ធនាគារជាតិបានដាក់ចេញវិធានការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នផ្តល់ប្រាក់កម្ចី សហការគ្នាដើម្បីទប់ស្កាត់សកម្មភាពណាដែលហៅថា ជាអំពើញុះញង់បង្កឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសង្គម។
នៅក្នុងសិក្ខាសាលាមួយនៅក្នុងខេត្តបាត់ដំបងនៅថ្ងៃនេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ បានលើកឡើងពីវិធានការ និងអនុសាសន៍មួយចំនួន ដើម្បីដោះស្រាយបញ្ហារវាងពលរដ្ឋអ្នកខ្ចីលុយ និងស្ថាប័នផ្តល់កម្ចី។
ក្នុងឱកាសនោះ លោក ជា ចាន់តូ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នផ្តល់ប្រាក់កម្ចីទប់ស្កាត់ការញុះញង់។
លោក ជា ចាន់តូ៖ «អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់សកម្មភាពដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា»។
លោក ជា ចាន់តូ មិនបានបញ្ជាក់ថា ក្រុមណាមួយជាអ្នកញុះញង់បង្កបញ្ហានេះទេ ប៉ុន្តែ ការលើកឡើងនេះ បន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវដល់ពលរដ្ឋដែលជំពាក់លុយធនាគារផ្អាកបង់សង រង់ចាំស្ថានភាពធូរស្រាលវិញ។
របាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា មានពលរដ្ឋជាង ១៧០ ០០០នាក់ បានស្នើសុំអន្តរាគមន៍ ដោយសារពួកគាត់មិនអាចបង់សងលុយដែលពួកគាត់ជំពាក់។ ចំណែកសមាគមធនាគារមិនបានបង្ហាញរបាយការណ៍ដែលពលរដ្ឋជំពាក់បំណុលដែលសុំអន្តរាគមន៍ដោះស្រាយនោះទេ៕