ក្រសួងសុខាភិបាល បានចេញប្រកាសវិធានការការពារមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនៅរដូវវស្សានេះ ខណៈខ្លួនរកឃើញជាង ២ពាន់ករណី រយៈពេលជាង ៤ខែមកនេះ។
សេចក្តីប្រកាសកាលពីថ្ងៃពុធ ក្រសួងសុខាភិបាល អះអាងថា ១៩សប្តាហ៍មកនេះ បានរកឃើញ ២១៧២ករណី។ ហើយថា ជំងឺគ្រុនឈាមក្នុងរដូវវស្សាកើនឡើងច្រើនជាង ២ដង បើធៀបនឹងករណីក្នុងរដូវប្រាំង។
ក្រសួងណែនាំថា ដើម្បីទប់ស្កាត់ជំងឺនេះ អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចូលរួមធ្វើអនាម័យ កុំឱ្យមានដង្កូវទឹក និងដេកក្នុងមុងជាដើម។
ក្រសួងសុខាភិបាលពន្យល់ថា៖ «ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សត្វមូសខ្លាញីបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី ១៥០ម៉ែត្រពីទីកន្លែងកកើត»។