អតីត​​សមាជិក​​ក្រុម​ប្រឹក្សា​​ខេត្ត​កំពង់ធំ​​បក្ស​​សង្រ្គោះ​​ជាតិ​​ត្រូវ​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​

គ្រូ​បង្រៀន​ និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ ឡើងថ្លែងក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ស៊ុន ធន់ – Sun Thun. Page)

គ្រូ​បង្រៀន​ និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់​ធំ​ចាប់​ខ្លួននៅព្រឹកថ្ងៃចន្ទនេះ។

លោក កៅ សីហា ដែល​អះអាង​​ថា ​ត្រូវ​ជា​បង​ថ្លៃ​របស់​លោក ស៊ុន ធន់ បាន​ប្រាប់​វីអូឌី​តាម​ទូរសព្ទ​នៅ​ថ្ងៃ​ទី១ ខែមិថុនា ថា​ លោក និង​សាច់ញាតិ​ពិត​ជា​ខ្វល់ខ្វាយ​ជា​ខ្លាំង ក្រោយ​សមត្ថកិច្ច​ចាប់ និង​នាំ​ខ្លួន​លោក ស៊ុន ធន់ ចេញ​បាត់​ដោយ​គ្មាន​ដំណឹង​បែប​នេះ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ដីកា​ត្រឹមត្រូវ​ណា​មួយ​ឡើយ ជាង​នេះ​ទៀត ​គេ​ក៏​ពុំ​បាន​ដឹង​ថា ​តើ​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​កំពង់​ធំ​រូប​នេះ ត្រូវ​រងការ​ចោទ​ប្រកាន់​ពី​បទ​អ្វី​ឱ្យ​ពិត​ប្រាកដ​នោះដែរ។

លោក​បន្ត​ថា៖ «ព្រួយ​នោះ​​ព្រួយ​ពេក​ហើយ ព្រោះ​បាត់​តាម​រក​អត់​ឃើញ​ផង។ តាម​រក​គាត់ ​អត់​ឃើញ​ទេ គេ​ថា​ យក​ទៅ​ក្រសួង​បាត់​ហើយ។ ហើយ​ខ្ញុំ​ឱ្យ​គេ​សួរ​នៅ​ខាង​ក្រសួង​ហើយ ​គេ​ថា​មិន​ដឹង​ក្រសួង​ណា​ផង»។

បើ​តាម​លោក កៅ សីហា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​នឹង​មុខ​ផ្ទះ​លោក ស៊ុន ធន់ ដោយ​ផ្ទាល់ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែមិថុនា។ ការ​អនុវត្ត​បទបញ្ជា​នេះ ត្រូវ​បាន​លោក សីហា អះអាង​ថា គឺ​អនុវត្តដោយ​ផ្ទាល់​ពី​ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទ្រាល ​គឺ​លោក គ្រី សារិទ្ធ។

ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទ្រាល ​លោក គ្រី សារិទ្ធ បដិសេធ​តាម​ទូរសព្ទ​ក្នុង​ការ​ផ្ដល់​ចម្លើយ​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ មុន​នឹង​លោក​ផ្ដាច់​​ទូរសព្ទ​ទៅ​វិញ។

បើ​ទោះ​ជា​បែប​ណា ស្នងការ​ខេត្ត​កំពង់ធំ​ លោក អ៊ុក កុសល ឱ្យ​ដឹង​ថា លោក ស៊ុន ធន់ ពិត​ជា​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​មែន។ លោក​បន្ត​ថា​ មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ នគរបាល​យុត្តិធម៌​ខេត្ត អនុវត្ត​តាម​ដីកា​បង្គាប់បញ្ជា​ពី​តុលាការ​ក្រុង​ភ្នំពេញ។

លោក​បន្ថែម​ថា៖ «អង្គភាព​ខាង​ខ្ញុំ​គឺ​អនុវត្ត​នៃ​ការ​ចាប់​ខ្លួន​តាម​ដីកា។ យើង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ។ និយាយ​ទៅ​រឿង​នេះ​ ខាង​ណោះ​ម្ចាស់​ករណី យើង​ត្រូវ​បញ្ជូន​ឱ្យ​គេ»។

លោក ស៊ុន ធន់ បច្ចុប្បន្ន​ជា​គ្រូ​បង្រៀន​​នៅ​ស្រុក​បារាយណ៍ ​ខេត្ត​កំពង់ធំ។ មុន​នឹង​លោក​ក្លាយ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រយៈពេល លោក ស៊ុន ធន់ ក៏​ធ្លាប់​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​នៅ​ខេត្ត​កំពង់​ធំ​នេះ​ដែរ។

ទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ លោក រ៉ុន ឈុន ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ វា​ជា​ចេតនា​នយោបាយ​ច្រើន​ជាង ការ​អនុវត្ត​ដោយ​យោង​លើ​បទល្មើស។ បើ​តាម​លោក ឈុន ក្នុង​នាម​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​នេះ ​នឹង​បន្ត​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​ផ្ដល់​យុត្តិធម៌​ដល់​លោក ស៊ុន ធន់ វិញ។

លោក​បន្ថែម​ថា៖ «សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​យើង​នឹង​ធ្វើ​បទ​អន្តរាគមន៍​ទៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ និង​ទៅ​ដល់​អន្តរជាតិ​ផង។ យើង​ដឹង​ហើយ ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ជា​សមាជិក​របស់​អង្គការ​អប់រំ​អន្តរជាតិ​ដែល​មាន​សមាជិក ​៣០​លាន​នាក់​នៅ​លើ​ពិភព​លោក​នេះ។ហើយ​លោក ស៊ុន ធន់ ក៏​សមាជិក​របស់​អង្គការ​អប់រំ​ពិភព​លោក​មួយ​រូប​ដែរ»។

បើ​តាម​លោក កៅ សីហា មុន​នឹង​ចាប់​ខ្លួន​លោក ស៊ុន ធន់ ដំបូង​ឡើយ ក្រុម​នគរបាល១ក្រុម​ដើរ​មក​សួរ​លោក ស៊ុន ធន់ ហើយ​និយាយ​ថា ​តើ​នឹង​រៀបចំ​អាពាហ៍ពិពាហ៍​ឱ្យ​កូន​ពេល​ណា។ លុះ​ដល់​ម៉ោង​ជិត​ ១១​ថ្ងៃ​ត្រង់ មាន​នគរបាល​មួយ​ក្រុម​ផ្សេង​ទៀត​អម​ដោយ​រថយន្ត​មួយ​គ្រឿង​ផង ក្រៀក​ចាប់​លោក ស៊ុន ធន់ បញ្ជូន​ចូល​ឡាន​តែម្ដង។

បើ​ទោះ​ជា​ស្នងការ​ខេត្ត​កំពង់ធំ​បាន​អះអាង​ថា ​លោក ស៊ុន ធន់ ក្រោយ​ចាប់​ខ្លួន ​ត្រូវ​បាន​បញ្ជូន​មក​ទីក្រុង​ភ្នំពេញ​ក្ដី ចំណែក​អ្នកនាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​ លោក គុជ គឹមឡុង បដិសេធ​យ៉ាង​ខ្លី​ថា ​លោក​នៅ​ពុំ​ទាន់​បាន​ដឹង​រឿង​នេះ​ច្បាស់​នៅ​ឡើយ​ទេ។

លោក​និយាយ​ថា៖ «ខ្ញុំ​អត់​បាន​ដឹង​អី​ផង។ ចាំ​តិច​មើល៎! ឈ្មោះ​អី​គេ ចាំ​ជួយ​សរសេរ​តិច​មក»។

រហូត​មក​ដល់​ពេល​នេះ ខាង​តុលាការ​ក្រុង​ភ្នំពេញ នៅមិន​ទាន់​អាច​បញ្ជាក់​ពី​សំណុំរឿង​ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួនអតីត​មន្ត្រី​សមាគម​គ្រូ​បង្រៀន​នេះ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​វីអូឌីបាន​ផ្ញើ​សំណួរ​រួច​ហើយតាម​រយៈ​បណ្ដាញ​សង្គម​ក្ដី។

លោក រ៉ុង ឈុន ឱ្យ​ដឹង​ថា​ ការ​ចាប់​ខ្លួន​អតីត​អ្នក​គាំទ្រ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​ប្រឆាំងមួយ​រយៈ​ចុងក្រោយ​នេះ វា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ជាជាង​អនុវត្ត​ទៅ​លើ​បទល្មើស។ ទាំង​សហគមន៍​អឺរ៉ុប និង​អង្គការ​អន្តរជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​សម្បទា​ឱ្យ​បាន​ពេញលេញ​ឡើងវិញ ដល់​អតីត​មន្ត្រី​បក្ស​ប្រឆាំងដែល​ត្រូវ​បាន​តុលាការ​រំលាយ​កាល​ពី​ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ