លោក ហ៊ុន សែន ប្រកាស​​ក្រដាស​ប្រាក់​​ដុល្លារ​​ខ្នាត​​តូច​​បន្ត​​ចាយ​​គ្មាន​​កាត់​ទឹក​​

ស្ត្រីម្នាក់ឈរកាន់លុយប្រភេទក្រដាសប្រាក់ដុល្លារ (១ដុល្លារ) រង់ចាំទិញភេសជ្ជៈ។ (ពៅ មេត្តា)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ $1, $2 និង $5 នៅតែ​ចាយ​បាន​ធម្មតា​ក្នុង​ប្រទេស​កម្ពុជា គ្មាន​កាត់ទឹក​(ភាគរយ​)។

លោក​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ឱ្យបាន​ជ្រាប​បន្ថែម​លើ​ការប្រកាស​របស់​ធនាគារជាតិនៃកម្ពុជា នៅ​រសៀល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ​នេះ គឺ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ $1, $2, និង $5 គឺ​នៅតែ​ចាយ​បាន​ធម្មតា​នៅ​លើ​ទីផ្សារ​ទូទាំង​ប្រទេស គឺ​មិន​មានការ​ហាមប្រាម​មិន​ឱ្យ​ចាយ​ដូច​ពាក្យ​ចចាម​អារ៉ាម​នោះ​ទេ»។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ក្នុងករណី​ប្រសិនបើ​មានការ​បញ្ឈប់​ឱ្យចរាចរ​ចាយ​លុយ​ក្រដាសប្រាក់​អាមេរិក​ប្រភេទ​នេះ លុះណាតែ​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ពី​ធនាគារជាតិនៃកម្ពុជា។

លោក​បញ្ជាក់​ដែរ​ថា ការ​ចាយប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​ទាំងនេះ ($1,$2,$5) ដោយសេរី​ ដោយ​គ្មាន​ការ​កាត់ទឹក ​ឬកាត់​ផុក​អ្វី​ទាំងអស់។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ធនា​គារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​ទុក​ពេល ៣ខែ ឱ្យគ្រឹះស្ថាន​ធនាគារ និង​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដើម្បី​ប្រមូល​ដឹក​ទៅក្រៅ​ប្រទេស ដោយ​អះអាង​ថា ក្រដាសប្រាក់​ដុល្លារ​ខ្នាត​តូច​របស់​សហរដ្ឋអាមេរិក​នេះ ជា​ឧបសគ្គ​ដល់​ការជំរុញ​ការ​ចាយប្រាក់​រៀល​ខ្មែរ​នៅ​លើ​ទីផ្សារ។

ប៉ុន្តែ​ ក្រោយ​ធនាគារជាតិប្រកាស​បែបនេះ​មួយថ្ងៃ ពលរដ្ឋ​អះអាង​ថា ក្រដាសប្រាក់​ដុល្លារ​ខ្នាត​តូច​របស់​សហរដ្ឋអាមេរិកប្រភេទខាងលើនេះ មិន​ត្រូវ​បាន​គេ​ទូទាត់​នៅ​លើ​ទីផ្សារ​ទេ កន្លែង​ខ្លះទៀត​ទទួលយក​ តែ​កាត់​ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ