លោក កឹម សុខា អំពាវនាវ​​ឱ្យ​ប្រទេស​​ជឿន​លឿន​​បន្ត​​ជួយ​​កម្ពុជា​

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អំពាវ​នាវទៅ​បណ្តា​ប្រទេស​ជឿនលឿន​ឱ្យបន្ត​ជួយ​កម្ពុជា​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩។

លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ខ្មែរ និង​ឥស្សរជន ក៏ដូចជា​អង្គទូត តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​នានា ដែល​បាន​ទទួលស្គាល់​នូវ​«គុណ​តម្លៃ»​របស់​លោក ដោយ​ផ្តល់​ឱកាស​ឱ្យ​លោកទទួលស្វាគមន៍ ជួប​សួរសុខទុក្ខ សន្ទនា​គ្នា ប្រកបដោយ​កិត្តិយស ទោះបី​ខ្ញុំ​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ណាក៏ដោយ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ក៏​អរគុណ​ផង​ដែរ​ដល់​ប្រទេស​ជា​មិត្ត ដែល​ថា បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ដោយ​សុទ្ធចិត្ត កន្លងមក ​និង​បច្ចុប្បន្ន ស្របតាម​គុណ​តម្លៃ​នៃ​មនុស្សជាតិ។

លោក​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា សូម​បន្ត​ជួយ​ដល់​កម្ពុជាលើ​វិស័យ​នានា ជាពិសេស​បញ្ហា​ដែល​ប៉ះពាល់​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ពេល​ដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាលដាល​ក្នុង​ពិភពលោក និង​ពី​ផលវិបាក​លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​នៅពេលអនាគត ដែល​ចាំបាច់​តម្រូវឱ្យមានការ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ»។

លោក កឹម សុខា បន្ត​លើកឡើង​ថា ជាទូទៅ​ប្រទេស ឬអ្នក​ទាំងឡាយ​ណា ដែល​ស្គាល់​នូវ​តម្លៃពិត​របស់​មនុស្ស គេ​ធ្វើការ​វាយតម្លៃ​ដោយ​ផ្អែកលើ​«គុណ​តម្លៃ» ដែល​មិន​អាស្រ័យ​ទៅលើ​តែ​មុខ​តំណែង គោរមងារ ឬទ្រព្យសម្បត្តិ ដែល​ជា​សម្បក​ក្រៅ​នោះ​ទេ ដែល​លោក​ហៅថា «តម្លៃ​ដែល​គ្មាន​គុណ​តម្លៃ មិនមែន​ជា​តម្លៃពិត​ឡើយ»

ជំងឺ​កូ​វីដ១៩ កំពុង​រាលដាល​ក្នុង​ពិភពលោក និង​​ផលវិបាក​លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​នៅពេលអនាគត ដែល​ចាំបាច់​តម្រូវឱ្យមានការ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ តុលាការ​មិនទាន់​បើកផ្លូវ​ឱ្យលោក កឹម សុខា ធ្វើនយោបាយ​វិញ​នៅឡើយ​ទេ ក្រោយពី​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​លោក នៅ​​យប់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ខណៈ​គណបក្ស​ប្រឆាំង​នេះដណ្តើម​បាន​អាសនៈ​ឃុំ​សង្កាត់​ជិត​ស្មើ​គណបក្ស​កាន់អំណាច។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«ក្បត់ជាតិ» ប៉ុន្តែ ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ចាត់ទុក​ចំណាត់​ការ​នេះ​ថា ជា​រឿង​នយោបាយ និង​ជំរុញ​ឱ្យមានការ​ផ្សះផ្សា​ជាតិ​ឡើងវិញ ដើម្បី​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទោះជាយ៉ាងណា ក្រោយពី​លោក កឹម សុខា បាន​ជួបពិភាក្សា​ដ៏​កម្រ​មួយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី៥ ខែឧសភា​នេះ​រួចមក មាន​មន្ត្រីទូត​នៃ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ជាច្រើន ក្នុង​នោះមាន​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ជប៉ុន តំណាង​សហភាព​អឺរ៉ុប ស៊ុយ​អ៊ែ​ត ជាដើម ​បាន​ចូល​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​គេហដ្ឋាន​របស់​លោក ​ស្ថិត​ក្នុង​ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ និង​បាន​លើកទឹកចិត្ត​ឱ្យបន្ត​រក​ពេល​សន្ទនា​នយោបាយ ដើម្បី​ផ្សះផ្សា​ជាតិ។

ប្រទេស​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក​ជាដើម​នៅ​សប្តាហ៍​មុន​នេះ បាន​បន្ត​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់ ៧លាន ៥សែន​ដុល្លារ​ បន្ថែម​ទៀត​ដល់​កម្ពុជា សម្រាប់​ស្តារ​សេដ្ឋកិច្ច​ និង​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ