លោ​ក ស ខេង ហៅ​​បញ្ហា​​បំណុល​​ថា​​កំពុង​​គំរាម​កំហែង​​ស្ថិរ​ភាព​​នយោ​បាយ​

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង បាន​លើកឡើង​ថា បញ្ហា​បំណុលត្រូវ​បាន​អ្នកនយោបាយ​មួយ​ក្រុម​ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​នយោបាយ។

លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែងភិបាល​ខេត្ត​កែបនៅ​ថ្ងៃសុក្រ​នេះ​ថា កម្ពុជា​មាន​សន្តិភាព​យ៉ាង​រឹងមាំ និង​ស្ថិរភាព​នយោបាយ​យ៉ាង​ល្អ​ប្រសើរ​ដែរ។

ប៉ុន្តែ​ មេដឹកនាំ​រូប​នេះ​ថា នៅពេល​ដែល​កម្ពុជាមានការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ១៩ ត្រូវ​បាន​ក្រុម​អ្នកនយោបាយ​ដែល​លោក​ហៅ​ថា អ្នក​ប្រជានិយម បាន​យក​បញ្ហា​ដែល​ពលរដ្ឋ​អត់​ការងារ​ធ្វើ និង​បញ្ហា​បំណុល​ជាដើម វាយប្រហារ ​និង​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល។ លោក​ជំរុញ​ឱ្យ​មន្ត្រី​មូលដ្ឋាន​ខិតខំ​ពន្យល់​បញ្ហា​នេះ​ឱ្យ​ពលរដ្ឋ​បាន​យល់ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ។

លោក​ ស ខេង៖ «បំភ្លឺ​សាធារណមតិ ពិសេស​ប្រជាពលរដ្ឋ​ ដើម្បីឱ្យលោក​យល់​អំពី​បញ្ហា​នេះ​ពីព្រោះ​បើមិនដូច្នោះទេ ធ្វើឱ្យមានការ​យល់​ច្រឡំ​ ហើយ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ»។

លោក ស ខេង ក៏បាន​បញ្ជាក់​ជំហរ​នៅក្នុង​ពិធី​នោះ​ដែរ​ថា ការ​ជំពាក់បំណុល​គឺ​ត្រូវតែ​សង ប៉ុន្តែ​ក្នុង​ស្ថានភាព​នេះ អាច​មាន​កា​រស​ម្របសម្រួល ​ដើម្បី​ផ្អាក ​ឬពន្យារពេល​នៃ​ការ​សង​បាន។

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ក្រៅប្រទេស លោក សម រង្ស៊ី បាន​ថ្លែង​តាមរយៈ​សារ​លើ​ហ្វេសប៊ុករបស់​លោក នៅថ្ងៃទី១៥ ខែឧសភា​ ថា ពលរដ្ឋ​រាប់​លាន​នាក់ដែល​ជាប់បំណុល ពួក​គេ​រកតែ​បាយ​ហូប​មិនបាន​ផង គ្មាន​លទ្ធភាព​ឯណា​សងបំណុល​ទៅ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជា​ម្ចាស់បំណុល​នោះ​ទេ ។

លោក​ថា៖ «អ្នក​ដែល​ជំពាក់បំណុល​ធនាគារ មីក្រូហិរញ្ញវត្ថុ​ យើង​ត្រូវតែ​ស្រុះគ្នា​ យើង​ធ្វើ​ចលនា យើង​ប្រាប់​ធនាគារ មីក្រូហិរញ្ញវត្ថុ​ អង្គការ​ទាំងអស់​ហ្នឹង​ថា ​ឥលូវនេះ​យើង​អត់​បង់»។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោកបណ្ឌិត មាស នី បង្ហាញ​ការយល់ឃើញ​ថា បញ្ហា​បំណុល​វា​នឹង​បង្ក​ជា​វិបត្តិ​សង្គម បើ​រដ្ឋាភិបាល​មិន​ពង្រឹងប្រ​សិទ្ធ​ភាព​ដោះស្រាយ​ទេ​នោះ ដោយ​ថា កូវីដ១៩ វា​បាន​គំរាមកំហែង​ទាំង​អាយុជីវិត និង​សេដ្ឋកិច្ច​ពលរដ្ឋ និង​សង្គម​ទាំងមូល។

លោក​ថា៖ «កាលណា​បញ្ហា​នេះវា​អូស​បន្លាយ​យូរ​ទៅ ​ស្ថាប័ន​ប្រាក់កម្ចី​គ្នា​ក៏​អត់​លុយ​សម្រាប់​ទប់ ចិញ្ចឹម​បុគ្គលិក​ដែរ ជួនកាល​វា​អាច​ដួល​ទាំងអស់គ្នា បើ​គ្មាន​វិធាន​ច្បាស់លាស់​ដើម្បី​ជួយសង្គ្រោះ​រឿង​ហ្នឹង»។

ក្រុម​អង្គការ​ស​មា​គម ១៣៥ស្ថាន​ប័ន កាលពី​ថ្ងៃទី២៧ ខែមេសា​ឆ្នាំនេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​បង្ហាញថា ពលរដ្ឋ​ជាង ២លាន ៦សែន​នាក់ បាន​ជាប់បំណុល​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​ថា ជាមធ្យម​ម្នាក់​ជំពាក់​ជិត ៤ពាន់​ដុល្លារ ​(៣៨០០​)។

សង្គម​ស៊ីវិល​ទាំងនោះ បង្ហាញ​ការ​ព្រួយបារម្ភ​ដែរ​ថា វិបត្តិ​កូ​វីដ១៩ នឹង​ធ្វើឱ្យ​អ្នក​ជាប់បំណុល​ប្រឈម​នឹង​ហានិភ័យ​សុខភាព លំនៅ​ដ្ឋាន ដីធ្លី​របស់​ពួក​គេ ដែល​បាន​ដាក់ជា​ទ្រព្យ​បញ្ចាំ បើ​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យពន្យារពេល​សង​ទាំង​ការប្រាក់ ទាំង​ដើម យ៉ាងតិច ៣ខែ និង​ប្រគល់ឱ្យទ្រព្យ​បញ្ចាំ​​មក​កូនបំណុល​វិញ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ