កម្មករ-កម្មការិនីមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលព្យួរការងារ បានត្អូញត្អែរពីការខ្វះខាតលើការចំណាយ ខណៈដែលប្រាក់ ៤០ដុល្លាររបស់រដ្ឋាភិបាលដែលសន្យាផ្តល់ឱ្យកម្មករអំឡុងពេលព្យួរការងារនោះ ក៏ពួកគេមិនទាន់ទទួលបាននៅឡើយ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) ប្រចាំរោងចក្រ យីដា អ្នកស្រី ដោក សុវណ្ណ ប្រាប់វីអូឌីថា កន្លងមកនេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ យីដា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានព្យួរការងារកម្មករចំនួន ២ខែ ដោយចាប់ផ្តើមព្យួរការងារកម្មករ ៣ដំណាក់កាលហើយ ក្នុងនោះមានកម្មករជាង ៣,០០០នាក់។
ប្រធានសម្ព័ន្ធសហជីពកម្ពុជារូបនេះ អះអាងថា កម្មករដែលត្រូវបានព្យួរការងារទាំងនោះ គឺទទួលបានលុយ ៣០ដុល្លារពីរោងចក្រ ខណៈលុយ ៤០ដុល្លាររបស់រដ្ឋាភិបាលមិនទាន់ទទួលបាននៅឡើយ។
អ្នកស្រី ដោក សុវណ្ណ បញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ថៅកែរោងចក្រ យីដា បានព្យួរការងារកម្មករ ១៥៤នាក់ ហើយនៅថ្ងៃទី១៤ ខែឧសភា បានព្យួរការងារកម្មករ ១,៥០០នាក់ និងនៅថ្ងៃស្អែកនេះ នឹងត្រូវព្យួរការងារ ១,៥០០នាក់ដែរ។ អ្នកស្រីបន្ថែមថា រោងចក្រមួយនេះ ក៏ត្រៀមព្យួរការងារកម្មករជាង ១,០០០នាក់ទៀត នៅថ្ងៃទី៣០ ខែឧសភា។
អ្នកស្រីបន្ថែមថា៖ «កម្មករមួយចំនួនគាត់បានលក់ទ្រព្យរបស់ពួកគាត់ និយាយរួមឱ្យតែរបស់លក់បាន គឺគាត់លក់ ដើម្បីយកលុយមកដោះបំណុលធនាគារ។ អ៊ីចឹង សួរត្រឡប់ទៅវិញថា ករណីដែលកំពុងតែហានិភ័យកើតឡើងដោយសារជំងឺកូវីដ១៩ហ្នឹង ហើយកម្មករបាត់បង់ការងារហើយបានអត្ថប្រយោជន៍តែ ៣០ដុល្លារក្នុង១ខែ ហើយត្រូវការចំណាយហូបចុក ទឹកភ្លើងទៀត និងត្រូវបង់ធនាគារទៀត ថាតើពួកគាត់បានអីរស់»។
កម្មការិនីផ្នែកដេរ អ្នកស្រី សុខ ដាណា អាយុ ២៥ឆ្នាំ ប្រាប់វីអូឌីនៅថ្ងៃនេះថា រោងចក្រ សឺពីយ៉ា មានកម្មករប្រហែល ៦០០នាក់ ត្រូវបានថៅកែព្យួរការងារទាំងអស់គ្នារយៈពេលជាង ១ខែហើយ ចាប់តាំងពីថ្ងៃទី១៤ ខែមេសាមក ដោយកំណត់ចូលធ្វើការវិញនៅថ្ងៃទី១៨ ខែឧសភា។
កម្មការិនីរូបនេះអះអាងថា រយៈពេលព្យួរការងារជាង ១ខែមកនេះ គឺក្រុមកម្មករមិនទាន់ទទួលបានប្រាក់ ៧០ដុល្លារនៅឡើយទេ ទាំងប្រាក់ ៣០ដុល្លាររបស់ថៅកែ និងប្រាក់ ៤០ដុល្លាររបស់រដ្ឋាភិបាល។
អ្នកស្រីបន្ថែមថា៖ «ពេលថៅកែអត់បើកលុយឱ្យអ៊ីចឹង កម្មករទាំងអស់គ្នាប្រឈមមុខច្រើនណាស់។ កម្មករអត់លុយបង់ថ្លៃផ្ទះជួល សម្រាប់ចាយវាយផ្សេងៗ។ អ្នកខ្លះទៀត គ្នាអត់លុយបង់សងធនាគារ។ អ៊ីចឹងបានជានាំគ្នាតវ៉ារហូតមកដល់ថ្ងៃនេះ ពីព្រោះកម្មករគេអត់ទុកចិត្ត។ ឥលូវ មានអ្នកដេកយាមមុខរោងចក្រ បារម្ភខ្លាចថៅកែរោងចក្រលួចដឹកអីវ៉ាន់ចេញអស់ទៅ អត់បើកលុយឱ្យពួកយើង»។
វីអូឌីបានសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ តាមប្រព័ន្ធ Telegram ដែរ ប៉ុន្តែ លោកមិនឆ្លើយតបនោះទេ។
ទោះយ៉ាងណា កាលពីថ្ងៃទី២០ ខែឧសភា លោក ហេង សួរ បានប្រាប់វិទ្យុបារាំងថា គិតត្រឹមថ្ងៃទី២០ ខែឧសភា មានកម្មករ-កម្មការិនីប្រមាណ ៥ម៉ឺន ៦ពាន់នាក់ កំពុងស្ថិតក្នុងបញ្ជីដែលត្រូវផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារនោះ។
លោក ហេង សួរ បញ្ជាក់ថា ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលនឹងផ្តល់ដល់ដៃកម្មករនៅក្នុងសប្តាហ៍នេះតាមរយៈធនាគារវីង ដែលលោកថា ធនាគារវីងនឹងផ្តល់លេខកូដបើកប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនីតាមរយៈលេខទូរសព្ទរបស់ពួកគេនីមួយៗ។
បើតាមអ្នកនាំពាក្យរូបនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា មានរោងចក្រជាង ៣៣០ទូទាំងប្រទេសបានព្យួរការងារកម្មករ ក្នុងនោះមានរោងចក្រជាង ១០០ បានបញ្ចប់នូវការព្យួរការងារ ហើយបន្តចង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ។
លោក ហេង សួរ បន្ថែមថា រហូតពេលនេះនៅសល់រោងចក្រចំនួន ២៣៧រោងចក្រ កំពុងបន្តព្យួរការងារ ដែលប៉ះពាល់ដល់កម្មករ-កម្មការិនី ចំនួនជាង ១១ម៉ឺននាក់។
លោកថា ការព្យួរការងារជាបន្តបន្ទាប់ពីសំណាក់រោងចក្រនៅកម្ពុជានេះ គឺដោយសារតែក្រុមហ៊ុនបញ្ជាទិញធំៗនៅអឺរ៉ុប និងនៅអាមេរិកបានពន្យារការទូទាត់សងប្រាក់បញ្ជាទិញទំនិញ និងមិនទាន់បានបញ្ជាទិញទំនិញជាថ្មីពីកម្ពុជា ដោយសារវិបត្តិជំងឺកូវីដ១៩៕