លោក ហ៊ុន សែន ថា​​ភាព​​អស្ចារ្យ​​ស្នាក់​​ការ​​ថ្មី​​បង្ហាញ​​ភាព​​រុង​រឿង​​របស់​​បក្ស​​

ការដ្ឋានស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលកំពុងដំណើរការសាងសង់ ក្នុងខែមេសា ឆ្នាំ២០២០ ដែលស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ (ពៅ មេត្តា)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា អគារ​ដ៏​ធំ​ស្កឹមស្កៃ​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជា​ជ​នដែល​សាងសង់​ថ្មី បង្ហាញ​ឱ្យ​ឃើញ​ភាព​«រុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្សប្រជាជន​កម្ពុជា»

នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ លោក ហ៊ុន សែន និង​មន្ត្រី​ជំនិត​មួយចំនួន បាន​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា (CPP​) ស្ថិតនៅ​តាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ 

មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា អគារ​នេះ មាន​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ដ៏​ល្អ​វិចិត្រ ដែល​ថា​ នៅ​ប៉ែក​ខាងក្រៅ​អគារ រំលេច​ទៅ​ដោយ​ពណ៌ស ជា​និមិត្តរូប​នៃ​ភាព​ស្មោះ​សប​រិ​សុទ្ធ​សម្រាប់​ជាតិ និង​ប្រជាជន។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ និង​ជា​និមិត្តរូប​នៃ​ការ​រួបរួម សាមគ្គីភាព និង​ភាព​រុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​ជា​បង្អែក​មិន​អាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគត»។

តាម​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី អគារ​នេះ​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ទីតាំង​អគារ​ចាស់ ដែល​មាន​ទំហំ​ប្រមាណ ១,៦ហិ​កតា និង​មាន​កម្ពស់​ចំនួន ៥ជាន់ ចំណែក​ការសាងសង់ រួចរាល់​បាន​ប្រមាណ ៩៥ភាគរយ។

បក្ស​កាន់អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៅ​អាណត្តិ​ទី៦នេះ បណ្តើម​បាន​អាសនៈ​ទាំងអស់​ក្នុង​សភា​ចំនួន ១២៥ ក្រោយពី​តុលាការ​កំពូល​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​ឆាកនយោបាយ​មុន​ការបោះឆ្នោត​មកដល់។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ អះអាង​ថា ស្នាក់​ការ​កណ្តាល​បក្ស​នេះ​ ចំណាយ​លុយ​ប្រមាណ ៤០លាន​ដុល្លារ​អាមេរិក ហើយ​លុយ​នោះ​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សមាជិក។ លោក​ឱ្យ​ដឹង​ទៀតថា ​ស្នាក់​ការ​នេះ​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៨ ខែមិថុនា​ខាងមុខ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ