​គាត់​ធ្លាប់​លើកឡើង​ចំណុចហ្នឹង​ជាច្រើន​ដង​ដែរ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់​ពាក់ព័ន្ធ។ ហេតុនេះ​ហើយ​ អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវតែ​ពិនិត្យមើល​អំពី​របៀប ក៏ដូចជា​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ក្នុង​ការទប់ស្កាត់ ការ​ចរាចរណ៍​ និង​ការប្រើ​ប្រាស់​គ្រឿងញៀន​នៅក្នុង​សង្គម​យើង​ឡើងវិញ​ ទើប​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន»។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោ​ក ស ខេង ថ្លែង​កាលពី​ថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ២០២០ ថា ទោះ​រដ្ឋាភិបាល​ខិតខំ​កសាង​ពន្ធនាគារ​យ៉ាងណា​ក៏​មិន​គ្រប់គ្រាន់​ដែរ ដោយសារ​ការ​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀនមាន​ចំនួន​ច្រើន​ក្នុងមួយថ្ងៃ​ៗ ធ្វើ​ឱ្យ​ពន្ធនាគារ​មួយចំនួន​ពេញ និង​ខ្លះទៀត​ចង្អៀត។

នាយករង​អង្គការ​លី​កាដ​ូ​ និង​ជា​អ្នកឃ្លាំមើល​ពន្ធនាគារ​ លោក អំ សំអាត និយាយ​ថា ការ​រីក​រាលដាល​បញ្ហា​គ្រឿងញៀន វា​កើត​ចេញពី​កត្តា​ធំ៣គឺ បណ្តាញ​នាំចូល ការផលិត​ក្នុង​ស្រុក និង​បណ្តាញ​ចែក​ចា​យក្នុង​ស្រុក ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ កត់សម្គាល់​ថា ការអនុវត្ត​ច្បាប់​ម៉ឺងម៉ាត់ មិន​យោគយល់ មិន​ពុករលួយ និង​មិន​ឃុបឃិតជាមួយ​ឧក្រិដ្ឋជន ជា​កត្តា​ជោគជ័យ​ក្នុង​ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន។ 

លោក​ថា៖ «បើ​អាជ្ញាធរ​ខ្លួនឯង​មួយ​ចំ​នួន ឬក៏​បុគ្គល​ណា​ដែល​ពាក់ព័ន្ធ​ អាហ្នឹង​ត្រូវតែ​អនុវត្ត​តាមផ្លូវ​ច្បាប់​ដូចគ្នា ដើម្បី​ជា​គំរូ​ក្នុង​ការទប់ស្កាត់​ បើ​មិន​អ៊ីចឹង​ទេ អា​បញ្ហា​គ្រឿងញៀន​ហ្នឹង​វា​នៅតែ​បន្ត​រីក​រាលដាល​អ៊ីចឹង»។

លោក អំ សំអាត និយាយ​ទៀត​ថា ការ​កកស្ទះ​សំណុំរឿង​គ្រឿងញៀន​នៅ​តុលាការ ជា​សញ្ញា​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង។

បើ​តាម​លោក​ អំ សំអាត បើ​យុទ្ធនាការ​បង្ក្រាប​នេះមាន​តម្លាភាព វា​ជួយ​កាត់បន្ថយ​ហានិភ័យ​សង្គម។ ប៉ុន្តែ​ បើមានអំពើ​ពុករលួយ យុទ្ធនាការ​នេះ ជំរុញ​ឱ្យមានការ​រំលោភ​មនុស្ស​ធ្ងន់​ធ្ងរថែមទៀត។

លោក​ថា៖ «គ្រឿងញៀន​ជា​បញ្ហា​មួយ​ធ្វើឱ្យប៉ះពាល់​ដល់​ការរំលោភ​ទៅលើ​សិទ្ធិមនុស្ស។ ពីព្រោះ​បញ្ហា​គ្រឿងញៀន​ វាច​រា​ចរ​ជះឥទ្ធិពល​ខ្លាំង​ វា​ធ្វើឱ្យការរំលោភ​សិទ្ធិមនុស្ស​កាន់តែ​ច្រើន​ដែរ»។

អង្គការលើ​កលែងទោស​អន្តរជាតិ (Amnesty International​) កាលពី​សប្តាហ៍​មុន ​(១៣ ឧសភា​) បាន​ចេញ​របាយការណ៍​វាយតម្លៃ​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រយៈពេល ៣ឆ្នាំ ​របស់​រដ្ឋាភិបាល​កម្ពុជា ថា ​បាន​បរាជ័យ។

របាយការណ៍​ដដែល​អះអាង​ថា ភាព​បរាជ័យ​នេះ វា​បាន​ជំរុញ​ឱ្យមានការ​កើនឡើង​ការរំលោភ​សិទ្ធិមនុស្ស ការប្រើ​មធ្យោបាយ​ឃុំឃាំង​ហួស​កម្រិត បង្ក​ឱ្យ​មាន​ហា​និភ័យ​ដល់​សេវា​សុខភាព​សាធារណៈ និង​បង្កើត​ឱកាស​ឱ្យ​ប្រព្រឹត្តអំពើពុករលួយ។

Amnesty បាន​លើកឡើង​ទៀត​ថា អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន បើ​គ្មាន​លុយ​សម្រាប់​ដូរ​យក​សេរីភាព​ទេ ពួក​គេ​ត្រូវ​ដាក់​នៅកន្លែង​ចង្អៀត​ណែន ជាទី​ដែល​អ្នកជាប់ឃុំ​មិន​អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​រង​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ។ 

ទោះជាយ៉ាងណា គេ​ត្រូវ​រង់ចាំ​មើល​ការចេញដំណើររបស់ក្រ​សួង​យុត្តិធម៌ លើ​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលា​ការកាលពី​ថ្ងៃ​ចន្ទ។ 

បើ​តាម​ក្រសួង វិធានការ​មួយចំនួន​ដែល​ខ្លួន​បាន​ដាក់ចេញ រួម​ទាំង​អភិក្រម​ពីរ​ទៀត​ថា ជាផ្នែក​មួយ​នៃ​កម្មវិធី​កំណែទម្រង់ ដើម្បី​ពន្លឿន​ការ​រក​យុត្តិធម៌​ឱ្យ​អ្នកជាប់ឃុំ លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌​សង្គម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ