វិធាន​ការ​​បញ្ចុះ​​ពន្ធ​​នៅ​​ថៃ​ ជួយ​​ពល​រដ្ឋ​៨​លាន​​នាក់​​មិន​​ឱ្យ​​បាត់​បង់​​ការងារ​​

ប៉ូលីសអន្តោប្រវេសន៍ម្នាក់ពាក់ម៉ាស់ការពារ នៅត្រង់ចំនុចត្រួតពិនិត្យមួយកន្លែងក្នុងក្រុងបាងកក អំឡុងវិបត្តិកូវីដ១៩ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (REUTERS/Soe Zeya Tun)

វិធានការ​បន្ធូរបន្ថយ​ការ​យកពន្ធ​លើ​ប្រាក់ចំណូល និង​ផ្តល់​កម្ចី​ការប្រាក់​ទាបដល់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ឬហៅ​កាត់​ថា SME របស់​រដ្ឋាភិបាល​ថៃ ត្រូវ​បាន​រំពឹង​ថា នឹង​សង្គ្រោះ​ការងារ​ពលរដ្ឋ​ជាង ៨លាន​កន្លែង​មិន​ឱ្យ​បាត់បង់ នៅចំពោះមុខ​វិបត្តិ​កូ​វីដ១៩ ដែល​កំពុង​បន្ត​អូស​បន្លាយ។

តាម​ការសិក្សា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច និង​សង្គមជាតិ​ថៃ ការងារ ៨លាន ៤សែនកន្លែង ក្នុងចំណោម ១៤លាន ៤សែន​កន្លែង កំពុង​ប្រឈម​នឹងការបាត់បង់​នៅ​ត្រីមាស​ទី២ និង​ទី៣ ដោយសារ​វិធានការ​បិទ​ខ្ទប់​ប្រទេស ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩របស់​អាជ្ញាធរ។

កាសែត​រដ្ឋ​ចិន Xinhuanet ចុះផ្សាយ​នៅ​ថ្ងៃ​មិ្ស​លមិញ​ថា ការងារ​ដែល​រង​ហានិភ័យ​ពី​ការបាត់បង់​ទាំងនោះ រួមមាន ​ក្នុង​វិស័យ​ទេសចរណ៍ ២លាន ៥សែន វិស័យ​ឧស្សាហកម្ម ១លាន ៥សែន និង​វិស័យ​សេវាកម្ម ៤លាន ៤សែន ខណៈ​មានការ​ងារ ៣៧ម៉ឺន​កន្លែង​ហើយ​បាន​បាត់បង់​ក្នុងរយៈ​ពេល​ថ្មី​ៗនេះ។

តាម​ប្រភព​ពី​កាសែត ThaiPBSWorld អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច និង​សង្គមជាតិ​ថៃ លោក Thosaporn Sirisamphand ថ្លែង​ថា ការងារ​ជាង ៨លាន​កន្លែង​នោះ​នឹង​រក្សា​បាន ក្រោម​កញ្ចប់​មូលនិធិ​រដ្ឋ​ចំនួន ៤រយ​ពាន់​លាន​បាត ឬស្មើ​ជាង ១២ពាន់​លាន​ដុល្លារ ដែល​បាន​ទម្លាក់​កាលពី​ខែមីនា ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​ជួយ​ដល់​វិស័យ SME។

កញ្ចប់​ថវិកា​សង្គ្រោះ​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ធនាគារ​កណ្តាល​ថៃ ដើម្បី​ឱ្យ​ស្ថា​ប័ន​ជាតិ​មួយ​នេះ អាច​ជួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​ទម្លាក់​អត្រា​ការប្រាក់​កម្ចី ពន្យារ​ពេល​សង​ត្រឡប់ និង​ផ្តល់​កម្ចី​ការប្រាក់​ទាប​ដល់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ SME និង​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក​ធ្វើការ​ក្នុង​វិស័យ​នេះ

ប្រភព​ពី​នាយកដ្ឋាន​ពន្ធ​ដា​រថៃ អត្រា​ការប្រាក់​កម្ចី​សម្រាប់​វិស័យ​នេះ ត្រូវ​បាន​បញ្ចុះ ១ដង​កន្លះ គិត​ធៀប​ទៅ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ក្នុងរយៈពេល ១២ខែ​ចុងក្រោយ​ (មុន​ដំណាច់ឆ្នាំ២០១៩​) ហើយ​ពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក​ត្រូវ​បាន​បន្ធូរ ៣ដង។ 

តាម​ប្រភព​ដដែល វិធានការ​ទាំងនេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយចំនួន ក្នុង​នោះ​មាន​លក្ខខណ្ឌ​មួយគឺ ​តម្រូវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន និង​អាជីវកម្ម​ទាំងអស់​ត្រូវតែ​រក្សា​បុគ្គលិក​របស់​ខ្លួន​ក្នុង​ចំនួន​មិន​ឱ្យ​ទាប​ជាង​ចំនួន​បុគ្គលិក​ដែល​បាន​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​របប​សន្តិសុខ​សង្គម។

ការ​បន្ធូរបន្ថយ​នេះ​ដែរ គិត​ចាប់ពី​ខែមេសា​ដល់​ដំណាច់ឆ្នាំ២០២០ សម្រាប់​កម្ចី SME ហើយ​សម្រាប់​បុគ្គលិក គិត​ចាប់ពី​ខែមេសា ​ដល់​ខែកក្កដា ហើយ​ក្រុមហ៊ុន និង​អាជីវកម្ម​នី​មួយ​ៗត្រូវ​មាន​បុគ្គលិក​មិន​លើស​ពី ២រយ​នាក់ និង​ចំណូល​ប្រចាំឆ្នាំ​ក្រោម ៥រយ​លាន​បាត។

តាម​របាយការណ៍​ស្ថិតិ​ពី​ធនាគារ​កណ្តាល​ថៃ ប្រភេទ​អាជីវកម្ម​ក្នុង​វិស័យ SME ដែល​មាន​បុគ្គលិក​ក្រោម ២រយ​នាក់ និង​ទ្រព្យសម្បតិ្ត​ក្រោម ២លាន​បាត​នេះ គឺ​មាន​ប្រមាណ ៣លាន​មុខ និង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ថៃ​ជាង ១០លាន​កន្លែង គិត​ត្រឹម​ឆ្នាំ២០១៨ ហើយ​បាន​ចូលរួម​ចំណែក ៣៦ភាគរយ​នៃ​ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប GDP។

នាយករង​ធនាគារជាតិ​ថៃ លោក Ronadol Numnonda បានឱ្យ​ដឹង​នៅ​ថ្ងៃពុធ​ថា មាន​ម្ចាស់SME ដែល​រង​ផល​ប៉ះ​ពាល​ពី​ជំងឺ​កូ​វីដ១៩ ប្រមាណ ៣ម៉ឺន ៥ពាន់​នាក់ ហើយ​បាន​ដាក់ពាក្យ​ស្នើ​កម្ចី​ការប្រាក់​ទាប ១ភាគរយ​ក្នុង១ឆ្នាំ ពី​ធនាគារ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៥៨ពាន់​លាន​បាត។ 

ថៃ​គឺជា​ប្រទេស​អាស៊ាន​ដែល​បាន​បញ្ចេញ​កញ្ចប់ថវិកា​សង្គ្រោះ​ច្រើនជាង​គេ​លំដាប់​ទី២​ក្នុង​តំបន់ ដែល​ស្មើ​ប្រមាណ ៨៤ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម ដែល​រង​ការ​ប៉ះទង្គិច​ពី​មេរោគ​ដែល​មាន​ប្រភព​ឆ្លង​រាតត្បាត​ដំបូងបង្អស់​ចេញ​មក​ពី​ក្រុង​វូ​ហាន ខេត្ត​ហឺប៉ី ប្រទេស​ចិន។ 

អាជ្ញាធរ​ប្រទេស​នេះ បានសម្រេច​បន្ត​វិធានការ​បិទ​ប្រទេស ១ខែ​ទៀត រហូតដល់​ដំណាច់ខែ​មិថុនា ខណៈ​ស្ថានភាព​រាតត្បាត​របស់​មេរោគ​នៅ​ជុំវិញ​ពិភពលោក ពុំ​ទាន់​ថមថយ ជាមួយ​ករណី​ស្លាប់​កើន​ដល់​ជាង ៣៦ម៉ឺន​ករណី ក្នុងចំណោម​ករណី​ឆ្លង​សរុប​ជិត ៦លាន​ករណី។

យ៉ាងណា អាជីវកម្ម សេវាកម្ម និង​សកម្មភាព​ជាច្រើន ដែល​ប្រឈម​ការ​ចម្លង​ទាប ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​​ឡើងវិញ​ជា​បណ្តើរ​ៗ ខណៈ​ករណី​ឆ្លង​ក្នុង​សហគមន៍​បាន​ធ្លាក់ចុះ​ដល់​សូន្យ​ករណី​ចាប់ពី​ដើមខែ​ឧសភា ដោយ​មិនរាប់​ករណី​នាំចូលដែល​រក​ឃើញ​លើ​អ្នកដំណើរ​មក​ពីក្រៅ​ប្រទេស​ដែល​ត្រូវ​បាន​បង្ខាំង​ទុក​ដោយឡែក ១៤ថ្ងៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ