លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចវិលចូលកម្ពុជាបាន ដោយមិនចាំបាច់មានលិខិតបញ្ជាក់សុខភាពឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ថា ពលរដ្ឋខ្មែដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ លោកថា មិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩នោះទេ។ លោកបន្តថា វិធានការរបស់លោកនេះ គឺធ្វើឡើងដើម្បីជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចវិធានការដោះស្រាយជាផ្លូវការ ចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ទេ»។
លោក ហ៊ុន សែន បញ្ជាក់ថា ពលរដ្ឋខ្មែរដែលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លង ឬអត់រោគឆ្លងជំងឺកូវីដ១៩ ទើបអនុញ្ញាតឱ្យពួកគេទៅលំនៅដ្ឋានវិញ។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការមិនអនុញ្ញាតឱ្យពលរដ្ឋខែ្មរចំនួន ១៥០នាក់ ចូលប្រទេសកម្ពុជាក្នុងអំឡុងពេលនេះ ដោយលោកបារម្ភខ្លាចអ្នកទាំងនោះមានផ្ទុកជំងឺកូវីដ១៩។ លោក ហ៊ុន សែន អំពាវនាវទៅពលរដ្ឋខ្មែរទាំង ១៥០នាក់ បន្តស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីសិន ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងប្រទេសពីកូវីដ១៩។
គិតមកត្រឹមថ្ងៃទី២៧ ខែឧសភានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៤នាក់ ក្នុងនោះ អ្នកជំងឺ ១២២នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយនៅសល់ ២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕