វិភាគ៖ តើ​​យុទ្ធនា​ការ​​បំបែក​​បក្ស​​ប្រឆាំង​​ជា​​ដំណោះ​ស្រាយ​​បញ្ហា​​បច្ចុប្បន្ន​​ឬ​ទេ​​?​

លោក ហ៊ុន សែន – លោក កឹម សុខា – លោក សម រង្ស៊ី និងលោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប។ (បណ្ដាញសង្គម)

អតីត​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ៣រូប​ទៀត មាន​ទាំង​លោក ស៊ុន ធន់ ផង​ដែរ ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន កាលពី ២ថ្ងៃមុន​នេះ ដោយ​ចោទ​ប្រហាក់​ប្រហែលគ្នា​ថា ពាក់ព័ន្ធ​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅក្នុង​សង្គមជាតិ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​ខេត្ត​ព្រះសីហនុ កាលពីមុន​នេះ១ថ្ងៃ បាន​ព្រមាន​ថា វិធានការ​ចាប់ខ្លួន​ខ្សែ​បណ្តាញ​ក្រុមប្រឆាំង​នៅតែ​បន្ត​ធ្វើតាម​រយៈយុទ្ធសាស្ត្រ​ «ផ្តាច់​ក្បាល បំបែក​ដងខ្លួន» នូវ​អ្វី​ដែ​លលោក​ហៅថា ដើម្បី​ទប់ស្កាត់​រលក​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក ហ៊ុន សែន ថ្លែង​ថា៖ «សូមកុំ​ឆ្លៀតឱកាស​កូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ឱ្យ​សោះ បង្កចលាចល​ឱ្យ​សោះ។ អ្នក​ចង់​សាក កម្លាំង​របស់​អ្នក​កាន់តែ​ថយ​ចុះ តាមរយៈ​ផ្តាច់​ក្បាល​បំបែក​ដងខ្លួន​តែម្តង។ និយាយប្រាប់​លោក​ឯង​ឱ្យ​ត្រង់​ឱ្យ​ច្បាស់»។

ការ​ចាប់​ឃុំខ្លួន វិធានការ​ច្បាប់ និង​ការប្រើ​ហិង្សាទៅលើ​អតីត​សកម្មជន​បក្ស​ប្រឆាំង មិនមែន​ជា​រឿង​ថ្មី​ទេ ចាប់តាំងពី​អតីត​គណបក្ស​នេះដណ្តើម​បាន​អាសនៈ​ក្នុង​សភាចំនួន ៥៥ នៅ​ឆ្នាំ២០១៣ និង​អាសនៈ​ឃុំ-សង្កាត់ ចំនួន ៥០០៧ នៅ​ឆ្នាំ២០១៧ ជិត​ទាន់​គណបក្ស​កាន់អំណាច​នោះ។

វិធានការ«​ផ្តាច់​​ក្បាល បំណែក​ខ្លួន» របស់​លោក ហ៊ុន សែន បាន​បង្ហាញ​រូបរាង​ច្បាស់​នៅពេល​ដែល​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុងឆ្នាំ២០១៧ មេដឹកនាំ​ម្នាក់​គឺលោក ​សម រង្ស៊ី ត្រូវ​រារាំង​មិន​ឱ្យ​ចូល​ប្រទេស មេដឹកនាំ​ម្នាក់ទៀតគឺ​លោក កឹម សុខា ត្រូវ​ចាប់​ដាក់​ពន្ធ​នាគារ ចំណែក​មន្ត្រី​ និង​ថ្នាក់​ដឹក​នាំ​ផ្សេង​ៗទៀត​ ក៏​មានការ​ចោទប្រកាន់ និងចាប់ខ្លួន​ជាបន្តបន្ទាប់​ដែរ។

នៅ​ចុងឆ្នាំ២០១៥ អតីតប្រធាន​គណបក្ស​នេះ ​គឺ​លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ជាថ្មីទៀត ក្រោយពី​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រជាជន​កម្ពុជា គឺ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ លោក ហោ ណាំ​ហុង សើ​រើ​បណ្តឹង​ចាស់​ឡើងវិញ ។

នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ អតីត​តំណាងរាស្ត្រ ២រូប​ មាន​លោក គង់ សុភា និងលោក ញ៉ ចម្រើន ត្រូវ​បាន​ក្រុម​បាតុករ​គាំទ្រ​បក្ស​កាន់អំណាច​មួយចំនួន ព្រួត​គ្នា​ទាញ​ទម្លាក់​ពីលើ​រថយន្ត រួច​ទាត់​ធាក់ បង្ក​ឱ្យរង​របួស​ក្បាល ហូរឈាម​តាម​មាត់ នៅជាប់​របង​រដ្ឋសភា ក្រោយពេល​ចេញពី​ប្រជុំ។

មេដឹកនាំ​មួយ​រូប​ទៀត ​គឺ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំងយប់​កាលពី​ថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០១៧ ដោយចោទ​ថា ​ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក្រោយ​ឃុំខ្លួនលោក កឹម សុខា អស់រយៈពេលជាង ៣ខែ តុលាការ​កំពូល​បាន​ចេញ​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ និងហាម​មន្ត្រី ១១៨រូប មិន​ឱ្យធ្វើនយោបាយ​រយៈពេល ៥ឆ្នាំ ។

សាល​ដីកានេះ ក៏​បើកផ្លូវ​ឱ្យ​រឹបអូស​អាសនៈ​បក្ស​ប្រឆាំង​ទាំងអស់ ចែក​ឱ្យគណបក្ស​ផ្សេងៗ ក្នុង​នោះ ​គណបក្សប្រជាជន​កម្ពុជាបាន​ច្រើនជាង​គេ។

ស្ថិត​ក្នុង​អន្តរកាល​នេះ បក្ស​កាន់អំណាច​បាន​អំពាវ​នាវឱ្យអតីត​សកម្មជន​បក្ស​ប្រឆាំង​មួយ​នេះ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ អ្នក​មិន​ចុះចូល​មួយចំនួន ត្រូវ​បាន​ចាប់ខ្លួន ទាក់ទិនទៅនឹង​សកម្មភាព​ចាស់ បង្ហោះ​ម្រាមដៃ​ស្អាត​លើ​បណ្តាញ​សង្គម ធ្វើ​ពហិការ​មិនទៅ​ចូលរួម​បោះឆ្នោត និង​ខ្លះទៀត​គ្មាន​បទ​ចោទ ត្រូវ​គេ​លប​វាយ​នឹង​ដំបង​ដែក​ចំក្បាល តែសមត្ថកិច្ចរកមុខ​ជន​ដៃដល់​មិនទាន់​ឃើញនៅឡើយ។

បញ្ហា​ចំពោះមុខ​ពេល​បច្ចុប្បន្ន​ គឺ​បញ្ហា​សេដ្ឋកិច្ច ឬហៅ​ថា បញ្ហា​ក្រពះ​ពលរដ្ឋ។ លោក​ ហ៊ុន សែន ក៏​ធ្លាប់​លើកឡើង​ថា ចំណុច​នេះ​ជា​បញ្ហា​ចំពោះមុខ ដោយ​លោក​ប្រកាស​ត្រៀម​ឱ្យ​មន្ត្រី​ចែក​អង្ករ​ដល់​អ្នក​មិន​មាន​អាហារ​បរិភោគ និងណែនាំ​ឱ្យ​ស្ថាប័ន​ផ្តល់​កម្ចី​បន្ធូរបន្ថយ​លក្ខខណ្ឌ​ជាមួយ​ពលរដ្ឋ​ជាប់បំណុល​ជាដើម ខណៈ​ពលរដ្ឋ​ជាង ២លាន ៦សែន​នាក់ ​កំពុង​ជាប់បំណុល។

បញ្ហា​ចំបង​មួយទៀតដែល​ត្រូវ​ដោះស្រាយ​បន្ទាន់​ដែរ​នោះ គឺ​ការដែល​សហភាព​អឺរ៉ុបចាត់វិធានការ​ជំហាន​ដំបូង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ ​ដែល​ត្រូវ​អនុវត្ត​នៅ​ត្រឹម​ថ្ងៃទី១២ ខែសីហា​ខាងមុខនេះ។

ករណី​អឺរ៉ុប​ស្នើ​ដាក់​កម្ពុជាក្នុង​បណ្តា​ប្រទេស​ត្រូវ​តាមដានការ​លាង​លុយ​ខុសច្បាប់ ​ប៉ះ​ដល់​អ្នក​វិនិយោគជាដើម។ សមាគម​ស្បែកជើងកម្ពុជា (CFA) សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា (GMAC) និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) កាលពី​ថ្ងៃទី២ ខែមិថុនា បាន​ស្នើ​អឺរ៉ុប​ជាថ្មី​ទៀត ឱ្យពន្យារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA​) ដើម្បី​ជួយសង្គ្រោះប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរពី​មេរោគ​ឆ្លង​រាតត្បាត​កូ​វីដ១៩។

ស្ថាប័ន​ទាំង ៣នេះ លើកឡើង​ថា បើសិនជា​អឺរ៉ុប​អនុវត្ត​ទណ្ឌកម្ម​នៅ​ត្រឹម​ខែសីហា​ខាងមុខនេះ​មែន ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ ​នឹង​ធ្លាក់ខ្លួន​ស្ថិតនៅ​ក្រោម​បន្ទាត់​ក្រីក្រ ការ​បិទ​រោងចក្រ​ និង ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ នឹង​កើនឡើង​ឆាប់រហ័ស។

បច្ចុប្បន្ន​ ពលរដ្ឋ​ជាច្រើន​ក្រុម​ដូចជា អ្នកធ្វើការ​ងារ​វិស័យ​ទេសចរណ៍ រោងចក្រ​កាត់ដេរ សំណង់ សណ្ឋាគារ សេវាកម្ម​កម្សាន្ត កសិកម្ម​ អ្នកលក់​ដូរ និងអ្នក​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ជាដើម កំពុង​អត់​ការងារ​ធ្វើ រហូត​អ្នកខ្លះ​លួច​រត់​ឆ្លងដែន​ទៅ​ថៃ​ដោយ​ខុសច្បាប់ ហើយ​មួយ​ក្រុម​ទៀត ​កំពុង​តវ៉ា​ទាមទារ​ឱ្យ​បើក​ច្រកព្រំដែន​ប៉ោយប៉ែត ​ដោយ​ពួក​គេ​ថា បញ្ហា​មិន​មានអី​បរិភោគ​ធ្វើ​ឱ្យ​ពួក​គាត់​ស្លាប់​មុន​មេរោគ​កូ​វីដ១៩។

សំណួរ​ត្រង់ថា ​តើ​យុទ្ធនាការ​របស់​លោក ​ហ៊ុន សែន ​ក្នុង​ការ​បំបែក​បក្ស​ប្រឆាំង​ ជា​ដំណោះស្រាយ​បញ្ហា​បច្ចុប្បន្ន ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល ក៏ដូចជា​ប្រទេសជាតិ​ រឹងមាំ​ដែរ​ឬទេ​?

អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ ហៅ​សារ​គំរាម និង​ការ​ចាប់ចង​មនុស្ស​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ បច្ចុប្បន្ន​នេះ ​មានប្រសិទ្ធភាព​ទៅលើ​អតីត​ដៃគូ​ប្រកួត។ ប៉ុន្តែ​ថា មិនបានការ​ពារ​ផលប្រយោជន៍​ជាតិ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ។

លោក​ថា៖ «អាច​នៅ​បន្ត​រឹងមាំ​តាមរយៈ​ប្រើប្រាស់​កម្លាំង​បង្រ្កាប ប៉ុន្តែ ​រឹងមាំ​ក្នុង​ន័យ​ថា ​ប្រជាពលរដ្ឋ​គាំទ្រ ឯកភាពជាតិ ដែល​ជា​កម្លាំង​មូល​របស់​ជាតិ​ អាហ្នឹង​ខ្ញុំ​ថា ​មិនបាន​ដល់​គោលដៅ​ទេ»។

សាស្ត្រា​ចារ្យ​នយោបាយ លោ​ក ឯម សុវណ្ណ​រ៉ា និយាយ​ថា ការ​បង្កើន​កម្តៅ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ មិនមែន​ជា​ដំណោះស្រាយ​បញ្ហា​ដែល​កម្ពុជា​កំ​ពុង​ជួបប្រទះទេ តែថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ គឺ​ការផ្សះផ្សា​ជាតិ បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​រាប់​លាន​នាក់ កំពុង​រង​ផល​ប៉ះពាល់​ពី​កូ​វីដ១៩។

លោក​ថា៖ «បញ្ហា​ដែល​ចង់​ដោះស្រាយ​ហ្នឹង ​គឺ​គណបក្ស​កាន់អំណាច​ត្រូវ​ឆ្លើយតបទៅនឹង​សហគមន៍​អឺរ៉ុប​ បើមិនដូច្នោះទេ ​វា​អាច​នឹង​បាត់​អត្រា​អនុគ្រោះ​ពន្ធ ២០ភាគរយ ​អាហ្នឹង​ដឹង​តែ​បាត់​ហើយ។ ទី២ ច្បាប់​លាង​លុយ​ហ្នឹង​ជា​ឧបសគ្គ​មួយ​ធំ ​ប្រសិនបើ​រដ្ឋាភិបាល​មិន​ឆ្លើយតប​ក្នុង​ទម្រង់​ណាមួយ​ដែល​ធ្វើឱ្យ​អឺ​រ៉ុប​ពន្យារ​ពេល»។

មួយវិញទៀត អ្នកឃ្លាំមើល​រូប​នេះ បង្ហាញ​ការយល់ឃើញ​ថា សារ​នយោបាយ​ដែល​មេដឹកនាំ​ប្រកាស​ជា​សាធារណៈ​ពី​វិធាន «ផ្តាច់​ក្បាល បំបែក​ដងខ្លួន» នេះ​ វា​ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យ​ពលរដ្ឋ​ដឹង​កាន់តែ​ច្បាស់​ផង​ដែរពី​ឥទ្ធិពល​នយោបាយ និង​ប្រព័ន្ធ​អនុវត្ត​ន៍ច្បាប់។

លោក​ថា៖ «ការ​និយាយ ​និង​ការ​លើកឡើង​របស់​អ្នកនយោបាយ​ហ្នឹង​ អាច​ថា ​ការដឹកនាំ ឬអំណាច​របស់​តុលាការ​ហ្នឹង​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន​ អាច​បញ្ជា​ អាច​ធ្វើ​អី​បាន និងខំ​លាក់លៀម ប្រជាពលរដ្ឋ​មិនបាន​ដឹង ក៏​ដឹង​ដែរ កុំថាឡើយ​ដល់​សហ​គន៍​អឺរ៉ុប»។

សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត និង​កិច្ចការ​ពិភពលោក​នៃ​សាកលវិទ្យាល័យ Occidental នៅ​សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល ហៅ​សារ​របស់​មេដឹកនាំ​កម្ពុជា​នេះ​ថា វា​បង្ហាញ​ពី​កម្សោយ​របស់​បក្ស​ប្រជាជន​ទៅវិញ​ទេ ដោយ​ថា បើ​បក្ស​កាន់អំណាច​នឹង​មិន​រំលាយ​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ​ទេ។

លោក អៀ សុផល និយាយ​ទៀត​ថា ល្បែង​នយោបាយ​ដែល​មេដឹកនាំ​បក្ស​កាន់អំណាច​កំពុង​លេង មើលឃើញ​ទៅ​ដូចជា​ខ្លាំង ព្រោះ​ដៃ​គូ​ប្រកួត​របស់​គាត់​កំពុង​រង​របួស។

ប៉ុន្ដែ​ លោក​ថា ​ក្នុងរយៈពេល​វែង ​វា​នឹង​ទន់ខ្សោយ​វិញ ព្រោះថា «សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នឹង​មិនឈប់​ទេ រហូតដល់​រដ្ឋាភិបាល​កម្ពុជាត្រឡប់​មក​គោរព​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក្នុង​ប្រទេស​វិញ»

អ្នកវិភាគ​នយោបាយ​មាន​អាសយ​ដ្ឋាន​នៅ​ក្រៅប្រទេស​ លោក គឹម សុខ ហៅ​សារ​នយោបាយ​នេះ បាន​ដើរ​ផ្ទុយពី​បញ្ហា​ប្រឈមរបស់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​កូ​វីដ១៩។

អ្នកឃ្លាំមើល​រូប​នេះ បង្ហាញ​ការ​ព្រួយបារម្ភ​ថា វិបត្តិ​សង្គម​វា​នឹងអាច​កើតឡើង បើ​ដំណោះស្រាយ​មិន​ឆ្លើយតបទៅនឹង​ទំហំ​នៃ​ផល​ប៉ះពាល់។

លោក​ថា៖ «សង្គ្រា​មន​យោ​បាយ​ព័ទ្ធ​បំបាក់​កម្លាំង​បក្ស​ប្រឆាំង​នេះ​ ដោយ​លោក ហ៊ុន សែន នេះ ​គឺ​ស្មើ​នឹង​លោក ហ៊ុន សែន ប្រកាស​នយោបាយ​ប្រឆាំង​នឹង​ការឈឺចាប់​របស់​ប្រជារាស្ត្រ​ខ្មែរ​កាន់តែ​ច្រើន​នៅ​ទូទាំង​ប្រទេស ​យុទ្ធវិធី​បែបនេះ​បាន​ជោគជ័យ​នៅពេល​ដែល​គូប្រជែង​ខ្លាច ប៉ុន្តែ​បើ​អ្នក​ប្រជាធិបតេយ្យ​ និង​ប្រជារាស្ត្រ​អស់​ការ​អត់ធ្មត់​វិញ ​គឺ​ដួល​ឆាប់ ​និង​រលាយ​ទាំងស្រុង»។

យ៉ាងនេះ​ក្តី​ លោក ឯម សុវណ្ណ​រ៉ា ផ្តល់​ជា​យោបល់​ថា កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន បើ​អ្នកនយោបាយ​ខ្មែរតម្កល់​បញ្ហា​ជាតិ​ជាធំ ធ្វើស​ម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក ​គ្មាន​អ្នកឈ្នះ​ហើយក៏​គ្មាន​អ្នក​ចាញ់ រៀប​ចំការ​បោះឆ្នោត​មួយ​មាន​លក្ខ​ខណ្ឌ​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌​ តាម​យន្តការ​ប្រជាធិបតេយ្យ មានការ​គាំទ្រ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​លើ​ពិភពលោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ