អាជ្ញាធរ​ថា សមត្ថកិច្ច​​មិន​ទាន់​​កំណត់​​បាន​​នូវ​​មូលហេតុ​​អគ្គិភ័យ​​ឆាប​ឆេះ​​ក្លិប​​កម្សាន្ត​ EDM នៅ​ឡើយ​​

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៤:២០នាទី មានអគ្គិភ័យកំពុងឆាបឆេះក្លិប EDM ស្ថិតនៅខាងកើតស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (អគ្គស្នងការនគរបាលជាតិ)

អាជ្ញាធរ​ខណ្ឌចំការមន បាន​ប្រាប់​ថា សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ក្លិប​កម្សាន្ត EDM ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ កាលពី​រសៀល​ថ្ងៃម្សិលមិញ​នេះ។

អភិបាលខណ្ឌ​ចំការមន លោក ថេង សុ​ថុល ប្រាប់​ថា ក្លិប​កម្សាន្ត EDM របស់​លោក ម៉ៅ សេង​ថៃ បាន​រង​អគ្គិភ័យ​ឆាបឆេះ​នៅ​ម៉ោង​ប្រហែល ៤:៤០នាទី​រសៀល​ថ្ងៃម្សិលមិញ​នេះ ដែល​បណ្ដាល​ឱ្យ​ក្លិប​កម្សាន្តទាំងមូល​ខូចខាត​ទាំងស្រុង ប៉ុន្តែ លោក​ថា មិន​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស​ទេ។

អភិបាលខណ្ឌ​រូប​នេះ បន្ថែម​ថា លោក​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​បាន​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​បន្ថែម។

លោក ថេង សុ​ថុល និយាយ​ថា៖ «ទុកឱ្យខាង​ប៉ូល​ិ​សយើង​ស្រាវជ្រាវ​សិន។ យើង​អត់​ទាន់​ដឹង​ដោយសារ​ម្សិលមិញ យើង​គិត​បញ្ហា​ធ្វើ​យ៉ាងណា ទីមួយ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស និង​ទប់ស្កាត់​អគ្គិភ័យ​ឱ្យរលត់ ១០០ភាគរយ​សិន»។

លោក សុ​ថុល បញ្ជាក់​ថា រហូតមកដល់​ម៉ោង ១៨​:២០នាទី​ល្ងាច​ម្សិលមិញ អគ្គិភ័យ​បាន​រលត់​ទៅវិញ​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣៥គ្រឿង ប្រើ​ទឹក​អស់​ចំនួន ៧០ឡាន។ 

បើ​តាម​លោក សុ​ថុល ក្លិប​កម្សាន្ត​មួយ​នេះ បាន​បិទ​ដំណើរការ​របស់​ខ្លួន​ទៅតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​នៅមុន​ពេល​អគ្គិភ័យ​កើតឡើង។

រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ផ្អាក​ហាង​ខារ៉ាអូខេ ក្លិប​កម្សាន្ត ហាង​ម៉ាស្សា បៀរហ្គាឌិន រោងភាពយន្ត កន្លែង​ហាត់ប្រាណ និង​កម្មវិធី​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ដទៃទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ​(កូ​វីដ១៩​) ចាប់ពី​ខែមីនា​មក នៅពេល​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​កាន់តែ​ច្រើនឡើង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ