តុលា​ការ​​សម្រេច​​ឃុំ​ខ្លួន​​អតីត​ប្រធាន​​ប្រតិ​បត្តិ​CNRP​នៅ​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​ជា​ថ្មី​​ទៀត​​

​អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហេង ចន្ទ​សុធី ក្រោយសមត្ថកិច្ចឃាត់ខ្លួន ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។

សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហេង ចន្ទ​សុធី នៅ​ពន្ធនាគារ​ជាថ្មី​ទៀត ដោយ​លើក​ហេតុផល​ថា លោក​មិន​គោរព​តាម​លក្ខខណ្ឌ​របស់​តុលាការ។ 

អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហេង ចន្ទ​សុធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃនេះ ក្រោម​បទ​ចោទ​រួមគំនិតក្បត់ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ជា​បទល្មើស​ចាស់។ 

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ ហេង ចន្ទ​សុធី គឺ​លោក សំ សុ​គង់ ប្រាប់​វី​អូ​ឌី​នៅ​រសៀល​ថ្ងៃនេះ​ថា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បានសម្រេច​ឱ្យ​ឃុំខ្លួន​កូនក្ដី​របស់​លោក​នៅ​ពន្ធនាគារ​ជាថ្មី​ទៀត ដោយ​លើក​ហេតុ​ផលថា កូនក្ដី​របស់​លោក​មិនបាន​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​តុលាការ​ដែល​បាន​ដោះលែង​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១៩។

លោក​បន្ត​ថា មូលហេតុ​ដែល​កូនក្ដី​របស់​លោកមិនបាន​បំពេញ​តាម​លក្ខខណ្ឌ​តុលាការ ដោយសារ មិនបាន​ទទួល​ដីកាសម្រេច​ដោះលែង ហើយក៏​មិនបាន​ដឹង​ថា នៅក្នុង​ដីកា​នោះ​តុលាការ​មាន​ភ្ជាប់​លក្ខខណ្ឌ​អ្វីដែរ ករណីនេះ ធ្វើ​ឱ្យ​កូនក្ដី​របស់​លោក​ខកខាន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច។

លោក សំ សុ​គង់ ចាត់ទុក​ការស​ម្រេច​ឃុំខ្លួន​កូនក្ដី​របស់​លោក​ជាថ្មី​ទៀត​ថា ជា​រឿង​មិន​ត្រឹមត្រូវ​តាមច្បាប់ ដោយសារ ការ​មិនបាន​បំពេញ​កាតព្វកិច្ច​នោះ លោក​ថា មិនមែន​ជា​កំហុស​របស់​កូនក្ដី​លោក​ឡើយ។

លោក​ថា៖ «មិនទាន់​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ទេ ហើយក៏​មិន​ផ្ដល់​យុត្តិធម៌​ចំពោះ​កូនក្ដី​ខ្ញុំបាទ​ដែរ ដោយសារ តាម​បញ្ញ​ត្តិ មាត្រា ២៣០ គឺ​គេចវេះ​មិន​បំពេញ​កាតព្វកិច្ច​នូវ​ជន​ត្រូវ​ចោទ​ហ្នឹង​ លុះត្រាតែ​ជា​ចេតនា មានន័យថា គាត់​ទទួល​បាន​ដីកាសម្រេច​ហើយ ទទួល​បាន​លិខិត​ជូន​ដំ​ណឹង​ផ្សេង​ៗហើយ គាត់​មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ​អាហ្នឹង​បាន​ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​សម្រេច​ឃុំខ្លួន​ឡើងវិញ ប៉ុន្តែ​នេះ ក្នុង​សំណុំរឿង​កូនក្ដី​ខ្ញុំបាទ រហូតមកដល់​ពេលនេះ ដីកាសម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ភ្ជាប់​លក្ខខណ្ឌ​…»។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ បាន​ចាប់ខ្លួន​អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហេង ចន្ទ​សុធី នៅពេល​ដែល​ធ្វើដំណើរ​នៅ​តាមផ្លូវ នៅក្នុង​សង្កាត់​ចោមចៅ។

កូនស្រី​លោក ហេង ចន្ទ​សុធី​ គឺអ្នកស្រី ហេង ស្រី​រ័ត្ន ថ្លែង​ថា ការ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​មិនបាន​បង្ហាញ​ដីកា​ទេ។ អ្នកស្រី​ចាត់ទុក​ការ​ចាប់ខ្លួន​ឪពុក​ថា ជា​រឿង​អយុត្តិធម៌ ដោយ​ថា ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ​មក ​ឪពុក​របស់​អ្នកស្រី​មិនបាន​ធ្វើសកម្មភាព​នយោបាយ​ទៀត​នោះ​ទេ។

អ្នកស្រី​ថា៖ «រាល់ថ្ងៃ​ គាត់​នៅតែ​ផ្ទះ វា​អត់មាន​យុត្តិធម៌​សម្រាប់​គាត់។ គាត់​ជរា មាន​ជំងឺ​ប្រចាំ​កាយផង ម្យ៉ាងទៀត បើ​គាត់​ធ្វើ​អី​ខុស​ ក៏​យើង​អស់ចិត្ត​ដែរ។ គាត់លើសឈាម ឡើង​ខ្លាញ់ ហើយ​ខ្លាញ់​រុំ​បេះដូង»។ 

អ្នកស្រី ហេង ស្រី​រ័ត្ន បន្ត​ថា ឪពុក​របស់​អ្នកស្រី​ធ្លាប់​ត្រូវ​បាន​គេ​លួច​វាយ​ត្រូវ​ក្បាល កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់​ចេញពី​ពន្ធនាគារ​បាន ១ខែ ប៉ុន្តែ​ ចាប់តាំងពី​ថ្ងៃ​គេ​វាយ​រហូតមកដល់​បច្ចុប្បន្ន​នេះ អ្នកស្រី​ថា សមត្ថកិច្ច​រក​មិនទាន់ចាប់​បានជនល្មើស​មក​ផ្ដន្ទាទោស​នៅឡើយ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ការដែល​សមត្ថកិច្ច​ឃាត់ខ្លួន​អតីត​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យ លោក​ថា អនុវត្ត​តាម​ដីកា​របស់​តុលាការ។

លោក​ថា៖ «ដោះលែង​ហ្នឹង​ មិនមែន​រួចផុត​បទល្មើស​ណា! បើ​គាត់​នៅ​ធ្វើ​បទល្មើស ​គេ​ចាប់​ទៀត មិនមែន​ដោះលែង​ហើយ ​អ្នកឯង​រួចខ្លួន​មួយ​ជីវិត​ ចង់​បាញ់​អ្នកណា​ចោល​ក៏បាន​ដែរ​ណា មិនមែន​អ៊ីចឹង​ទេ។ វា​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការកាល​គេ​ដោះលែង​ហ្នឹង​ ប៉ុន្តែ​ គាត់​នៅតែ​មិន​រាង​ចាល ហើយ​គាត់​នៅតែ​បន្ត​ញុះ​ញង់​ទៀត គេ​ចេញដីកា​ចាប់​ហើយ។ សួរ​តុលាការ​តែម្ដង​ទៅ តែ​តុលាការ​គេ​អនុវត្ត​ដីកា គេ​យក​ទៅ​តុលាការ​ហើយ»។

នាយករង​អង្គការ​លី​កាដូ​ លោក អំ សំអាត យល់ថា មុននឹង​សម្រេច​ឃុំ​ខ្លួ​ន តុលាការ​គួរតែ​ចេញដីកា ឬលិខិត​ជូនដំណឹង​ឱ្យ​ច្បាស់លាស់​សិន។ 

លោក​ថា៖ «កាលណា​កាតព្វកិច្ច​ផ្លូវច្បាប់ វា​ទាល់តែ​មាន​ដី​កាដែ​លដាក់​លក្ខខណ្ឌ ដែល​គាត់​បាន​ទទួល ហើយ​គាត់​មិន​អនុវត្ត​ អាហ្នឹង​បាន​វា​ខុស ប៉ុន្តែ​ បើ​គាត់​មិនបាន​ទទួល​ ស្មើនឹង​គាត់​អត់​ដឹង។ អ៊ីចឹង​មិន​អាច​ទៅ​អនុវត្ត​កាតព្វកិច្ច​លើ​គាត់​បានទេ បើសិនជា​គាត់​អត់​បាន​ទទួល​នោះ»។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុ​គង់ ឱ្យ​ដឹង​ថា គិត​ចាប់តាំងពី​ខែមករា ឆ្នាំ២០២០មក សមត្ថកិច្ច​បាន​ចាប់ខ្លួនអតីតមន្ត្រី និង​សកម្មជន​បក្ស CNRP រាជធានី​-ខេត្ត ចំនួន ១៤នាក់ ក្រោម​បទចោទប្រកាន់រួមគំនិតក្បត់ បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​មិន​ឱ្យ​យោធា​ស្ដាប់បង្គាប់។

ការ​ចាប់ខ្លួន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្ដងទៀត​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមានកាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ថា យុទ្ធសាស្ត្រ​ផ្តាច់​ក្បាល​បំបែក​ដងខ្លួន នឹង​ត្រូវ​វាយបក បើ​ក្រុមប្រឆាំង​យក​បញ្ហា​កូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​របប​ដឹកនាំ​របស់​លោក។

កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩ សាលា​ដំបូងរាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ អតីតមន្ត្រី និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​តុលាការ​ដោះលែង ក្នុង​នោះ​ក៏​មាន​លោក ហេង ចន្ទ​សុធី ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ