ប្រជា​​សហ​គមន៍​​នៅ​​ត្បូង​ឃ្មុំ​​រារាំង​​គ្រឿង​ចក្រ​​ក្រុម​ហ៊ុន​​ចិន​​មួយ​​មិន​​ឱ្យ​ឈូស​​ឆាយ​​លើ​​ដី​​កំពុង​​មាន​​ជម្លោះ​​

សន្តិសុខ និងគ្រឿងចក្ររបស់ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ដែលមកធ្វើការឈូសឆាយដីធ្លីដីនៅក្នុងសហគមន៍ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នា២០២០។ (សហគមន៍ភូមិស្រែប្រាំង)

ប្រជា​សហគមន៍​មួយចំនួន​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​រារាំង​គ្រឿង​ចក្ររ​បស់​ក្រុមហ៊ុន​ចិន​មួយ​មិន​ឱ្យ​ឈូស​ឆាយ​លើ​ដី​កំពុង​មាន​ជម្លោះ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន។

លោក សែម ចំណាន ដែល​អះអាង​ថា ជា​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ភូមិ​ស្រែប្រាំង​ ប្រាប់​វី​អូ​ឌី​ថា ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន បាន​ដាក់គ្រឿង​ចក្រ និង​សន្តិសុខ អម​ដោយ​កម្លាំង​អាជ្ញាធរ​ស្រុក​តំបែរ​ប្រដាប់ដោយ​កាំ​ភ្លើង​ប្រមា​ណជាង ១០នាក់ ទៅ​ឈូស​ឆាយ​លើ​ដី​សហគមន៍ ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យផល ប៉ុន្តែ ត្រូវ​បាន​រារាំង​ដោយ​អ្នកភូមិ​ប្រហែល​ជិត ១០០នាក់។

តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ថា តាម​លិខិតចុះបញ្ជី​ដី​ធ្លី​របស់​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ត្បូងឃ្មុំ​ទៅ​ឱ្យក្រុ​មហ៊ុន​កាល​ពីឆ្នាំ២០១២ គឺ​ក្រុមហ៊ុន​ទទួល​បាន​ដី​ទំហំ​តែ ៤២១ហិ​កតា​ប៉ុណ្ណោះ ប៉ុន្តែ ពេល​ចេញ​ប្លង់​ជាក់ស្តែង គឺ​ក្រុមហ៊ុន​ទទួល​ដី​រហូត​ទៅ​ជាង ១,៦០០ហិ​កតា ដែល​ចំនួន​ដ៏​ច្រើន​នេះ លោក​ថា ​បាន​ប៉ះពាល់​​ដល់​ដី​សហគមន៍​ដែល​កំពុង​អាស្រ័យផល។

លោក សែម ចំណាន បញ្ជាក់​ថា ដី​សហគមន៍​ដែល​អ្នកភូមិ​កំពុង​តវ៉ា​មាន​ទំហំ ៧៨៥ហិ​កតា ដែល​ចូល​អាស្រ័យផល​ធ្វើស្រែ​ធ្វើចម្ការ​ដោយ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​បុស្ស​ស្នោ​រ និង​ស្រែប្រាំង ដែល​មាន​ប្រជាពលរដ្ឋ ១២៩គ្រួសារ។

លោក​បន្ថែម​ថា‍៖ «អាជ្ញាធរ​ធ្វើ​ហ្នឹង គឺ​រំលោភបំពាន​ប្រជាពលរដ្ឋ​ខ្លួនឯង ​ទាំង​ដែល​ពលរដ្ឋ​មិនបាន​ខុស​អី​ផង។ អាជ្ញាធរ​បែរជា​មក​សម្លុត​គំរាមកំហែង​ចាប់ខ្លួន។ វា​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ​ក៏​ដូច​រូប​ខ្ញុំ​ផ្ទាល់​ដែរ។ អ៊ីចឹង ខ្ញុំ​សុំ​ស្នើ​ទៅ​រដ្ឋាភិបាល ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​សម្តេច ហ៊ុន សែន សុំ​ឱ្យគាត់​ជួយ​រក​ដំណោះស្រាយ​ដែល​សមស្រប និង​អាច​ទទួល​បាន​ទាំងអស់គ្នា។ បើមិនទាន់​មាន​ដំណោះស្រាយ ដាច់ខាតគឺ​មិន​ឱ្យ​ក្រុមហ៊ុន​ចូល​ឈូស​ឆាយ​ឡើយ»។

ពលរដ្ឋ​ម្នាក់ទៀត លោក វឿន វឺ និយាយ​ថា ក្រុមហ៊ុន​ចិន​ ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន មិន​ត្រឹមតែ​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​សហគមន៍​ប៉ុណ្ណោះទេ គឺ​ក្រុមហ៊ុន​មួយ​នេះ បាន​ឈូស​ឆាយ​ផ្តាច់​ផ្លូវ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចេញចូល​ទៅ​ប្រមូល​ផលដំណាំ​របស់​ខ្លួន​ក្នុង​តំបន់​នោះ​ថែមទៀត។

លោក វឿន វឺ បន្ត​ថា បើ​អាជ្ញាធរ​ស្រុក​វិញ បាន​​ប្រកាស​គំរាមកំហែង​ចាប់​ខ្លួ​នប្រជាពលរដ្ឋ និង​អ្នក​ដែល​អាជ្ញាធរ​ថា បាន​ញុះញង់​ឱ្យប្រជាពលរដ្ឋ​ចេញ​តវ៉ា​ថែមទៀត។

លោក វឿន វឺ ប្រាប់​ថា៖ «អាជ្ញាធរ​ប្រកាស​គំរាមកំហែង​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ដែល​តវ៉ា។ គេ​ថា ប្រជាជន​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​គេ​មួយចំនួន​តូច ដោយ​គេ​ថា ដី​ក្រុមហ៊ុន​ចិន​គេ​មានកម្ម​សិទ្ធិ​ហើយ ប៉ុន្តែ ប្រជាពលរដ្ឋ​នៅ ១០០នាក់​ជាង​ហ្នឹង គេ​មិន​ជឿ​តាម​អាជ្ញាធរ​ទេ។ គេ​នៅតែ​តវ៉ា​ដាច់ខាត ព្រោះ​ដី​នេះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​គេ។ បើសិនជា​ដី​ហ្នឹង​បាន​ទៅលើ​ក្រុមហ៊ុន ហើយ​ប្រជាពលរដ្ឋ​អត់មាន​ដីធ្វើស្រែ​ចម្ការ តើ​ប្រជាពលរដ្ឋ​រស់នៅ​មានន័យ​អី»។

អភិបាលស្រុក​តំបែរ លោក សុខ សារិ​ទ្ធ មានប្រសាសន៍​ថា ប្រជាពលរដ្ឋ​កំពុងតែ​ធ្វើ​រឿង​ខុសច្បាប់ ដោយ​ថា បាន​ចូល​ទៅ​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ។ លោក​បន្ត​ថា ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ត្រូវ​បាន​ដោះស្រាយ​ចប់​អស់ហើយ ពុំ​មាន​ដី​សហគមន៍​នៅ​តំបន់​នោះ​ទៀត​ឡើយ ហើយ​លោក​ថា អាជ្ញាធរ​ក៏​គ្មាន​គោលការណ៍​ដោះស្រាយ​ថ្មី​ដែរ។

អភិបាលស្រុក​រូប​នេះ​ លើកឡើង​ថា ករណី​អ្នកភូមិ​តវ៉ា​នោះ គឺ​មាន​អ្នក​ញុះញង់​នៅ​ពីក្រោយ។ លោក​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​អ្នក​ដែល​លោក​ថា បាន​ញុះញង់​ឱ្យពលរដ្ឋ​តវ៉ា​នោះ។

លោក សុខ សារិ​ទ្ធ បន្ថែម​ថា៖ «ប្រជាជន​យើង​មួយចំនួន ​គាត់​មិនទាន់​យល់។ គាត់​ជឿ​តាម​ការឃោសនា​តាម​ជនខិលខូច​មួយចំនួននៅតែ​បន្តសកម្មភាព។ ភាគច្រើន​គាត់​យល់​ហើយ នៅតែ​ប៉ុន្មាន​នាក់​ទេ​ដែល​នៅតែ​តវ៉ា តែ​អ្នក​ដែល​តវ៉ា​ហ្នឹង យើង​នៅតែ​ផ្តល់​ឱកាស​ពន្យល់​គាត់​ឱ្យគាត់​បាន​យល់​អំពី​ផ្លូវច្បាប់ ពីព្រោះ​យើង​មិន​អាច​ទៅ​ប៉ះពាល់​កម្ម​សិទ្ធ​របស់​គេ ប្រឈមមុខនឹង​ផ្លូវច្បាប់។ ឥលូវ អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ចាត់វិធានការ​ចំពោះ​អ្នក​ញុះញង់»។

កាលពី​ឆ្នាំ២០១៩ ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ អះអាង​ថា ដី​ទំហំ ៤២,១៧០ហិ​កតា ​ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំង ភូមិ​ត្រពាំងព្រីង នៅ​ស្រុក​តំបែរ ដែល​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ទទួល​បាន​សិទ្ធិ​វិនិយោគ​នោះ គឺ​​ក្រុមហ៊ុន​ចិន​មួយ​នេះដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​រួចរាល់​ហើយ ហើយ​មន្ទីរ​រៀបចំ​ដែន​ដីខេត្ត​ ក៏បានចុះបញ្ជី​ដី​ធ្លីជូន​ក្រុមហ៊ុន​ផង​ដែរ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ភាគី​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន បានទេ​ ជុំវិញ​ករណីនេះ។

មន្ត្រី​អង្កេត​នៅ​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេង​ហាន មានប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ និង​មាន​តម្លាភាព​ចំពោះ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន គឺ​រដ្ឋាភិបាល​គួរបង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ចុះ​ស្រាវជ្រាវ​ករណីនេះ ជាជាង​ចោទប្រកាន់​ថា មាន​អ្នកនេះ មាន​អ្នកនោះ​ញុះញង់ ឬនៅ​ពីក្រោយ​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។

លោក ឡេង សេង​ហាន បន្ថែម​ថា៖ «ខ្ញុំ​ថា ដើម្បីឱ្យមាន​តម្លាភាព ហើយ​អាច​ទទួលយក​បាន​ទាំងអស់គ្នា គួរតែ​អាជ្ញាធរ​ពាក់ព័ន្ធ​ហ្នឹង​ចុះ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​ថា តើ​អ្វី​ដែល​ប្រជាពលរដ្ឋ​គាត់​លើកឡើង​ហ្នឹង​ តើ​ពួក​គាត់​មាន​អ្វី​យក​មក​សំអាង។ ហើយ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​កន្លងមក តើមាន​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​បរិស្ថាន ​និង​សង្គម​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​អត់? ហើយ​បើ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ តើ​បាន​ផ្តល់​សំណង​តាម​គោលការណ៍​ច្បាប់​ហើយ​នៅ?»

ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នេះ​ដែរ កាលពី​ថ្ងៃទី០៣ ខែមិថុនា សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានសម្រេច​ផ្តន្ទា​ទោស​តំណាង​សហគមន៍​ភូមិ​ស្រែប្រាំង លោក សែម សាង ឱ្យ​ជាប់ពន្ធ​នា​គារ ៧ឆ្នាំ ​ក្រោម​ការចោទប្រកាន់​ថា បាន​កំហែង​យក​ដោយមាន​អាវុធ។

តំណាង​សហគមន៍​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​នៅ​ភូមិ​ស្រែប្រាំង ​កាលពី​ថ្ងៃទី១៧ ខែតុលា ​ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការកៅស៊ូ ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ