កម្ពុជា ច្រានចោលការដែលអ្នកជំនាញសិទ្ធិមនុស្សUNរកឃើញថា ការអនុវត្តច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយបង្កើតជាក្តីបារម្ភដល់ការគាបសង្កត់សេរីភាពបញ្ចេញមតិ ដូចជាអ្នកនិយាយទាក់ទិនជំងឺកូវីដ១៩។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet តាមរយៈសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវ ចុះថ្ងៃទី៣ ខែមិថុនា បានលើកឡើងថា ប្រទេសជាច្រើននៅក្នុងតំបន់ មានរួចហើយនូវច្បាប់គ្រប់គ្រង ដែលគេហៅថា «ព័ត៌មានមិនពិត» ឬ «ព័ត៌មានក្លែងក្លាយ»។
លោកស្រីក៏បានរិះគន់កម្ពុជាថា បានប្រើប្រាស់ច្បាប់នោះដើម្បីគាបសង្កត់សេរីភាពបញ្ចេញមតិ។
នៅថ្ងៃទី៣ ខែមិថុនាដដែលនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ចេញលិខិតមួយដោយបង្ហាញការសោកស្តាយទៅលើសេចក្តីប្រកាសព័ត៌របស់លោកស្រី Michelle Bachelet។
លិខិតដដែល អះអាងទៀតថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការក្លែងព័ត៌មានថា «ពុំមានតម្លៃស្មើនឹងសេរីភាពបញ្ចេញមតិ និងការនិយាយស្របច្បាប់ឡើយ» និងចាត់ទុករបាយការណ៍នោះថា ប្រមូលព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ អះអាងទៀតថា មេរោគកូវីដ១៩ គឺជាជំងឺដ៏កាចសាហាវមួយ ប៉ុន្តែ ព័ត៌មានក្លែងក្លាយក៏កាចសាហាវមិនចាញ់មេរោគនេះដែរ អាចនឹងនាំឱ្យមានការភ័យខ្លាច បាត់បង់សណ្តាប់ធ្នាប់សង្គម ហើយថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការច្បាប់ ដើម្បីការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុខភាពសាធារណៈឡើយ។
នៅក្នុងលិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិ លោកស្រី មីសែ្សល បាស្សេឡេត លើកឡើងដែរថា ការអនុវត្តច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយនៅផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក អំឡុងពេលមានវិបត្ដិនៃជំងឺកូវីដ-១៩ បានជំរុញឱ្យមានការព្រួយបារម្ភចំពោះការគាបសង្កត់លើសេរីភាពក្នុងការបញ្ចេញមតិ។
លោកស្រី មីសែ្សល និយាយថា សម្រាប់ប្រទេសកម្ពុជា មនុស្ស ៣០នាក់ មានទាំងស្ត្រី ៦នាក់ និងក្មេងស្រីម្នាក់អាយុ ១៤ឆ្នាំផងដែរ ត្រូវបានចាប់ខ្លួន។
លោកស្រីថា ការចាប់ខ្លួននេះ ដោយសារតែការនិយាយជាសាធារណៈ និងការបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងជំងឺកូវីដ-១៩។
អ្នកជំនាញសិទ្ធិមនុស្សរបស់UNរូបនេះ និយាយទៀតថា អ្នកដែលបានចាប់ខ្លួនមួយចំនួន «ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល» ហើយថា មកដល់ពេលនេះ មនុស្ស ១៤នាក់ កំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ ក្នុងនោះ ១០នាក់ ជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រកាសរំលាយទៅហើយក្ដី។
តាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រទេសជាង ១០ មានប្រទេស នេប៉ាល់ ឥណ្ឌា ហ្វីលីពីន ថៃ និងកម្ពុជា ជាដើម បានចាត់វិធានការលើអ្នកបង្ហាញកង្វល់ទាក់ទិននឹងជំងឺកូវីដ១៩៕