កម្មករមួយចំនួនកំពុងខ្វះលុយបង់ឈ្នួលបន្ទប់និងសម្រាប់អាហារ

កម្មករ​បម្រើការ​ងារ​នៅ​រោងចក្រ អេ​ហ្វ អឹម អេ​ហ្វ មេនូ​ហ្វេ​កធឺ​រីង (FMF MANUFACTURING CO​.,LTD​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ផ្ទុះ​ការទាមទារ​ទៅ​ថៅកែ​ឱ្យបើកប្រាក់​ឈ្នួល ក្រោយពេលថៅកែពន្យារពេលបើកប្រាក់ឈ្នួល និងបញ្ចប់កិច្ចសន្យាការងារ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ (ឃុត សុគន្ធ)

កម្មករកម្មការិនីមួយចំនួនដែលរោងចក្រព្យួរការងារអះអាងថា ពួកគាត់កំពុងខ្វះលុយប្រើប្រាស់លើការចំណាយប្រចាំថ្ងៃដូចជា ថ្លៃបន្ទប់ជួល និងអាហារជាដើម ទើបអ្នកខ្លះបង្ខំចិត្តសុំលុយពីអ្នកផ្ទះ និងលក់របស់របរតិចតួច ដើម្បីដោះស្រាយបានក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។​

កម្មការិនី​ផ្នែក​ដេរ អ្នកស្រី សុខ ដា​ណា អាយុ ២៥ឆ្នាំ បម្រើការងារនៅរោងចក្រ សឺ​ពី​យ៉ាក្នុងខណ្ឌពោធិ៍សែនជ័យជាង៧ឆ្នាំប្រាប់វីអូឌីថា កម្ម​ករ​ប្រហែល ៦០០នាក់របស់រោងចក្រនេះ ត្រូវ​បាន​ថៅកែព្យួរការងារទាំងអស់គ្នាចំនួន២ខែកន្លះហើយ​ គិតមកដល់ថ្ងៃនេះ ដោយមិនទាន់ទទួលបានប្រាក់៣០ដុល្លាររបស់ថៅកែ និងប្រាក់៤០ដុល្លាររបស់រដ្ឋាភិបាលនៅឡើយទេ។

កម្មការិនីរូបនេះឲ្យដឹងថា រយៈពេលព្យួរការងារនោះ គឺរូបគាត់ក៏ដូចជាកម្មករក្នុងក្រុមការងារជួបលំបាកច្រើន ជូចជាខ្វះខាតលើការចំណាយប្រចាំថ្ងៃក្នុងគ្រួសារដូចជា ខ្វះលុយបង់បន្ទប់ជួល ទឹកភ្លើង និងខ្លះខាតលុយបង់សងធនារគារជាដើម។ អ្នកស្រីថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ អ្នកស្រីបានលក់កងដៃ ខ្សែរក និងទ្រព្យសម្បត្តិផ្សេងៗទៀត ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងសង់បំណុលគេ។

អ្នកស្រីបន្ថែមថា៖«សម្រាប់កម្មករនៅរោងចក្រខ្ញុំ ក៏ដូចខ្ញុំគ្នាមួយៗសុទ្ធតែអត់ដូចគ្នា។អីចឹងមានអីដែលនៅក្នុងខ្លួនគឺគ្នាលក់សិនដើមដោះស្រាយជីវភាព និងសង់បំណុសគេខណៈពេលនេះខ្លះដូចជាកងដៃចិញ្ចៀនខ្សែកដើម្បីយកដោះទាល់សិន»

កម្មការិនីផ្នែកដេរបម្រើការងារនៅរោងចក្រ យីដា ស្ថិតក្នុងស្រុកគៀនស្វាយ ខេត្តកណ្តាល អ្នកស្រី ដោក សុវណ្ណ អះអាងថា កម្មករប្រហែល៤ពាន់នាក់របស់រោងចក្រនេះ ត្រូវថៅកែព្យួរការងារទាំងអស់គ្នាជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៧ ខែឧសភាពដល់ថ្ងៃទី៣០ខែឧសភាព ក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។

កម្មការិនីរូបនេះឲ្យដឹងថា រយៈពេលមិនមានការងារនេះ គឺអ្នកស្រីខ្វះខាតលុយសម្រាប់ការចំណាយលើអាហារប្រចាំថ្ងៃ និងខ្វះខាតលុយបង់សងធនាគារជាដើម។ អ្នកស្រីបន្តទាំងអួលដើមកថា គ្រួសារអ្នកស្រីបង្ខំចិត្តលក់ម៉ូតូមួយគ្រឿង ដើម្បីដោះស្រាយជីវភាព និងបង់សងធនាគារខ្លះ។

អ្នកស្រី ដោក សុវណ្ណបន្តថា ប្រាក់៣០ដុល្លារ និងប្រាក់៤០ដុល្លារដែលទទួលបានពីថៅកែ និងរដ្ឋាភិបាលនោះ គឺមិនអាចជួយដោះស្រាយជីវភាពគ្រួសារអ្នកស្រីបានឡើយ។

អ្នកស្រីបន្ថែមថា៖«ពេលដែលអត់ការងារធ្វើខ្ញុំក៏ដូចជាកម្មករផ្សេងទៀតបង្ខំចិត្តលក់របស់ទាំងអស់ហ្នឹងចាយ។ ហើយពេលដែលរបស់ទាំងអស់ហ្នឹងលក់អស់មិនដឹងថា ត្រូវធ្វើអីទៀតទេ ព្រោះខាងធនាគារឱ្យតែដល់ខែដឹងតែគេមកទារហើយ។ បើខ្ញុំវិញថ្ងៃទី១២ឬ១៣ហ្នឹងខ្ញុំត្រូវបង់ធនាគារហើយ ចុះបើខ្ញុំមានលុយតែ៣០ដុល្លារផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារទឹកភ្លើងមិនគ្រាន់ផង។ តើខ្ញុំមានពីណាបង់សងធនាគារ»

កម្មការិនីរូបនេះ ចង់ឲ្យរដ្ឋាភិបាលចេញសេចក្តីណែនាំជាក់លាក់មួយទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់កម្មករដែលកំពុងរងទុក្ខលំបាកអត់ការងារធ្វើ និងខ្វះខាតក្នុងជីវភាពគ្រួសារដោយសារបញ្ហាអត់ការងារធ្វើ។

កម្មការិនី​ផ្នែក​ដេរ​ម្នាក់ទៀត ​អ្នកស្រី សៀង ស្រី​រ៉ា បម្រើការងារនៅរោងចក្រខ្វលីតធី (Quality Textiles )ប្រាប់វីអូឌីថា រោងចក្រមួយនេះ មានកម្មករជាង១ពាន់នាក់ ប៉ុន្តែត្រូវថៅកែព្យួរការងារប្រហែល៤០០នាក់ចំនួន២ខែ ក្នុងនោះក៏មានអ្នកស្រីផងដែរ។

កម្មការិនីរូបនេះឲ្យដឹងថា អំឡុងពេលព្យួរការងារនោះ គឺថៅកែផ្តល់លុយឲ្យកម្មករតែ១២ដុល្លារប៉ុណ្ណោះដែលបណ្តាលឲ្យអ្នកស្រីជួបការលំបាក ដូចជាខ្វះលុយបង់បន្ទប់ទឹកភ្លើង និងចាយវាយប្រចាំថ្ងៃជាដើម។ អ្នកស្រីបន្តថា ដោយសារបញ្ហាខ្វះខាតទាំងនេះ គឺអ្នកស្រីសុំឲ្យអ្នកផ្ទះផ្ញើរលុយមកឲ្យចាយវិញសម្រាប់បង់ថ្លៃបន្ទប់ជួលទឹកភ្លើង​។

អ្នកស្រីបន្ថែមថា៖«កម្មករខ្លះគាត់មានកូនត្រូវចំណាយលើកូនរៀន ប៉ៅទឹកដោះគោ។ អ្នកបង់សងធនាគារ ជំពាក់គេ ចាយវាយប្រចាំថ្ងៃ។យើងត្រូវការលុយបង់សងគេវិញរហូតអ្នកខ្លះតម្រូវឲ្យអ្នកផ្ទះផ្ញើលុយមកឲ្យចាយវិញ។អ្នកផ្ទះខ្លះគាត់អត់ការងារធ្វើគាត់សង្ឃឹមលើកម្មករដែលធ្វើនៅនេះ។ ចុះបើកម្មកររោងចក្រធ្វើបែបនេះតើកម្មករមានអារម្មណ៍របៀបម៉េច សូម្បីខ្ញុំក៏ឲ្យអ្នកផ្ទះផ្ញើលុយមកឲ្យចាយរំដោះដែរ»

​ក្នុងកម្មវិធីបទសម្ភាសន៍មួយរបស់ទូរទស្ស CNC អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ឲ្យដឹងថា គិតមកដល់ថ្ងៃទី៤ខែមិថុនា គឺមានរោងចក្រ សហគ្រាស៥៦៣បានព្យួរការងារកម្មករ ប៉ុន្តែក្នុងនោះ ក៏មានរោងចក្រមួយចំនួនបាន​បញ្ចប់​នូវ​ការ​ព្យួរការងារ ហើយ​បន្ត​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ឡើងវិញដែរ។ លោកថា បច្ចុប្បន្ននៅសល់រោងចក្រតែ៤៣៣ប៉ុណ្ណោះបន្តព្យួរការងារកម្មករ។

លោក ហេង សួរ បញ្ជាក់ថា ក្នុងចំណោមរោងចក្រសហគ្រាស៤៣៣ដែលកំពុងព្យួរការងារនេះ គឺ២៦៣ស្ថិតក្នុងវិស័យកាត់ដេរ និង១៧០ស្ថិតក្នុងវិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ឬក្រុមហ៊ុនទេសចរណ៍ ដែលប៉ះពាល់កម្មករ១៥ម៉ឺននាក់។

បើតាមលោក ហេង សួរ គឺរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលព្យួរការងារបានចំនួន៣លើកហើយ ដែលមានកម្មករចំនួនប្រហែល១១ម៉ឺននាក់​ ហើយមានទឹកប្រាក់សរុបប្រែល២,៤លានដុល្លារ។

កាលពី​ថ្ងៃទី៧ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា អំឡុង​ពេល​ព្យួរការងារ កម្មករ​នឹង​ទទួល​បាន​ប្រាក់ ៧០ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ក្នុង​នោះ រដ្ឋាភិបាល​រួមចំណែក ៤០ដុល្លារ ហើយ​ថៅកែ​រោងចក្រ​ត្រូវ​ចេញ ៣០ដុល្លារ​។

កាលពីថ្ងៃទី១ ខែឧសភា ក្រុម​សហជីព បាន​ដាក់លិខិតមួយទៅខុទ្ទល័យនាយករដ្ឋមន្ត្រី ដើម្បីទាមទារ​ទៅ​រដ្ឋាភិបាលឱ្យ​រក្សា​ការ​ផ្តល់​ប្រាក់ឈ្នួល​ប្រចាំខែ​យ៉ាងតិច ៦០ភាគរយ ​ជូន​កម្មករ​ ដោយ​រដ្ឋាភិបាល​ចេញ ២០ភាគរយ និ​ងនិ​យោជក ៤០ភាគរយ​នៃ​ប្រាក់ឈ្នួល​របស់​កម្មករ​គ្រប់​វិស័យនៅ​អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ១៩។

សហជីពទាំងនោះអះអាងថា ប្រាក់៧០ដុល្លារដែលផ្តល់ដោយភាគីរោងចក្រ និងរដ្ឋាភិបាលនោះ គឺមិនអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់កម្មករបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ