ក្រុ​ម​និសិ្ស​ត​ថៃ​​ស្នើ​​រដ្ឋា​ភិបាល​​ស៊ើប​អង្កេត​​លើ​​ការ​​ចាប់​ខ្លួន​​សកម្ម​ជន​​ថៃ​​នៅ​​ភ្នំពេញ​​

ក្រុមនិស្សិត និងអ្នកគាំទ្រសកម្មជន​គាំទ្រ​ប្រជា​ធិ​បតេយ្យ​ថៃ ​ឈ្មោះ វ៉ាន់​ឆា​ឡឺម សត្យ​សក្តិសិទ្ធិ (Wanchalearm Satsaksit​) បានដាក់បាច់ផ្កាមុខរូបថតលោក បំណងដើម្បីទាមទាររកយុត្តិធម៌ និងស៊ើបអង្កេតករណីបាត់ខ្លួនលោកនៅក្រុងភ្នំពេញ ធ្វើឡើងនៅផ្លូវ Pathumwan ប្រទេសថៃ កាលពីថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។ (LCHR: Lawyers Center for Human Rights)

ក្រុម​និស្សិត​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​ថៃ​មួយ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ប្រទេស​ពួក​គេ​បើក​ការស៊ើបអង្កេត​លើ​ករណី​បាត់ខ្លួន​សកម្មជន​នយោបាយ​ថៃ​លេចធ្លោ​មួយ​រូប​ឈ្មោះ វ៉ាន់​ឆា​ឡឺម នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​សប្តាហ៍​មុន។

ក្រុម​និស្សិត​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកល​វិទ្យាល័យ ​ជូ​ឡា​ឡុង​កន បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ថៃ និង​អាជ្ញាធរ​កម្ពុជា រួម​សហការ​គ្នា​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ លើ​ករណី​ចាប់ខ្លួន​សកម្មជន​គាំទ្រ​ប្រជា​ធិ​បតេយ្យ​ថៃ ​ឈ្មោះ វ៉ាន់​ឆា​ឡឺម សត្យ​សក្តិសិទ្ធិ (Wanchalearm Satsaksit​) ដោយ​អា​ថ៌កំបាំង​កាលពី​ថ្ងៃទី៤ ខែមិថុនា នៅ​ទីក្រុង​ភ្នំពេញ។

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍ចុះ​ថ្ងៃទី៥ ខែមិថុនា ក្រុម​និស្សិត​ដដែល​លើកឡើង​ថា លោក វ៉ាន់​ឆា​ឡឺម មិនមែន​ជា​ជនរងគ្រោះ​ពី​ការ​ចាប់ខ្លួនហើយ​បាត់​ដំណឹង​ទី១នោះ​ទេ។ ពួក​គេ​ថា ការ​រក​ឱ្យ​ឃើញ​មូលហេតុ​នៃ​ការ​បាត់ខ្លួន គឺជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​លើកតម្កើង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ។

តាម​ប្រភព​ដដែល ក្រុមនិស្សិតក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​បើក​ការស៊ើបអង្កេត​លើ​រាល់​ករណី​ចាប់ខ្លួន​ពលរដ្ឋ​ថៃ​ទាំងអស់ និង​ត្រូវ​តាម​វែក​មុន​ឧក្រិដ្ឋជន​មក​ផ្តន្ទា​ទោស​តាមច្បាប់​ឱ្យ​ខាន​តែ​បាន។

លោក វ៉ាន់​ឆា​ឡឺម ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស HRW អះអាង​ដោយ​ផ្អែកលើ​សាក្សី និង​វីដេអូ​កាមេរ៉ា​សុ​វត្ថិភាព​កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន​ថា រូបគេ​ត្រូវ​ជន​មួយ​ក្រុម​យក​កាំភ្លើង​ភ្ជង់ និង​ចាប់​ញាត់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​ល្ងាច​ថ្ងៃទី៤ ខែមិថុនា ខណៈ​កំពុង​ទិញ​អាហារ​តាមផ្លូវ​ក្បែរ​អគារ​ស្នាក់នៅ​ក្នុង​ក្រុងភ្នំពេញ។

ក្រោយ​ហេតុ​ការ​ណ៍នេះ ក្រុម​យុវជន​ថៃ​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​សេរីភាព​ដល់​ជនរងគ្រោះ​ដោយ​ដាក់​បាច់​ផ្កា​លើ​រូបថត​ជនរងគ្រោះ ហើយ​អំពាវនាវ​រក​យុត្តិធម៌​ដល់​សកម្មជន​ដទៃ​ដែល​ប្រឆាំង​រដ្ឋាភិបាល​តាម​បណ្តាញ​សង្គម Facebook និង Twitter ដោយ​ប្រើ​សារ «សង្គ្រោះ វ៉ាន់​ឆា​ឡឺម» ក្នុង​នោះក៏​មាន​អតីត​បវរកញ្ញា​ចក្រវាឡ​ថៃ​ឆ្នាំ២០១៧មួយ​រូប​ផង​ដែរ។

បើ​តាម​កាសែត The Standard របស់​ថៃ​នៅ​ថ្ងៃនេះ អតីត​បវរក​ញ្ញា​ថៃ​ម្នាក់ នាង ម៉ារី​យ៉ា ផូន​ឡឺត​ឡាប (Mariya Poollertlap​) លើកឡើង​ថា នាង​គាំទ្រ​ពលរដ្ឋ​ថៃ​ទាមទារ​រក​ការពិត​កើត​ឡើងលើ វ៉ាន់​ឆា​ឡឺម ហើយ​ថា ការ​បាត់ខ្លួន​ជាបន្តបន្ទាប់ ដែល​ក្រោយមក​រក​ឃើញ​ស្លាប់​របស់​សកម្មជន​ប្រឆាំង​ដែល​ភៀសខ្លួន​ទៅក្រៅ​ប្រទេស គឺជា​រឿង​គួរ​ឱ្យ​ភ័យខ្លាច។

សារ​របស់​នាង ម៉ារី​យ៉ា ដែល​ត្រូវ​បាន​ប្រភព​ដដែល​យក​ចុះផ្សាយ​ថា៖ «ខ្ញុំ​ហត់នឿយ​ក្នុង​ការរស់នៅ​ជាមួយ​ភាព​ភ័យខ្លាច អ្នក​ក៏​ដូច​ខ្ញុំ​ដែរ​មែនទេ​? ខ្ញុំ​ភ័យខ្លាច តែ​ភ្ញាក់ផ្អើល​ដែល​ប្រជាជន​ក្នុង​ប្រទេស​ខ្ញុំ​ហ៊ាន​បញ្ចេញមតិ​តវ៉ា​កាន់តែ​ខ្លាំង។ ពេលវេលា​សម្រាប់​ផ្លាស់​ប្តូរ​ជិតដល់​ហើយ»។

ពាក់ព័ន្ធ​នឹង​ការ​បាត់ខ្លួន​នេះ បងស្រី​របស់​ជនរងគ្រោះ​លើកឡើង​ក្នុង​សេចក្តី​ថ្លែង​មួយ​កាលពី​ថ្ងៃអាទិត្យ និង​ត្រូវ​បាន​កាសែត​ថៃ Coconuts ស្រង់​មក​ចុះផ្សាយ​នៅ​ថ្ងៃនេះ​ថា នាង​នៅ​មាន​សង្ឃឹមថា ប្អូនប្រុស​ខ្លួន​នៅ​មានជីវិត និង​ទទូចដល់​ក្រុម​ឧក្រិដ្ឋជន​ឱ្យ​ដោះលែង​រូបគេ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព។

លោក វ៉ាន់​ឆា​ឡឺម គឺជា​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​សំខាន់​ម្នាក់ ដែល​ជាប់ពាក់ព័ន្ធ​ក្រុមប្រឆាំង​របប​ផ្តាច់​ការ UDD ដែលគេ​ស្គាល់​ថា ជា​ក្រុម​អាវ​ក្រហម​ក្នុង​ប្រទេស​ថៃ។ លោក​បាន​ភៀសខ្លួន​មក​រស់នៅ​កម្ពុជា ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤ រួច​បន្តសកម្មភាព​នយោបាយ​រិះគន់​រដ្ឋាភិបាល​ថៃ​ថ្មី​តាម​បណ្តាញ​សង្គម។

មុន​ពេល​ចាប់ខ្លួន រូបគេ​បាន​បង្ហោះ​វីដេអូ​ឃ្លី​បមួយ​លើ​បណ្តាញសង្គម Facebook នៅ​ថ្ងៃទី៣ ខែមិថុនា រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចារ លើ​ការដែល​លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ថៃ​កុំឱ្យ​ស្អប់​ប្រទេស ហើយ​ស្អប់​ត្រឹម​រូបលោក​បាន​ហើយ។

ក្នុង​វីដេអូ​ជិត ១នាទី លោក វ៉ាន់​ឆា​ឡឺម និយាយ​ជា​ភាសា​ថៃ​ក្នុង​ន័យ​ប្រែ​សម្រួល​ថា៖ «ពលរដ្ឋ​ថៃ​មិន​ស្អប់​ប្រទេស​ថៃ​ទេ តែ​ពួក​គេ​ស្អប់​លោក [ប្រា​យុទ្ធ​] ដោយសារ​លោក​ខ្វះ​សមត្ថភាព​ដឹកនាំ​ប្រទេស លោក​គួរតែ​ចុះចេញ​ពី​តំណែង​ទៅ ដើម្បី​កុំឱ្យ​ប្រទេសជាតិ​អាប់ឱន»។

ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​នេះ ទាំង​សមត្ថកិច្ច​ថៃ និង​សមត្ថកិច្ច​កម្ពុជា សុទ្ធតែ​អះអាង​ដូចគ្នា​ថា មិនបាន​ដឹង ឬពាក់ព័ន្ធ​នឹង​ករណី​បុរស​ថៃ​ឈ្មោះ វ៉ាន់​ឆា​ឡឺម នោះ​ទេ ហើយក៏​បដិសេធ​មិន​ធ្វើការ​ស៊ើប​សង្កេ​តដែរ ដរាបណា​គ្មាន​ពាក្យ​បណ្តឹង ឬការ​ស្នើសុំ​ពី​ភា​គី​ម្ខាង​ៗ។

ចាប់ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤មក យ៉ាង​យោ​ចណាស់​សកម្មជន​ថៃ ៨នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ហើយ​បាន​បាត់ខ្លួន និង​មួយចំនួន​ទៀត ត្រូវ​បាន​រក​ឃើញថា​ស្លាប់។ ប្រភព​ដដែល​បន្ថែម​ថា លោក វ៉ាន់​ឆា​ឡឺម គឺ​ឋិត​ក្នុងចំណោម​សកម្មជន​និរទេស​ខ្លួន ២៩នាក់ ដែល​រង​បទ​ចោទ​ថា បាន​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ