សហ​​មេធាវី​​លោក​ កឹម​ សុខា​៖​ ដើម្បី​​ស្ថិរ​ភាព​​សង្គម​ អ្នក​ច្បាប់​​ចៀស​​ឆ្ងាយ​​ពី​​ឥទ្ធិ​ពល​​នយោ​បាយ​​

លោកមេធាវី ផែង ហេង ដែលជាសហ​មេធាវី​ការពារ​ក្តី​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ (ហ្វេសប៊ុក PHENG Heng ផែង ហេង)

សហ​មេធាវី​ការពារ​ក្តី​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ផែង ហេង បង្ហាញ​ការយល់ឃើញ​ថា ដើម្បី​ស្ថិរ​ភាព​សង្គម និង​សន្តិភាព​ពិតប្រាកដ ជម្រើស​តែមួយគត់​របស់​អ្នកច្បាប់ គឺ​កែប្រែ​សង្គម​ឱ្យមានការ​ផ្សះផ្សា​ជាតិ ​«ចៀស​ឆ្ងាយ​ពី​ឥទ្ធិពល​នយោបាយ»

តាមរយៈ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ម្សិលមិញ លោក ផែង ហេង បង្ហាញ​ការយល់ឃើញ​ថា ដើម្បី​ស្ថិរភាព​សង្គម និង​សន្តិភាព​ពិត ប្រជាពលរដ្ឋ​ត្រូវ​មាន​ទស្សនៈ​ជាតិនិយម យុត្តិធម៌​និយម ស្រឡាញ់​ភាព​ស្អាតស្អំ និង​ស្អប់​អំពើពុករលួយ។

មេធាវី​រូប​នេះ អះអាង​ទៀត​ថា៖ «ជាពិសេស​យុវជន​ត្រូវ​ធ្វើជា​គំរូ អ្នកច្បាប់​កុំ​ទោរទន់​តាម​អ្នកនយោបាយ និង​ចៀស​ឆ្ងាយ​ពី​ឥទ្ធិពល​នយោបាយ។ យុវជន និង​អ្នកច្បាប់​ ជា​ជម្រើស​តែមួយគត់​សម្រាប់​ការ​កែប្រែ​សង្គម​ឱ្យ​មានការ​ផ្សះ​ផ្សាជាតិ យុត្តិធម៌​សង្គម និង​សន្តិភាព​ពិតប្រាកដ»។

លោក ផែង ហេង ឱ្យដឹង​បន្ថែម​ថា សារ​នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក មិន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​កូន​ក្តី​ទេ ប៉ុន្តែ លោក​អះអាង​ថា ភាព​មិន​ឯករាជ្យ​របស់​អ្នកច្បាប់ វា​ជំរុញ​ឱ្យមាន​ភាព​ផុយ​ស្រួយ​នៃ​ការ​បែកបាក់​ជាតិ។

លោក ផែង ហេង ប្រាប់​ថា៖ «អ្នកនយោបាយ​ គេ​តែងតែមាន​មហិច្ឆតា ការពារ​ប្រយោជន៍​របស់​គេ​ហើយ ប៉ុន្តែ បើ​យើង​ជា​អ្នកបច្ចេកទេស ​[អ្នកច្បាប់​] […] រក្សា​បាន​នូវ​អព្យាក្រឹត្យភាព​តាម​វិជ្ជាជីវ​ៈបាន អាហ្នឹង​ក៏​វា​កាត់បន្ថយ​ជម្លោះ​នៅក្នុង​សង្គម»។

ប្រធាន​គណៈមេធាវី​កម្ពុជា លោក សួន វិសាល និយាយ​ថា មេធាវី​មិនមែន​ជា​បុគ្គល​ឯករាជ្យ​ទេ ថ្វីត្បិត​ការងារ​ពួក​គេ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់។ លោក​ថា គោលដៅ​មេធាវី​ស្វែងរក​ប្រយោជន៍ឱ្យកូន​ក្តី ទោះ​អ្នកនោះ​ជា​អ្នកនយោបាយ​ក៏ដោយ។

លោក វិសាល អះអាង​ទៀត​ថា ប៉ុន្តែ មេធាវី​អាច​សុំ​ដកខ្លួន​មិន​ការពារ​ក្តី​បាន បើសិន​ខ្លួន​មិន​ពេញ​ចេញ​ចិត្ត ឬមានការ​គំរាមកំហែង​ពី​អ្នកនយោបាយ​ដែល​ពឹង​ខ្លួន​ឱ្យការពារ​ក្តី។

លោក សួន វិសាល ប្រាប់​ថា៖ «ប្រសិនបើ​គាត់​ទៅ​ធ្វើការ ហើយ​ត្រូវ​បាន​គេ​គំរាម​ អាហ្នឹង​ជា​រឿង​មួយទៀត ដែល​គាត់​ត្រូវ​ប្តឹង​មក​គណៈមេធាវី​ ដើម្បី​ស្វែងរក​ដំណោះស្រាយ។ ប៉ុន្តែ​ មកដល់​ម៉ោង​នេះ​ មិនទាន់​ឃើញ​មេធាវី​ណា​ម្នាក់​មាន​គេ​គំរាមកំហែង​អី​ទេ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ប្រាប់​ថា អ្នកច្បាប់​ក៏អាច​បម្រើ​នយោបាយ​បាន​ដែរ ព្រោះ​ពួក​គេ​ជា​ពលរដ្ឋ​ដែល​អាច​អនុវត្ត​សិទ្ធិ​នយោបាយ​បាន។

អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា សិទ្ធិ​នេះ​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ វា​លើកលែងតែ​ប្រព័ន្ធ​តុលាការ​ប៉ុណ្ណោះ ដែល​រដ្ឋធម្មនុញ្ញតម្រូវឱ្យ​ឯករាជ្យ​ពី​អំណាច​នយោបាយ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «ក្រុម​មេធាវី​របស់​គាត់​ហ្នឹង​ក៏​ជា​អ្នកច្បាប់ ហើយ​ធ្វើសកម្មភាព​ក្រោម​ឥទ្ធិពល​នយោបាយ​ ព្រោះអី​ពួក​គាត់​ជាសកម្ម​ជន​យោ​បាយ ជាស​មា​ជិ​កន​យោ​បាយ​ដែល​ធ្វើការ​ការពារ​ក្តីដើម្បី​ផលប្រ​យោជន៍ន​យោ​បាយ ​និង​ប្រធាន​បក្ស​របស់​គាត់​ដែរ។ បើ​និយាយ​ឱ្យត្រឹមត្រូវ​ អ្នក​ដែល​ត្រូវ​ឯករាជ្យ​ពី​អំ​ណា​ចន​យោបាយ​ គឺ​ស្ថាប័ន​តុលាការ»។

យ៉ាងនេះ​ក្តី អ្នកជំនាញ​ផ្នែក​ច្បាប់​នៅ​អង្គការ​សង្គម​ស៊ីវិល លោក​មេធាវី សុក សំ​អឿន ពន្យល់​ថា អ្នកច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ នឹង​មិន​ឯករាជ្យ​ទេ ដរាបណា​រដ្ឋាភិបាល​ដែល​ជា​អ្នកធ្វើ​ច្បាប់ បាន​ចង​ប្រព័ន្ធ​នេះ​មិន​ឱ្យឯករាជ្យ​រួច​ទៅ​ហើយ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ