លោក ហ៊ុន សែន រំឭក​​មន្ត្រី​ឱ្យ​​រក​​លទ្ធ​ភាព​​ជួយ​​កុមារ​​ក្រី​ក្រ​​អំឡុង​​ប្រទេស​​ជួប​កូ​វីដ​១៩​​

កុមារដើរឆ្លងលើបន្ទះឈើដើម្បីចេញចូលលំនៅដ្ឋានក្នុង​សហគមន៍​ក្រីក្រមួយ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨។ (រូបថត៖ ឃុត សុគន្ធ)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ១មិថុនា​នេះ បាន​ចេញ​សារ ៦ចំណុច ក្រើន​រំឭក​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​រក​លទ្ធភាព​ជួយ​កុមារ​ក្រីក្រ និង​ពិការភាព ឱ្យពួក​គេ​ទទួល​បាន​សេវា​សុខភាព និង​អប់រំ ដូច​កុមារ​ដទៃទៀត អំឡុង​ពេល​ប្រទេស​ជួប​ជំងឺ​កូ​វីដ១៩។

កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​វីដ១៩ ចំនួន ១២៥នាក់​ចាប់ពី​ខែមករា​មក។ បញ្ហា​នេះ រដ្ឋាភិបាល​ប្រកាស​បិទ​កម្មវិធី​បុណ្យជាតិ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង​វិស័យ​អប់រំ​ជាដើម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាលនៃកូវីដ១៩។

តាម​សារលិខិត​បង្ហោះ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី បាន​ក្រើន​រំឭក​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​បន្ត​អនុវត្ត​សេចក្តី​ណែនាំ​របស់ក្រ​សួង​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ទប់ស្កាត់​ការ​ឆ្លង​កូ​វីដ១៩។

លិខិត​បន្ត​ថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រក​លទ្ធភាព​ជួយ​កុមារ​គ្រប់រូប ពិសេស​កុមារ​មានពិការភាព កុមារ​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ ឱ្យពួក​គេ​ទទួល​បាន​សេវា​ថែ​ទំាំ​សុខភាព និង​អប់​រំ​ស្មើ​ៗគ្នា អំឡុង​ប្រទេស​រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩។

លោក ហ៊ុន សែន រៀបរាប់​ក្នុង​លិខិត​ថា៖ «ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​ប្រែង​ប្រែង​រក​លទ្ធ​ភា​ពក្នុ​ងកា​រធ្វើ​យ៉ាងណា​ឱ្យកុមារ​គ្រប់រូប​នៅ​គ្រប់កន្លែង ​ជាពិសេស​កុមារ​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ ទទួល​បាន​សេវា​អប់រំ អនាម័យ និង​ទឹក​ស្អា​តស្មើ​ៗគ្នា​នៅក្នុង​អំឡុង​ពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩»។

មេដឹកនាំ​រូប​នេះ ក៏បាន​ក្រើន​រំឭក​ផង​ដែរ ឱ្យ​ចាត់វិធានការ​ការពារ​កុមារ​ពី​អំពើ​ហិង្សា​គ្រប់រូប​ភាព និង​អប់រំ​កុមារ​ពីរ​បៀ​បការ​ពារ​ខ្លួន​ប្រឆាំង​នឹង​ការរំលោភ​បំពាន ការបៀតបៀន​ផ្លូវភេទ និង​ធ្វើឱ្យ​កុមារ​យល់ដឹង និង​ចេះ​រាយការណ៍​ទៅ​អាជ្ញាធរ និង​មនុស្ស​ពេញវ័យ អំពី​អំពើ​រំលោភបំពាន​តាម​គ្រប់រូប​ភាព ដើម្បី​បន្ត​ចូលរួម​លើកស្ទួយ​វិស័យ​សុខុមាលភាព​កុមារឱ្យកាន់តែ​ល្អ​ប្រសើរ។

បច្ចុប្បន្ន ក្រសួង​អប់រំ​នៅ​មិនទាន់​ប្រកាស​ឱ្យសាលារៀន​នៅ​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ ក្រោយពី​កម្ពុជា​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ ក្រសួង​បាន​ជំនួស​មកវិញ​នូវ​ការ​បង្រៀន​គ្រប់​កម្រិត​តាម​អន​ឡាញ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វិ​ចា ប្រាប់ VOD តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា ក្រសួង​នឹង​បន្ត​ពង្រឹង​ប្រសិទ្ធភាព​អប់រំ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡា​ញនេះ តប​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល ជា​អ្វី​ដែល​លោក​ហៅថា ដើម្បី​បង្កើន​សមត្ថភាព​សិស្សានុសិស្ស​ផង និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វីដ១៩ផង។

លោក រស់ សុ​វិ​ចា ប្រាប់​ថា៖ «គ្រួសារ​ដែល​មិនទាន់​មានទូរទស្សន៍​ អាច​រៀន​តាម​ទូរទស្សន៍​ជាមួយ​អ្នកជិតខាង ​មិន​ឱ្យលើស ១០នាក់​ ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្ត​គោលការណ៍​វេជ្ជសាស្ត្រ​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល»។

ប្រធាន​មជ្ឈមណ្ឌល​ទស្សន​វិទ្យា​អនុវត្តន៍ និង​សង្គម លោក​បណ្ឌិត ប៉ា ច័ន្ទ​រឿន និយាយ​ថា សិទ្ធិ​ទទួល​បានការ​អប់រំ និង​ការ​ព្យាបាល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ ហើយ​ថា បញ្ហា​កូ​វីដ១៩ ធ្វើ​ឱ្យកុមារ​ប្រឈម​កង្វះ​អាហារូបត្ថម្ភ ដោយសារ​ឪពុក​ម្តាយ​បាត់បង់​ចំណូល។

អ្នកឃ្លាំមើល​រូប​នេះ ហៅ​ការ​ជួយ​កុមារ​ក្រីក្រ​នៅ​តាម​ជនបទ អំឡុង​កម្ពុជា​រង​ផល​ប៉ះពាល់​កូ​វីដ១៩នេះ នឹង​មិន​អាច​ទៅរួច​ទេ បើ​រដ្ឋាភិបាល​គ្មាន​កញ្ចប់​ថវិកា​ដោះ​ស្រាយ​ទំហំ​នៃ​ផល​ប៉ះពាល់​ជីវភាព​ឱពុក​ម្តាយ​ពួក​គេ​ទេ​នោះ។

លោក ប៉ា ច័ន្ទ​រឿន ប្រាប់​ថា៖ «កុមារ​នៅ​ជនបទ​ភាគច្រើន​មិនបាន​ទទួល​សេវា​សិក្សា​ទេ ដោយសារតែ​ទី១ ទាំង​សិស្សានុសិស្ស​ និង​ឱពុក​ម្តាយ​គ្មាន​លទ្ធភាព​ទិញ​ឧបករណ៍​អេ​ឡិច​ត្រូ​និច ដូចជា​ ទូរសព្ទ​ដៃ​វ័យ​ឆ្លាត អាយ​ផេដ ឬក៏​ឡេ​បថប​អីហ្នឹង​ឱ្យក្មេង​ប្រើប្រាស់​បាន និង​ចំណុច​មួយទៀត​ ទោះបី​មាន​ឧប​ករណ៍​វ័យ​ឆ្លាត​ហ្នឹង​ក៏ដោយ ប៉ុន្តែ អ៊ីនធឺ​ណិ​តនៅ​ស្រុកស្រែ ​វា​យឺត ហើយ​តម្លៃ​វា​ថ្លៃ​ទៀត»។

លោក ប៉ា ច័ន្ទ​រឿន ផ្តល់​ជា​យោបល់​ថា ប្រសិទ្ធភាព​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន ខណៈ​ក្រសួង​មិនទាន់​អាច​បើក​សាលា​នៅឡើយ​នោះ រដ្ឋ​គួរ​បង្វែរ​ថវិកា​សម្រាប់​សាលា មក​បង្កើត WiFi នៅ​តាម​ឃុំ ឬភូមិ ដើម្បីឱ្យកុមារ​ក្រីក្រ​មានឱកាស​ប្រើប្រាស់​អ៊ីន​ធឺ​ណិតដោយ​ឥតគិតថ្លៃ​ អំឡុង​ក្រសួង​បន្ត​បង្រៀន​តាម​អន​ឡា​ញនេះ។

របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​មូល​និ​ធិ​ហិរ​ញ្ញ​ប្ប​ទាន​សកល ​(GFF​) ដែល​ជា​ស្ថាប័ន​ផ្តោត​លើ​សុខភាព បាន​ព្យាករ​ថា ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ១៩ វា​នឹង​ធ្វើឱ្យ​អត្រា​មរណភាព​របស់​កុមារ និង​មាតា​កម្ពុជា កើនឡើង​នៅ​ឆ្នាំ២០២១ខាងមុខ។

របាយការណ៍​ចេញផ្សាយ​កាលពី​ខែឧសភា​ឆ្នាំនេះ អះអាង​ទៀត​ថា អត្រា​ស្លាប់​របស់​កុមារ​កម្ពុជា​នឹង​កើន ៣៥ភាគរយ ចំណែក​មរណភាពរបស់​មាតា​វិញ នឹង​កើនឡើង ៥០ភាគរយ។

របាយការណ៍​បញ្ជាក់​ថា កំណើននៃ​អត្រា​មរណៈនេះ ដោយសារតែ​ខ្វះ​បច្ចេកទេស និង​ថ្នាំ​មួយចំនួន ខណៈ​ពិភពលោក​មិនទាន់​រក​ឃើញ​វ៉ា​ក់សាំង​ការពារ​ពីមេរោគឆ្លងកូវីដ១៩នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ