នគរ​បាល​​ជាតិ​​ហៅ​​ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរា​ចរណ៍​​រយៈ​ពេល​១​ខែ​​កន្លង​ទៅ​​ទទួល​​បាន​​ជោគ​ជ័យ​​

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​ អះអាង​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​តាមរយៈ​ការ​បង្កើន​ការ​ផាកពិន័យ​ពី ៣ ទៅ ៥ដងនោះ ទទួល​បាន​ជោគជ័យ ​ដោយ​កាត់បន្ថយ​អ្នករងគ្រោះ​ដល់ស្លាប់ និង​របួស​ក្នុងរយៈ​មួយ​ខែ​កន្លងទៅ​នេះ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​ថា ក្រោយពី​រដ្ឋាភិបាល​សម្រេច​បង្កើន​ការ​ផាកពិន័យ ​ធ្វើឱ្យជោគជ័យ​ច្រើន​ក្នុង​ការទប់ស្កាត់​កុំ​ឱ្យមាន​អ្នក​គ្រោះថ្នាក់​ចរាចរណ៍ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នានឹង​ឆ្នាំមុន។

លោក​មានប្រសាសន៍​ថា៖ «យើង​គិ​តថា មួ​យខែ​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​នោះ​ ជោគជ័យ​ហើយ បើសិន​រឿង​ហ្នឹង​បន្ត​ចឹង​ទៀត យើង​ធានា​ថា ថយ​ចុះ​ច្រើន​ហើយ ព្រោះ​មួយ​ខែ​នេះ ប្រៀបធៀប​នឹង​ឆ្នាំមុន​ដូចគ្នា វា​មាន​ជាង ២០នាក់​ស្លាប់ ហើយ​បើ​ធៀប​នឹង​ខែមុន ១៤នាក់ អញ្ចឹង​បើ​មួយ​ខែ​យើង​ថយ​ចុះ ១៤នាក់ បើ ១០ខែ ថយ​ចុះ ១៤០នាក់ សរុបទៅ ១៧០ ទៅ១៨០នាក់​ដែរ មិនធម្មតា​ទេ»។

ប្រធាន​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ (ប៊ែលហ្ស៊ី​ក) លោក គង់ រតនៈ មានប្រសាសន៍​ថា ការ​ថយ​ចុះ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​កត្តា​ច្រើនយ៉ាង ដូចជា អំឡុង​ពេល​ឆ្លង​ជំងឺ​កូ​វីដ១៩ មិនសូវ​មាន​មនុស្ស​ធ្វើដំណើរ​ច្រើន រួម​ទាំង​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផង​ដែរ។

ទោះជា​បែបនេះ​ក្តី លោក រតនៈ បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​ល្មើសច្បាប់​ឱ្យមាន​ប្រសិទ្ធភាព លុះត្រាតែ​អ្នកដំណើរ​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការគោរព​ច្បាប់ ទើប​ទទួល​បានផល​វិជ្ជមាន។

លោក​បញ្ជាក់​ថា ៖ «ត្រូវតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ត្រូវ​មានការ​គោរពច្បាប់ ហើយ​យើង​តម្រូវឱ្យមានការ​កែសម្រួល​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ឧទាហរណ៍​ដូចជា ​ការ​បំពាក់​ភ្លើង​សញ្ញា ឬក៏​គំនូស​សញ្ញា ឬក៏​ផ្លាក​សញ្ញា​ចរាចរ​ណ៍​ផ្សេង​ៗ ដើម្បីឱ្យប្រជាពលរដ្ឋ​ គាត់​ងាយ​ក្នុង​ការ​មើល រឿង​ដែល​សំខាន់​ទាមទារ​ឱ្យមានការ​រឹត​បន្តឹង​ច្បាប់​ជាប់​ជាប្រចាំ ពីព្រោះ​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​នេះ គាត់​ខ្លាច​ប៉ូល​ិសជាង​ការ​បារម្ភ​ពី​សុខភាព​របស់​គាត់»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍​ថា ដើម្បីឱ្យ​ដឹង​ថា ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ណ៍ឱ្យមាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​ជំងឺ​កូ​វីដ១៩ស្ងប់ស្ងាត់ ហើយ​ប្រជាពលរដ្ឋ​ចេញ​ធ្វើដំណើរ​ដូចដើម​វិញ។

ទោះជា​បែបនេះ​ក្តី​ លោក សន ជ័យ សង្កេតឃើញ​ថា បច្ចុប្បន្ន​នេះ រថយន្ត​ខុស​បច្ចេកទេស (រថយន្ត​តទ្រុង​) និង​រថយន្ត​ដឹក​ទំ​និញ​ធំៗ​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ ខេមរ​ភូមិន្ទ ន.ប ជាដើម នៅតែ​មានករណីបើ​កបរ​បំពានច្បាប់​ដោយ​មិនសូវ​មានការ​ទប់ស្កាត់។

លោក​មានប្រសាសន៍​ថា៖ «ការអនុវត្ត​ច្បាប់​ត្រូវតែ​មាន​ស្តង់ដារ​មួយ ទោះបីជា​រថយន្ត​ប្រភេទ​ណាក៏ដោយ ឱ្យតែ​ខុសច្បាប់ ឱ្យតែ​ខុស​បច្ចេកទេស​នៃ​ខ្លឹមសារ​ច្បាប់ ត្រូវ​អនុវត្ត​ច្បាប់​ដោយ​មិន​លើកលែង ដោយ​មិន​យោគយល់​ក្នុងករណី​ណាមួយ»។

រដ្ឋាភិបាល​ចាប់ផ្តើម​បង្កើន​ការ​ផាកពិន័យ​ចរាចរណ៍​ពី ៣ ទៅ ៥ដង ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ ចំនួន​លុយ​ដែល​ផាក​បាន​គឺ ៧០ភាគរយ​ផ្តល់​ឱ្យ​កម្លាំង​នគរបាល ២៥ភាគរយ​ប្រគល់​ឱ្យ​អង្គភាព​នគរបាល និង ៥ភាគរយ​ដាក់​ចូលក្នុង​ថវិកាជាតិ។

របាយការណ៍​នគរបាល​ជាតិ​ បង្ហាញថា ក្នុងរយៈពេល ១ខែ​ក្នុង​ខែឧសភា ផាកពិន័យ​បាន​ចំនួន ៤៤ ៧៦៥ករណី ទទួល​បាន​ទឹកប្រាក់​ចំនួន ៣ពាន់​លាន​រៀល ស្មើនឹង​ជាង ៧០ម៉ឺន​ដុល្លារ​អាមេរិក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ