ប្រជាសហគមន៍នៅត្បូងឃ្មុំចោទក្រុមហ៊ុនចិនមួយថាបានផ្ដាច់ផ្លូវចូលទៅដីស្រែចម្ការពួកគាត់

អ្នកភូមិស្រែប្រាំងឈរនៅពីមុខគ្រឿងចក្រក្រុមហ៊ុនដែលឈូសផ្តាច់ផ្លូវចូលដីស្រែចម្ការពួកគាត់នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ (រូបភាព៖ផ្តលឱ្យ)

អ្នកភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​​​ បាន​អះអាងថាក្រុមហ៊ុន​​ចិន​​​មួយ​​បានឈូសឆាយ​ផ្ដាច់​ផ្លូវ​​ចូល​ទៅ​ដី​ស្រែចម្ការ​របស់​ពួកគាត់ ខណៈវិវាទដីធ្លីនៅតំបន់នោះ​ពុំទាន់ដោះស្រាយដាច់ស្រេចនៅឡើយ។

តំណាង​​សហគមន៍នៅក្នុងឃុំត្រពាំងព្រីង លោក ថា លីដា បានប្រាប់ VOD ថា​ក្រុមហ៊ុន​ចម្ការកៅស៊ូ​ ហាម៉ឹនី វីន​ អ៊ិនវេសមេន បានទៅឈូសឆាយផ្តាច់​ស្រែរបស់អ្នកភូមិ​នៅម៉ោង​ប្រមាណ​៣ទៀបភ្លឺ ថ្ងៃទី៤ ខែមិថុនា។ លោកបន្តថា​​​​​ លុះ​​ព្រលឹមឡើងប្រជាសហគមន៍​​ទៅមើលស្រែ​​ចម្ការរបស់​​គាត់ ផ្លូវដែល​​ត្រូវទៅ​​នោះ​​​បាន​​​កាត់ផ្ដាច់ទៅហើយ រួចពួកគាត់ក៏​​​នាំ​​គ្នាតវ៉ា​​និងបញ្ឈប់ការឈួសឆាយនោះ។

លោក លីដា ប្រាប់ថា៖«ក្រុមហ៊ុនហ្នឹងបានមកកាយ​​​​ផ្លូវ​​ផ្ដាច់បំផ្លាញខ្ទមអស់មួយ​។ ខាងពួក​ខ្ញុំក៏បាន​រាយការទៅអាជ្ញាធរឃុំនិងស្រុកដែរ តែគាត់ថា លុះត្រាតែ​​ខាង​​យើ​​ងហ្នឹង​សន្យា​​ជាមួយគេ​ ដកដំឡូងហើយឈប់តវ៉ា  បានគេមកសម្របសម្រួល​លើកផ្លូវមកលុប​ឲ្យយើង​វិញ»។​

ទោះជាយ៉ាងណា តំណាង​​សហគមន៍រូបនេះបញ្ជាក់ថា អ្នកភូមិនៅបន្តធ្វើស្រែចម្ការលើដី​សហគមន៍​នោះដដែល បើទោះបីជាមានការឈូសឆាយកាត់​ផ្តាច់​ផ្លូវបែបនេះក្តី។

VOD មិនអាចទាក់ទងភាគីក្រុមហ៊ុន​ចម្ការកៅស៊ូ​ ហាម៉ឹនី វីន​ អ៊ិនវេសមេន ដើម្បីសុំព័ត៌មានពី​​ករណីនេះ​​បាន​​នៅឡើយទេ។

អភិបាលរងស្រុក​តំបែរ លោក រ៉េត បូរ៉ាន់ ឲ្យដឹងថា វិវាទនេះគឺដល់ថ្នាក់ក្រសួងទៅហើយ រដ្ឋបាល​​ស្រុកបានត្រឹមត្រៀមកម្លាំង ដើម្បីអន្តរាគមន៍សម្របសម្រួលក្នុងនាមជាអាជ្ញាធ​រមូលដ្ឋានឲ្យភាគី​ទាំងពីរបាន​​ស្រុះស្រួល​គ្នា​​ប៉ុណ្ណោះ។​​

លោក រ៉េត បូរ៉ាន់ មានប្រសាសន៍ថា៖«ខាងខ្ញុំបានសុំខាងក្រុមហ៊ុនទៀតថា អត់អីទេដោយសារ​តែគាត់បានដាំដុះហើយ យើងក៏មិន​​ចង់​​​​​ឲ្យមានការខាតបង់។ យើងបានទាក់ទងនៅក្រុមហ៊ុនអី គាត់ក៏បានអនុញ្ញាតឲ្យគាត់ដកប្រមូលផលដំឡូងរួចអស់ហើយក៏បានព្រមព្រៀងគ្នាដែរ។ ប៉ុន្តែខាងប្រជាពលរដ្ឋមួយរយៈចុងក្រោយនេះ គាត់មានទាំងធ្វើប៉ារ៉ាស់ ធ្វើខ្ទមអី សម្រាប់ដូចគេថា​ឆ្មាំការពារអីចឹង»។​

ពាក់ព័ន្ធនឹងជំលោះដីធ្លីនេះដែរ សាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៣ ខែមិថុនា​​ ម្សិលមិញ បានសម្រេចផ្តន្ទា​​ទោសតំណាងសហគមន៍ភូមិស្រែប្រាំង ​​​​លោក សែម សាង ឱ្យជាប់ពន្ធនាគារ៧​​ឆ្នាំពីបទកំហែង​​យកដោយមានអាវុធ។ លោក សែម សាង ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់​នៅ​ភូមិ​ស្រែប្រាំងកាលពី​ថ្ងៃទី​១៧ ខែតុលា ក្រោមបទចោទ​កំហែង​ដោយមាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រើប្រាស់​អា​វុ​ធ ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦។

មេធាវីរបស់អង្គការលីកាដូ ដែលការពារក្តីឲ្យលោក សែម សាង លោកស្រី សាម សុគន្ធា​ បានឲ្យដឹង​​ថា ក្នុងនាមជាមេធាវីការពារក្តីឲ្យលោក  សែម សាង គឺមិនអាចទទួលយក​​​សាលក្រមនេះ​​​ឡើយ ព្រោះ​​មានភាព​​អយុត្តិ​​ធម៌​​ពេក​​​សម្រាប់កូនក្តីលោកស្រី។ លោកស្រីបន្តថា នៅក្នុងសវនាការដេញដោលគឺកូនក្តីរបស់លោកស្រីបានឆ្លើយយ៉ាង​​ច្បាស់​​អំពីមូលហេតុ ដែលគាត់និងប្រជាសហគមន៍ដទៃទៀតបានដកហូតម៉ាស៊ីនកាត់ឈើពីដើមបណ្ដឹង គឺ​​ដើម្បីការពារ​​​ព្រៃឈើ​​​ពី​​កា​​រ​​កាប់បំផ្លាញ។

លោកស្រី សាម  សុគន្ធា​ និយាយថា៖«គាត់មានចរិកស្លូតត្រង់​ គឺគាត់បានបង្ហាញការពិតក្នុង​អង្គសវនាការ គឺ​​គាត់​​បាន​​បង្ហាញ​​យ៉ាងច្បាស់អំពីមូលហេតុថា ហេតុអីគាត់និងប្រជាពលរដ្ឋ​ផ្សេង​ទៀតទៅសុំដកត្រង់ស៊ីន័រ ( ម៉ាស៊ីន​​អា​​ឈើ)​ ​​ពីដើមបណ្ដឹងនៅថ្ងៃកើតហេតុនោះ ដោយសារតែគាត់ហើយនិងប្រជាពលរដ្ឋផ្សេងទៀត​បានដឹងថាដីហ្នឹងគឺជាដីដែល​កំពុងតែ​​មានទំនាស់ជាមួយសហគម៍ ហើយជាដីដែលធ្លាប់អាស្រ័យផលទាំងអស់គ្នា​»។

វិវាទដីធ្លីទំហំ៧៨៥ហិតតារវាងក្រុមហ៊ុនចម្ការកៅស៊ូ ហាម៉ឹនី វីន អ៊ិនវេសមេន និងប្រជាសហគមន៍ស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ បានកើតឡើងតាំងពីឆ្នាំ២០១២ ហើយមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ផងដែររវាងភាគីក្រុមហ៊ុន និងអ្នកភូមិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ