សាច់ញាតិបុរសម្នាក់ដែលបាត់បង់ជីវិតក្នុងពេលជាប់ឃុំ បានដាក់ពាក្យបណ្តឹងប្រឆាំងប្រធានពន្ធនាគារខេត្តបាត់ដំបង ដោយអះអាងថា ក្មួយរបស់គាត់ស្លាប់ដោយសារតែការធ្វើទារុណកម្ម។
អ្នកស្រី យន គីម ដែលអះអាងថា ត្រូវជាម្ដាយមីងជនត្រូវចោទ បានប្រាប់វីអូឌីតាមទូរសព្ទកាលពីថ្ងៃទី២៧ ខែឧសភា ថា អ្នកស្រី និងក្រុមគ្រួសារសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តរួចហើយ កាលពីដើមខែឧសភាកន្លងទៅនេះ តាមរយៈសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC)។
ស្ថិតក្នុងវ័យ ៤១ឆ្នាំ អ្នកស្រី គីម ចោទប្រកាន់ថា ប្រធានពន្ធនាគារខេត្តបាត់ដំបង គឺលោក សំអុល ធារិទ្ធ ជាអ្នកដែលស្ថិតនៅពីក្រោយនៃការស្លាប់ក្មួយប្រុសរបស់អ្នកស្រី។
រស់នៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង អ្នកស្រី យន គីម ឱ្យដឹងទៀតថា មុនពេលស្លាប់ ក្មួយប្រុសរបស់អ្នកស្រីជាមនុស្សមានសុខភាពធម្មតា ប៉ុន្តែ ពេលសាកសពបញ្ជូនចេញពីពន្ធនាគារវិញ នៅលើដងខ្លួនជនសង្ស័យមានស្លាកស្នាមជាំ និងរបួសជាច្រើនកន្លែងទៅវិញ។
អ្នកស្រីបន្តថា៖ «ខ្ញុំប្ដឹង ព្រោះអីវាអយុត្តិធម៌ពេក ដែលគាត់និយាយថា ក្មួយខ្ញុំសម្លាប់ខ្លួន [ធ្វើអត្តឃាតដោយខ្លួនឯង]។ តាមពិត យើងមានភស្តុតាង មានទាំងអី ព្រោះអីស្នាមជាំបាក់កអីមាននៅក្នុងវីដេអូទាំងអស់។ ហើយគាត់និយាយបែបនេះ គាត់បំផ្លើសពេកហើយ។ ហើយរឿងនេះវាអយុត្តិធម៌ហួស។ ហើយរឿងនេះ ក្មួយខ្ញុំមិនទាន់ដល់ថ្នាក់មានទោសដាក់ពន្ធនាគារទេ ព្រោះអីលុយក៏បានបង់រួចអស់ដែរ»។
វីអូឌី បានទទួលលិខិតដែលជាពាក្យបណ្ដឹងមួយច្បាប់របស់ដើមបណ្ដឹង កាលពីថ្ងៃទី២៧ ខែឧសភា។
នៅក្នុងពាក្យបណ្ដឹងដែលអ្នកស្រី យន គីម ដាក់ទៅតុលាការខេត្តបាត់ដំបងកាលពីថ្ងៃទី៧ ខែឧសភា រៀបរាប់ថា អ្នកស្រីប្ដឹងពីឈ្មោះ សំអុល ធារិទ្ធ ប្រធានពន្ធនាគារខេត្តបាត់ដំបង។
ដើមហេតុនៃការប្ដឹងនេះ អ្នកស្រីចោទប្រកាន់ថា ឈ្មោះ អន ទិត្យ ដែលត្រូវជាក្មួយ ស្លាប់ដោយការធ្វើទារុណកម្ម និងអំពើឃោរឃៅក្នុងពន្ធនាគារពេលដែលឃុំខ្លួន។ អ្នកស្រីអះអាងថា នៅលើសាកសពមានស្លាកស្នាមជាំជាច្រើនកន្លែង ដូចជា ដៃ និងកំភួនដើមដៃទាំងសងខាងមានស្នាមរយះអង្កន់ៗ។
លិខិតឱ្យដឹងទៀតថា នៅត្រង់កញ្ចឹងកមានស្នាមជាំ និងស្នាមឆ្នូតរហូតដល់គូថ។ លើសពីនេះទៀត សាកសពពេលបញ្ជូនមកដល់ផ្ទះ មានសភាពរឹងគ្រប់កន្លែង លើកលែងតែកញ្ចឹងកមានសភាពទន់ជ្រាយ។
លោក អន ទិត្យ ជាជនសង្ស័យ មានអាយុ ៣៨ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា។ មូលហេតុនៃការចាប់ខ្លួននេះ ត្រូវបានអ្នកស្រី យន គីម បញ្ជាក់ថា ដោយសារឈ្មោះ អន ទិត្យ មានជំងឺវិកលចរិតរើឡើង រួចហើយបានចូលទៅក្នុងរថយន្តប្រភេទកាមរីបាឡែនរបស់ឈ្មោះ អាង សារ៉ាត់ ដែលឈប់ចតចោលដើម្បីចុះបត់ជើងតូច។
អ្នកស្រីបន្ថែមថា ភ្លាមនោះ ឈ្មោះ ទិត្យ ដែលមិនទាន់ទាំងចេះបើករថយន្តផង បានបើករថយន្តដែលម៉ាស៊ីនកំពុងតែដំណើរការនៅឡើយ រួចហើយទៅបុកនឹងជញ្ជាំងផ្ទះអ្នកភូមិនៅក្បែរកន្លែងកើតហេតុ។ ប៉ុន្តែ ការប៉ះទង្គិចនេះ ត្រូវបានអ្នកស្រី យន គីម អះអាងថា មិនបណ្ដាលឱ្យរថយន្តខូចខាតខ្លាំងទេ។
ប្រភពបញ្ជាក់បន្ថែមថា ដើម្បីបញ្ចប់បញ្ហា ខាងគ្រួសារត្រូវចោទសម្រេចផ្ដល់សំណងជំងឺចិត្តទៅម្ចាស់រថយន្តចំនួន ៧០០ដុល្លាររួចហើយដែរ។ លោក អន ទិត្យ ស្លាប់នៅក្នុងពន្ធនាគារកាលពីថ្ងៃទី៣០ ខែមេសា។
មុនពេលស្លាប់ លោក ទិត្យ ដែលធ្លាប់ជាកម្មករសំណង់នៅប្រទេសថៃ ត្រូវបានពន្ធនាគារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៩ ខែមេសា។ ប៉ុន្តែ ក្នុងពេលសង្គ្រោះ ក្រុមវេជ្ជបណ្ឌិតអះអាងថា មិនអាចជួយអ្វីបានឡើយ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរណាស់ទៅហើយ។
ប្រធានពន្ធនាគារខេត្តបាត់ដំបង លោក សំអុល ធារិទ្ធ ព្យាយាមបដិសេធចំនួន ២ដងតាមទូរសព្ទកាលពីថ្ងៃទី២៧ ខែឧសភា។ លោកអះអាងយ៉ាងខ្លីថា មិនដឹងរឿង ហើយតម្រូវឱ្យបំពេញឯកសារផ្លូវការទៅរដ្ឋបាល មុននឹងចង់បានចម្លើយណាមួយពីខាងពន្ធនាគារ។
លោកបន្ថែមថា៖ «បងខាងណាណុង? អូ! បងមកចូលតាមរដ្ឋបាលមកណាបង។ បើចង់ដឹងរឿងអីចូលតាមរដ្ឋបាលមក។ ហើយម៉ោងហ្នឹងឱ្យដឹងថា ម៉ោងគេសម្រាកម៉ោងអីផង។ កុំចេះតែធ្វើការអត់មានម៉ោងអត់មានពេលវេលាអ៊ីចឹង»។
នៅដើមខែឧសភាកន្លងមកនេះ វីអូឌី បានទទួលលិខិតផ្លូវការមួយច្បាប់ពីខាងពន្ធនាគារ។ លិខិតនេះសរសេរថា កាលពីចុងខែមេសា ពន្ធនាគារខេត្តបាត់ដំបងបានចេញលិខិតបំភ្លឺដោយចាត់ទុកថា ឈ្មោះ អន ទិត្យ នេះបានបង្កភាពស្មុគស្មាញ និងរំខានជាប់ជានិច្ច អំឡុងពេលឃុំខ្លួននៅក្នុងពន្ធនាគារ។
លើសពីនេះទៀត នៅក្នុងខ្លឹមសារលិខិតដដែល បញ្ជាក់ថា ជនសង្ស័យបានយកចានឆ្នាំងមកបោកក្បាលខ្លួនឯង និងបោកក្បាលទៅនឹងចម្រឹងទ្វារ ហើយផ្ទប់ទៅនឹងជញ្ជាំងនៃមន្ទីរឃុំឃាំង។ លិខិតបំភ្លឺដដែល បញ្ជាក់ទៀតថា របួសស្នាមដែលមាននៅលើដងខ្លួនរបស់សាកសព គឺជាការប្រព្រឹត្តដោយខ្លួនឯងប៉ុណ្ណោះ។
ទាក់ទងរឿងនេះ លោក អន ទិត្យ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តដំបង លោក អ៊ី សុវណ្ណ ចេញដីកាឱ្យឃុំខ្លួន កាលពីថ្ងៃទី២១ ខែមេសា។ ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ តុលាការចោទប្រកាន់ជនសង្ស័យពីបទហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា។
ក្រុមអង្គការដែលលើកស្ទួយផ្នែកសិទ្ធិមនុស្សនៅក្នុងតំបន់ យល់ឃើញថា ការធ្វើទារុណកម្មប្រឆាំងជនត្រូវចោទក្នុងពេលឃុំខ្លួន វាជារឿងខុសនឹងគោលការណ៍ច្បាប់ និងបទដ្ឋានគតិយុត្តិជាអន្តរជាតិថែមទៀត។ ម្យ៉ាងវិញទៀត ឈ្មោះ អន ទិត្យ នេះ ត្រូវគេរកឃើញថា ជាមនុស្សវិកលចរិត ឬសរសៃប្រសាទ ដែលច្បាប់គួរមានការបន្ធូរបន្ថយទោស។
តាមរយៈលិខិតមួយច្បាប់របស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចុះកាលបរិច្ឆេទកាលពីថ្ងៃទី២៤ ខែមេសា ដែល វីអូឌី ទទួលបាន បញ្ជាក់ថា ឈ្មោះ អន ទិត្យ នេះ ពិតជាមនុស្សមានរោគវិកលចរិត។ ប្រភពពីខាងមន្ទីរពេទ្យ បញ្ជាក់ទៀតថា ជនត្រូវចោទនេះបានមកទទួលសេវាព្យាបាល និងបើកថ្នាំវិកលចរិតទៅតាមទម្លាប់ ៣ខែម្ដងជាប្រចាំ។
មន្ត្រីអ្នកនាំពាក្យតុលាការ និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចំនួន ៤នាក់ ពេលទាក់ទងតាមទូរសព្ទ កាលពីថ្ងៃទី២៧ ខែឧសភា ព្យាយាមមិនឆ្លើយនឹងសំនួរចំពោះរឿងក្តីនេះឡើយ។ ពួកគេគ្រាន់តែបានប្រាប់ថា ត្រូវបានផ្លាស់ប្ដូរតួនាទីអស់ហើយ ប៉ុន្តែ នៅប្រចាំការក្នុងខេត្តនេះដដែលនៅឡើយ។
ដោយឡែក អ្នកស្រី ជា ចាន់រស្មី ប្រធានផ្នែករដ្ឋបាលនៃតុលាការខេត្ត បានប្រាប់ថា អ្នកស្រីមិនអាចឆ្លើយបានទេ ព្រោះកំពុងជាប់ភារកិច្ចសំខាន់។
អ្នកស្រីបន្តថា៖ «សូមអធ្យាស្រ័យក្មួយ ដោយសារខ្ញុំកំពុងតែជាប់ប្រជុំជាមួយថ្នាក់ក្រសួង»។
បើទោះជាយ៉ាងនេះក្ដី មន្ត្រីផ្នែកសិទ្ធិមនុស្សក្នុងខេត្តបាត់ដំបង យល់ឃើញថា ជនសង្ស័យ ឬទណ្ឌិតដែលស្ថិតនៅក្នុងការឃុំខ្លួនក្នុងពន្ធនាគារ សិទ្ធិរបស់ពួកគេមិនបានដកហូតនោះទេ លើកលែងចំពោះការឃុំខ្លួនប៉ុណ្ណោះ។ ក្នុងន័យនេះ លោក យិន ម៉េងលី មន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) ចាត់ទុកថា ការធ្វើទារុណកម្ម ឬប្រើអំពើហិង្សាប្រឆាំងទៅលើជនជាប់ឃុំ ដោយឆ្មាំពន្ធនាគារក្នុងពេលកំពុងបំពេញមុខងារ ហើយអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរថែមទៀត វាគឺជាបទល្មើសឧក្រិដ្ឋ។
មាត្រា ៨១ នៃច្បាប់ស្ដីពីពន្ធនាគារ ចែងថា ការធ្វើទារុណកម្ម អំពើឃោរឃៅ និងរាល់ទម្រង់ផ្សេងទៀតនៃការរំលោភបំពានដែលប្រព្រឹត្តទៅលើជនជាប់ឃុំ ត្រូវផ្ដន្ទាទោសដោយយោងទៅតាមច្បាប់ព្រហ្មទណ្ឌ។
មាត្រា ២១០ នៃក្រមព្រហ្មទណ្ឌ ចែងថា ការធ្វើទារុណកម្ម និងអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាម្នាក់ដែលទន់ខ្សោយ ពិសេសដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានរកឃើញជាក់ស្ដែង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារដែលមានស្ថានទម្ងន់ទោសពី ១០ ទៅ ២០ឆ្នាំ។
លោក យិន ម៉េងលី មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ប្រចាំខេត្តបាត់ដំបង មានប្រសាសន៍ថា យុត្តិធម៌ដែលភាគីក្នុងរឿងក្ដីនេះ នឹងត្រូវទទួលបានបែបណានោះ គឺមិនអាចប៉ាន់ស្មានបាននៅឡើយទេ។ លោកបន្ថែមថា មានតែការកាត់ក្ដីដោយមិនលម្អៀង និងបើកការស៊ើបអង្កេតដោយស៊ីជម្រៅពីតុលាការប៉ុណ្ណោះ ទើបអាចនិយាយបានថា យុត្តិធម៌នឹងកើតឡើងចំពោះជនរងគ្រោះក្នុងសំណុំរឿងព្រហ្មទណ្ឌនេះបាន។
លោកបន្ថែមថា៖ «ខ្ញុំចង់សង្កត់ថា សូមឱ្យតុលាការធ្វើការស្រាវជ្រាវអំពីបញ្ហាហ្នឹងឱ្យបានម៉ត់ចត់ដើម្បីស្វែងរកយុត្តិធម៌ដល់ក្រុមគ្រួសារ ដើម្បីឱ្យក្រុមគ្រួសារនៃសព ឬជនរងគ្រោះ គាត់ស្ងប់ចិត្តពីបញ្ហាទាំងអស់ហ្នឹង»។
របាយការណ៍របស់អង្គការលីកាដូចេញផ្សាយកាលពីឆ្នាំ២០០២ បានបង្ហាញថា នៅអំឡុងឆ្នាំ២០០១ មានទណ្ឌិត និងពិរុទ្ធជនស្លាប់នៅក្នុងពន្ធនាគារចំនួន ៥៣នាក់។ ពន្ធនាគារទាំង ១២ទីតាំង អង្គការលីកាដូ រកឃើញថា មានតែមណ្ឌលកែប្រែទី១ (តេ៣) មានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ៣០នាក់។
ចំណែកការធ្វើទារុណកម្មអំឡុងពេលឃុំខ្លួនវិញ អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សនេះ ឱ្យដឹងទៀតថា ក្នុងចំណោមពិរុទ្ធជនជាង ២ពាន់នាក់ ក្នុងនោះមានពិរុទ្ធជនជិត ៣រយនាក់ហើយ រកឃើញថា រងការធ្វើទារុណកម្មក្នុងប៉ុស្តិ៍ឃុំឃាំងរបស់នគរបាលយុត្តិធម៌។
ដោយឡែក ២៨នាក់ផ្សេងទៀត ក្នុងចំណោមពិរុទ្ធជនជាង ២ពាន់នាក់នោះ ត្រូវបានលីកាដូរកឃើញថា ត្រូវបានធ្វើទារុណកម្មនៅតាមពន្ធនាគារផ្សេងៗ។
ទាក់ទងរឿងក្ដីព្រហ្មទណ្ឌនេះដែរ សពជនរងគ្រោះឈ្មោះ អន ទិត្យ ត្រូវបានក្រុមគ្រួសារបូជានៅនិងវត្តបច្ឆា ក្នុងក្រុងបាត់ដំបង និងធ្វើបុណ្យទៅតាមប្រពៃណីរួចហើយ។
បើទោះជាបែបណាក្ដី អ្នកស្រី យន គីម ដែលអះអាងថា ត្រូវជាម្ដាយមីងរបស់ជនជាប់ចោទ បញ្ជាក់ថា អ្នកស្រី និងក្រុមគ្រួសារនឹងនៅតែបន្តស្វែងរកយុត្តិធម៌សម្រាប់សពដែលបានស្លាប់ទៅ ដើម្បីសងការឈឺចាប់នេះត្រឡប់មកវិញ៕