អង្គការ HRW ថា​សកម្ម​ជន​បក្ស​​ប្រឆាំង​​ថៃ​​ម្នាក់​ត្រូវ​​ចាប់​​ពង្រាត់​​នៅ​​ភ្នំ​ពេញ​

សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ឈ្មោះ Wanchalearm Satsaksit និយាយតាមវិដេអូលើបណ្ដាញសង្គមទាក់ទងនឹងរឿងលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។ (Wanchalearm Satsaksit/ Screenshot)

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (HRW​) អះអាង​ថា សកម្មជន​បក្ស​ប្រឆាំង​ថៃ​មួយ​រូបដែល​បាន​ភៀសខ្លួន​មក​កម្ពុជា ត្រូវ​បាន​ជន​មួយ​ក្រុម​ចាប់​ពង្រាត់នៅ​ខុន​ដូ​មួយ​កន្លែងក្នុង​ក្រុងភ្នំពេញកាលពី​ថ្ងៃម្សិលមិញ ហើយ​អង្គការ​អន្តរជាតិ​មួយ​នេះ​ ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត។

HRW លើកឡើង​ក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃនេះ​ថា សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ឈ្មោះ Wanchalearm Satsaksit ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់​ពង្រាត់​តាម​រថយន្ត​ពណ៌ខ្មៅ​មួយ​គ្រឿង នៅ​ម៉ោង​ជិត ៦ល្ងាច ថ្ងៃទី៤ ខែមិថុនា ខណៈ​លោក​ដើរតាម​ផ្លូវ​ទិញ​អាហារ​មុខ​អាគារ​ខុន​ដូ​របស់​លោក។

ប្រភព​ដដែល​លើកឡើង​ដោយ​យោង​លើ​សាក្សី​មួយចំនួន និង​កាមេរ៉ា​សុវត្ថិភាព​នៅ​អាគារ​ខុន​ដូ បន្ថែម​ថា សកម្មជន​រូប​នោះ កំពុង​និយាយទូរសព្ទ​ជាមួយ​សហការី​គេ​ម្នាក់ មុន​ពេល​លោក​ត្រូវ​បាន​ចាប់​ពង្រាត់។ លោក​ថា សហការី​រូប​នោះ​លឺរូបគេ​ស្រែក​ថា​ «អ្ហា​ក! ខ្ញុំ​ដកដង្ហើម​មិនបានទេ​» មុន​ពេល​ខ្សែ​ទូរសព្ទ​ដាច់។

នាយក HRW ប្រចាំ​តំបន់​អាស៊ី លោក Brad Adams លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ថា អាជ្ញាធរ​កម្ពុជា ​គួរបើ​កការស៊ើបអង្កេត​ជាបន្ទាន់​មួយ​ទៅលើ​ករណីនេះ ហើយ​ត្រូវ​លាតត្រដាង​ការ​រក​ឃើញ​របស់​ខ្លួន​ជា​សាធារណៈ។ 

លោក Adams បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង​លើ​លោក Wanchalearm ហើ​យនិងត្រូវធានា​សុវត្ថិភាព​របស់​គេ។

លោក​ថា រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ​គួរតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចាត់វិធានការ​ចាំបាច់​គ្រប់យ៉ាង​ ដើម្បី​ស្វែងរកលោក Wanchalearm បើមិនដូច្នោះទេ រូបគេ​នឹង​ប្រឈម​ហានិភ័យ​លើ​សុខ​សុវត្ថិភាព​ខ្ពស់​ជាមិនខាន។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​វី​អូ​ឌី​នៅ​ព្រឹក​ថ្ងៃនេះ​ថា លោក​មិន​ទទួល​បាន​ព័ត៌មាន​ពី​ការ​ចាប់​ពង្រាត់​នេះនោះ​ទេ។

លោក​មានប្រសាសន៍​ថា៖ «អត់មាន​រឿង​ហ្នឹង​កើតឡើង​ទេ តែបើ​គាត់​បាន​មក​ពីណា សួរ​តែ​ប្រភព​ព័ត៌មាន​ហ្នឹង​ទៅ​…សម្រាប់​សមត្ថកិច្ច​អត់​ដឹង​ទេ​រឿង​នេះ»។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា លោក ខៀវ សុភ័គ ឱ្យ​ដឹង​​ថា ព័ត៌មាន​នេះ​ ខាង​ក្រសួង​ចាំបាច់​ត្រូវ​ពិនិត្យមើលពិត ឬក្លែងក្លាយ​សិន។

នៅពេល​សួរ​ថា តើ​ខាង​ក្រសួង​នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ចាប់ខ្លួន​នោះ​ដែរ​ឬទេ? លោក សុភ័គ មានប្រសាសន៍​ថា៖ «បើ​ថៃ​គេ​ប្តឹង​ថា មាន​គេ​ចាប់​ជនជាតិ​ថៃ អាហ្នុងយើ​ងនឹង​ធ្វើ ​[ការស៊ើបអង្កេត​]»។

លោក​បន្ត​ថា៖ «បើ​ស្ថានទូត​ថៃ​អត់​ប្តឹង​ថាបាត់​ជនជាតិ​ថៃ​នៅ​ទីនេះ​ផង ធ្វើ​ធើ​អី?»

Wanchanlearm Satsaksit គឺជា​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​សំខាន់​ម្នាក់​ ដែល​ជាប់ពាក់ព័ន្ធ​ក្រុមប្រឆាំង​របប​ផ្តាច់​ការ UDD ដែលគេ​ស្គាល់​ថា ជា​ក្រុម​អាវ​ក្រហមក្នុង​ប្រទេស​ថៃ។ លោក​បាន​ភៀសខ្លួន​មក​រស់នៅ​កម្ពុជា​ ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤ រួច​បន្តសកម្មភាព​នយោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ​ថ្មី​តាម​បណ្តាញ​សង្គម។

មុន​ពេល​ចាប់ខ្លួន រូបគេ​បាន​បង្ហោះ​វីដេអូ​ឃ្លី​បមួយ​លើ​បណ្តាញ Facebook នៅ​ថ្ងៃទី៣ ខែមិថុនា រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចារ លើ​ការដែល​លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ថៃ​កុំឱ្យ​ស្អប់​ប្រទេស ស្អប់​ត្រឹម​រូបលោក​បាន​ហើយ។ 

ក្នុង​វីដេអូ​ជិត ១នាទី លោក Wanchalearm និយាយ​ជា​ភាសា​ថៃ ​ក្នុង​ន័យ​ប្រែ​សម្រួល​ថា៖ «ពលរដ្ឋ​ថៃ​មិន​ស្អប់​ប្រទេស​ថៃ​ទេ តែ​ពួក​គេ​ស្អប់លោក [ប្រា​យុទ្ធ​] ដោយសារ​លោក​ខ្វះ​សមត្ថភាព​ដឹកនាំ​ប្រទេស លោក​គួរតែ​ចុះចេញ​ពី​តំណែង​ទៅ ដើម្បី​កុំឱ្យ​ប្រទេសជាតិ​អាប់ឱន»។

ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​នេះ ក្រុម​សហ​ភា​ពនិសិ្ស​តថៃ ឬហៅ​កាត់ SUT បាន​ធ្វើ​យុទ្ធនាការ​លើ​បណ្តាញ​សង្គម ទាមទារ​ឱ្យ​មានការ​ដោះលែង Wanchalearm និង​ផ្តល់​យុត្តិធម៌ និង​សិទ្ធិ​ដល់​ជនភៀសខ្លួន​នយោបាយ​ទាំងអស់ ហើយ​ពួក​គេគ្រោង​រួមគ្នា​ដាក់​បាច់​ផ្កា​ទាមទារ​នៅ​មជ្ឈមណ្ឌល​មួយ​កន្លែងក្នុង​ក្រុង​បាងកក ថ្ងៃទី៥​-៦ ខែមិថុនា។

ក្រុម SUT លើកឡើង​លើ​ទំព័រ Facebook ថា លោក Wanchalearm គឺ​មិនមែន​ជា​ជនភៀសខ្លួន​នយោបាយ​ចុងក្រោយ​បំផុត និង​ដំបូងបង្អស់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ប៉ុន្តែ នៅ​មាន​ជនភៀសខ្លួន​ជាច្រើន​ទៀត​ដែល​រស់នៅ​ក្រោម​ជោគវាសនា​មិន​ច្បាស់លាស់។

កាសែត Bangkok Post រាយការណ៍​នៅ​ថ្ងៃនេះ ចាប់ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤មក យ៉ាង​យោ​ចណាស់​ សកម្មជន​ថៃ ៨នាក់​ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ហើយ​បាន​បាត់ខ្លួន និង​មួយចំនួន​ត្រូវ​បាន​រក​ឃើញថា​ស្លាប់។ ប្រភព​ដដែល​បន្ថែម​ថា លោក Wanchalearm គឺ​ឋិត​ក្នុង​សកម្មជន​និរទេស​ខ្លួន ២៩នាក់ ដែល​រង​បទ​ចោទ​ប្រមាថ​មហាក្សត្រ​ថៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ