ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាប្រចាំនៅខេត្តបន្ទាយមានជ័យ អះអាងថា សមត្ថកិច្ចបានដាក់កម្លាំងពង្រាយជាច្រើនកន្លែង រួមទាំងនៅជិតផ្ទះរបស់គាត់ បន្ទាប់ពីលោកបានស្នើសុំធ្វើបាតុកម្មដោយសន្តិវិធីនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិក្រុងប៉ោយប៉ែតនៅដើមខែមិថុនាខាងមុខនេះ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចបានដាក់កម្លាំងពង្រាយនៅក្រុងប៉ោយប៉ែត និងនៅជិតផ្ទះរបស់គាត់ប្រហែល ២៥នាក់ ហើយក៏មានអ្នកជិះម៉ូតូកាត់មុខផ្ទះរបស់គាត់ចុះឡើងផងដែរ។
លោកបន្តថា សមត្ថកិច្ចដាក់កម្លាំងពង្រាយនៅក្រុងប៉ោយប៉ែត និងជិតផ្ទះរបស់គាត់ ធ្វើឡើងស្របពេលដែលលោកបានដាក់សំណើសុំធ្វើបាតុកម្មដោយសន្តិវិធីរយៈពេល ៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមិថុនាខាងមុខនេះ។
លោក ឌិន ពុទ្ធី ចាត់ទុកការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនៅក្រុងប៉ោយប៉ែត និងជិតផ្ទះរបស់គាត់នោះថា ជាការគំរាមកំហែង។
លោក ឌិត ពុទ្ធី ប្រាប់ថា៖ «ការដាក់កម្លាំងនេះ ជាការគំរាមកំហែង ពាក់ព័ន្ធនឹងសតិអារម្មណ៍ ក៏ដូចជាស្មារតីយើង ហើយដូចជាតាមមើល គេមកឃ្លាំមើលខ្លាចយើង ខ្លាចយើងប្រមូលផ្ដុំសមាជិកអីហ្នឹង មកជូនហូរហែអីហ្នឹង។ ព្រឹកមិញ សមាជិកមកផ្ទះខ្ញុំដែរ ប៉ុន្តែ មិនហ៊ានចូល ព្រោះកម្លាំងសមត្ថកិច្ចច្រើនពេក»។
ស្នងការខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បដិសេធចំពោះករណីនេះ ដោយថា ការពង្រាយកម្លាំងសមត្ថកិច្ចនៅក្រុងប៉ោយប៉ែតនោះ លោកថា ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ។
លោក អាត់ ខែម ថា៖ «មិនដឹងដាក់ទៅគាត់ មានប្រយោជន៍អី! ព្រោះគាត់បានសុំច្បាប់ធ្វើបាតុកម្ម ហើយខេត្តបានចេញសេចក្តីជូនដំណឹងទៅគាត់ហើយថា មិនមានការអនុញ្ញាតតែប៉ុណ្ណឹងតើ! មិនមានអ្នកណាដាក់កម្លាំងទៅផ្ទះគាត់ធ្វើអីទេ។ គាត់ថ្នាក់អីបានគេទៅការពារគាត់ហ្នឹង?»
សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានដាក់លិខិតទៅអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំធ្វើបាតុកម្មដោយសន្តិវិធីនៅត្រង់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិក្រុងប៉ោយប៉ែត ចាប់ថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ ដែលមានអាជីវករ អ្នកលក់ដូរទំនិញនៅក្នុងផ្សាររុងក្លឿ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប តាក់ស៊ី ម៉ូតូកង់បី និងអ្នកប្រកបរបរក្រៅប្រព័ន្ធចំនួន ១៥០០នាក់ចូលរួម។
សមាគមឱ្យដឹងថា ការធ្វើបាតុកម្មនោះ ក្នុងគោលបំណងសុំឱ្យអាជ្ញាធរបើកច្រកព្រំដែន ដើរថ្មើរជើង រទេះ ទោចក្រយានយន្ត និងរថយន្ត អាចឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីឱ្យប្រជាពលរដ្ឋចូលទៅលក់ដូរនៅខេត្តស្រះកែវប្រទេសថៃបានវិញ ប៉ុន្តែ ប្រសិនអាជ្ញាធរថៃមិនព្រមបើក ពួកគេស្នើទៅអាជ្ញាធរកម្ពុជាបិទច្រកព្រំដែនប៉ោយប៉ែត ដោយកុំឱ្យរថយន្តថៃចូលមកកម្ពុជា។
ប៉ុន្តែ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ អភិបាលខេត្តបន្ទាយមានជ័យចេញបដិសេធ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋធ្វើបាតុកម្មឡើយ ដោយខេត្តលើកហេតុផលថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងមានវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្រោយពីអភិបាលខេត្តបន្ទាយមានជ័យមិនអនុញ្ញាតឱ្យធ្វើបាតុកម្មនោះ លោក ឌិន ពុទ្ធី បានចេញសេចក្ដីប្រកាសមួយដោយមិនចូលរួមធ្វើបាតុកម្មនៅថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមិថុនាវិញ។
លោក ឌិន ពុទ្ធី បានឱ្យដឹងបន្ថែមថា លោកសម្រេចចិត្តបែបនេះ បន្ទាប់ពីអាជ្ញាធរមិនអនុញ្ញាត ប៉ុន្តែ លោកថា ប្រសិនបើប្រជាពលរដ្ឋនៅតែធ្វើនោះ វាជាសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោក ឌិន ពុទ្ធី ប្រាប់ថា៖ «ខ្ញុំប្ដូរចិត្តដោយសារខ្ញុំដាក់លិខិតជូនដំណឹងទៅសាលាខេត្ត ហើយខេត្តចេញលិខិតបដិសេធលិខិតរបស់ខ្ញុំ។ មើលទៅគេបដិសេធហើយ យើងអត់ចូលរួមទេ។ ទី២ មូលហេតុដែលខ្ញុំមិនចូលរួម មិនមែនបាតុកម្មរំសាយទេ មានន័យថា ខ្ញុំអត់ចូលរួម ខាងសមាគមអត់ចូលរួម ប៉ុន្តែ ប្រជាពលរដ្ឋគាត់នៅតែធ្វើបាតុកម្មដដែល»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាជាងការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដោយលោកចាត់ទុកការដាក់កម្លាំងថា ជាការគំរាមកំហែងពលរដ្ឋមិនធ្វើឱ្យតវ៉ា។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «ខ្ញុំយល់ថា ជាបញ្ហា ពួកគាត់មានគោលបំណងទាមទារដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច ឬជីវភាពគ្រួសារដែលកំពុងប្រឈមដោយសារតែមិនបានប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែ បញ្ហាទាំងអស់នេះ ខ្ញុំយល់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់គួរតែធ្វើការសម្រង់ស្ថិតិទៅលើបញ្ហាដែលពួកគាត់កំពុងប្រឈមទាំងអស់ហ្នឹង ដើម្បីរកដំណោះស្រាយជូនគាត់»។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីចុងឆ្នាំ២០១៦ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបើករថយន្តបុកមន្រ្តីអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតម្នាក់។ ប៉ុន្តែ នៅខែមករា ឆ្នាំ២០១៧ តុលាការបានសម្រេចដោះលែងលោកឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕