រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចបញ្ចប់មុខតំណែងលោក រុំ សុវិជ្ជា នាយផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ បានបើកបរទាំងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់បណ្តាលឱ្យខូចទ្រព្យសម្បត្តិសាធារណៈ។
កាលពីម៉ោងជាង ៩យប់ ថ្ងៃទី១៥ ខែឧសភា នាយផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បណ្ដាលឱ្យបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យ លាក់ និងបានស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅទីតាំងកើតហេតុថា មិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាតតាមដងផ្លូវទើបបណ្តាលឱ្យខ្លួនជួបគ្រោះថ្នាក់បែបនេះ។
ក្នុងប្រកាសស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចបញ្ចប់មុខតំណែងលោក រុំ សុវិជ្ជា នាយផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តកំពង់ធំ ដោយតម្រូវឱ្យមន្ត្រីនគរបាលរូបនេះមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ រហូតមានការសម្រេចជាថ្មី។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីបន្ថែមថា ដំណាក់កាលនេះ គឺក្រសួងមហាផ្ទៃអនុវត្តបានត្រឹមតែបញ្ចប់មុខតំណែងសិនប៉ុណ្ណោះ ដោយពុំទាន់មានការដាក់ទោសអ្វីផ្សេងនៅឡើយទេ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះ បញ្ជាក់ថា ការដាក់ទោសទណ្ឌផ្សេងទៀតនោះ គឺ ខាងជំនាញផ្សេងកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត។
លោកបន្ថែមថា៖ «ដូចខ្ញុំប្រាប់អ៊ីចឹង សំខាន់គេស្រាវជ្រាវសិន ហើយអូនឯងម៉េចចង់ឱ្យគេយកគាត់ទៅបាញ់ចោលហ្មង ឬម៉េច។ ឥលូវនេះ ក្រសួងសម្រេចដាក់ឱ្យគាត់ស្ថិតក្រោមការត្រួតពិនិត្យហើយ។ ដកតំណែងចេញហើយ។ ហើយស្ថិតក្រោមការត្រួតពិនិត្យហើយ»។
ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ មានប្រសាសន៍ថា ករណីក្រសួងមហាផ្ទៃបញ្ចប់តំណែងលោក រុំ សុវិជ្ជា វាជារឿងមួយ ប៉ុន្តែ លោកក៏ស្នើឱ្យមានការអនុវត្តទោសទៅតាមច្បាប់ផងដែរ ដើម្បីបង្ហាញពីតម្លាភាពនៃការអនុវត្តច្បាប់រវាងប្រជាពលរដ្ឋ និងមន្ត្រីអនុវត្តច្បាប់ ដែលបានប្រព្រឹត្តកំហុស។
លោកបន្ថែមថា៖ «យើងឃើញហើយ បញ្ញត្តិក្នុងច្បាប់ចរាចរណ៍ទាក់ទងជាមួយករណីស្រវឹង ប្រសិនជាការវាស់វែងទៅ ឃើញកម្រិតជាតិស្រវឹងរបស់គាត់លើសពី ០,៣៩ មានន័យថា ចាប់ពី ០,៤០ទៅក្នុងមួយលីត្រខ្យល់ហ្នឹង គឺគាត់ត្រូវប្រឈមជាមួយនឹងការពិន័យជាប្រាក់ និងការជាប់ពន្ធនាគារជាដើម។ អីចឹង សម្រាប់ខ្ញុំ ខ្ញុំចង់ឃើញចំណាត់ការរបស់រដ្ឋាភិបាលទាក់ទងជាមួយច្បាប់ដែលគាត់បានបញ្ញត្តិថ្មីហ្នឹង ប៉ុន្តែ បើគាត់អត់ធ្វើទេ ប្រជាពលរដ្ឋច្បាស់ជាយល់ថារដ្ឋាភិបាលលំអៀងក្នុងការអនុវត្តច្បាប់»។
ក្នុងមាត្រា១០ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា បុគ្គលទាំងឡាយណាបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផាកពិន័យចាប់ពីមួយលានរៀលដល់បួនលានរៀន។
ក្នុងករណីជនល្មើសធ្លាប់ទទួលរងការផាកពិន័យរួចម្តងហើយ ប៉ុន្តែ នៅតែបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល ៦ខែ ចាប់គិតពីការពិន័យលើកមុន គឺត្រូវបញ្ជូនទៅសាលាដំបូង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕