កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានព្រមានលក់ឡាយឡុងនូវសម្ភាររបស់ក្រុមហ៊ុន ដើម្បីយកលុយដោះស្រាយសំណងជូនពួកគេ បន្ទាប់ពីថៅកែរោងចក្រមួយនេះ មិនបានទូទាត់តាមកិច្ចព្រមព្រៀង។
កម្មកររោងចក្រ ឌីកនើធី នីតធើរ បាននាំគ្នាដេកយាមមុខរោងចក្រចាប់តាំងពីពាក់កណ្តាលខែកុម្ភៈរហូតមកដល់ថ្ងៃនេះ ពោលគឺរយៈពេល ៥ខែហើយ ដើម្បីទប់ស្កាត់មិនឱ្យមានការដឹកសម្ភារចេញ ខណៈថៅកែរោងចក្រមួយនេះមិនបើកប្រាក់ឈ្នួលជូនកម្មករ។
រោងចក្រ ឌីកនើធី នីតធើរ ដែលមានកម្មករជាង ១ពាន់នាក់ បានប្រកាសបិទទ្វាររោងចក្ររបស់ខ្លួនកាលពីថ្ងៃទី៧ ខែមេសា ដោយពុំមានការជូនដំណឹង និងដោះស្រាយសំណងជូនកម្មករនោះទេ ខណៈប្រាក់ឈ្នួលរបស់កម្មករនៅរោងចក្រនេះ បានបើកឱ្យរអាក់រអួលតាំងពីចុងខែធ្នូ ឆ្នាំ២០១៩។
លោក ចិក ប៊ុនសាន អនុប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រ ឌីកនើធី នីតធើរ ប្រាប់វីអូឌីថា ក្រោយថៅកែប្រកាសបិទទ្វាររោងចក្រជាផ្លូវការ គឺនៅថ្ងៃទី១៧ ខែមេសា ក្រសួងការងារបានហៅតំណាងកម្មករ និងតំណាងរោងចក្រទៅដោះស្រាយសំណង។
លោក ចិក ប៊ុនសាន បន្តថា កាលនោះ ភាគីរោងចក្របានព្រមព្រៀងទូទាត់លុយ និងអត្ថប្រយោជន៍ជូនកម្មករចំនួន ៤ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំ ប្រាក់រំលឹកអតីតភាពការងារ និងប្រាក់ជូនដំណឹង ដោយសន្យាបើកឱ្យកម្មករនៅថ្ងៃទី៣០ ខែឧសភា ប៉ុន្តែ ដល់ថ្ងៃកំណត់ហើយ ខាងក្រុមហ៊ុនមិនបានបើកលុយឱ្យកម្មករឡើយ។
អនុប្រធានសហជីពរូបនេះ ឱ្យដឹងថា ក្រោយក្រុមហ៊ុនខកខនមិនបានបើកប្រាក់សំណងជូនកម្មករតាមការកំណត់ គឺកាលពីម្សិញមិញនេះ ក្រសួងការងារបានហៅតំណាងកម្មករ និងតំណាងរោងចក្រទៅដោះស្រាយម្តងទៀត។ លោកថា ក្នុងពេលជួបចរចារកដំណោះស្រាយនោះ គឺភាគីរោងចក្រសុំពិនិត្យបញ្ជីឈ្មោះកម្មករ និងសុំគណនាចំនួនលុយសំណងកម្មករម្តងទៀត ហើយបានសន្យាជូនដំណឹងពីការបើកប្រាក់សំណងជូនកម្មករនៅថ្ងៃទី១២ ខែមិថុនានេះ។
លោក ចិក ប៊ុនសាន ព្រមានថា ប្រសិនបើថៅកែនៅតែបន្តពន្យារពេលបើកប្រាក់សំណងជូនកម្មករទៀត គឺក្រុមកម្មករនឹងសម្រេចលក់សម្ភាររបស់ក្រុមហ៊ុន ដើម្បីយកលុយនោះដោះស្រាយសំណងរបស់ពួកគេ ដោយថា ក្រុមកម្មករមិនអាចរង់ចាំយូរទៀតបានឡើយ។
លោកប្រាប់ថា៖ «នៅថ្ងៃទី១២ហ្នឹង ទោះក្រុមហ៊ុនជូនដំណឹង ឬមិនជូនដំណឹង គឺពួកខ្ញុំឈប់និយាយជាមួយក្រុមហ៊ុនហើយ គឺយើងបង្កើតគណៈកម្មការមួយជាមួយក្រសួងការងារ ដោយយើងសម្រេចលក់អីវ៉ាន់របស់ក្រុមហ៊ុនឡាយឡុង បានប៉ុន្មានគឺយើងគិតឱ្យកម្មករប៉ុណ្ណឹង ព្រោះកម្មករគាត់រង់ចាំយូរហើយ ហើយអន្ទះសារខ្លាំងណាស់ ដោយសារពួកគាត់អត់លុយបង់ធនាគារ គាត់ខ្វះខាតក្នុងជីវភាព ដោយសារគាត់អត់បានទៅរកលុយ រកការងារធ្វើ ដោយសារគាត់រវល់ដេកយាមមុខរោងចក្រ»។
វីអូឌីបានព្យាយាមទាក់ទងទៅភាគីថៅកែរោងចក្រ ឌីកនើធី នីតធើរ ទៅតាមលេខទូរសព្ទដែលត្រូវបានភ្ជាប់ក្នុងបញ្ជីការនៃក្រសួងពាណិជ្ជកម្មកម្ពុជា ប៉ុន្តែ អ្នកប្រើប្រាស់លេខទូរសព្ទទាំងនោះ ប្រាប់ថា ពួកគេមិនមែនជាតំណាងភាគីថៅកែរោងចក្រនេះឡើយ។
វីអូឌីបានទាក់ទងតាមលេខទូរសព្ទមួយខ្សែទៀត ហើយបុរសម្នាក់ប្រាប់ថា លោកឈ្មោះ លីម ផេងសាន ហើយប្រាប់ថា ជាម្ចាស់អគារ និងទីតាំងរោងចក្រ ឌីកនើធី នីតធើរ។ លោក ផេងសាន បានឱ្យដឹងបន្ថែមថា លោកក៏កំពុងស្វែងរកថៅកែរោងចក្រនេះផងដែរ ដោយថា ថៅកែរោងចក្រជំពាក់ថ្លៃឈ្នួលជួលអគារ និងទីតាំងរបស់លោកអស់រយៈពេល ៣ខែមកហើយ។
វីអូឌីបានសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ តាមប្រព័ន្ធតេឡេក្រាមដែរ ប៉ុន្តែ លោកមិនឆ្លើយ។
ចំណែកអនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក អ៊ូ រតនា ដែលកាន់សំណុំរឿងនេះ សុំមិនឆ្លើយតបទេ ដោយលោកថា កំពុងរវល់ដោះស្រាយវិវាទការងារកម្មករនៅផ្លូវជាតិលេខ៣។
ប្រធានសម័្ពន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ ប្រាប់ថា ករណីរោងចក្រ ឌីកនើធី នីតធើរ នេះ គឺជាកំហុសធ្ងន់ធ្ងរមួយរបស់ថៅកែ លោកថា ការមិនអនុវត្តតាមកិច្ចព្រមព្រៀងពីសំណាក់ថៅកែរោងចក្រនេះ គឺបានធ្វើឱ្យកម្មករបន្តរងទុក្ខលំបាក។
បើតាមលោក គង់ អាទិត្យ សម្ភារក្នុងរោងចក្រ ឌីកនើធី នីតធើរ នៅសល់ច្រើន ដែលលោកប៉ាន់ប្រមាណថា សម្ភារទាំងនោះបើលក់ទៅ អាចទទួលបានកម្រៃគ្រប់ ឬក៏លើសប្រាក់សំណងដែលថៅកែជំពាក់កម្មករ។
ប្រធានសម័្ពន្ធសហជីពស៊ីខៅឌូរូបនេះ អះអាងថា ក្នុងកិច្ចប្រជុំរវាងតំណាងកម្មករ តំណាងរោងចក្រ និងតំណាងក្រសួង កាលពីម្សិលមិញ គឺតំណាងកម្មករបានស្នើទៅក្រសួងការងារជួយសម្របសម្រួលលក់ឡាយឡុងសម្ភារក្នុងរោងចក្រ ប្រសិនបើថៅកែនៅបន្តពន្យារបើកលុយឱ្យពួកគេ។
លោកបន្ថែមថា៖ «អ្វីដែលយើងបានសំណូមពរទៅក្រសួងការងារហ្នឹង គឺក្រសួងបានដាក់ក្នុងកំណត់ហេតុហើយ ថាលើកនេះជាលើកចុងក្រោយហើយ បើសិនថៅកែអត់បើកលុយឱ្យទៀត គឺកម្មករសុំឱ្យនិយោជកហ្នឹងប្រគល់សិទ្ធិឱ្យកម្មករ ដើម្បីលក់ឡាុយឡុងសម្ភាររបស់ក្រុមហ៊ុន។ ហើយក្រសួង គេក៏បានសរសេរក្នុងកំណត់ហេតុហ្នឹងដែរថា លែងមានការពន្យារពេលអីឱ្យទៀតដែរ នេះជាលើកចុងក្រោយហើយ។ អ៊ីចឹង មើលទៅ ក្រសួងគេហាក់មានទិន្នាការស្រដៀងយើងដែរ គេចង់បញ្ចប់រឿងហ្នឹងដែរ»។
មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត ដែលសម្របសម្រួលដោះស្រាយវិវាទការ ឌីកនើធី នីតធើរ ប្រាប់វីអូឌីកាលពីថ្ងៃទី១០ ខែមេសា ថា រោងចក្រ ឌីកនើធី នីតធើរ មានកម្មករសរុប ១០៤៩នាក់ ហើយថៅកែរោងចក្រនេះ ជំពាក់សំណងកម្មករតាមផ្លូវច្បាប់ប្រហែល ១លាន ៥៩ម៉ឺន ៩ពាន់ដុល្លារ៕