អាជ្ញាធរ​​វៀត​ណាម​​ចាប់​ខ្លួន​​ពល​រដ្ឋ​ខ្មែរ​​ក្រោម​៥​នាក់​​ករណី​​ជម្លោះ​ដី​ធ្លី​​

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ សាច់ញាតិ និងអ្នកភូមិផ្សេងទៀត នាំគ្នាទៅតវ៉ាទាមទារឱ្យដោះលែងបុរសឈ្មោះ ហ្វិ​ន យ៉ាង​ដៀប ករណីដែលអាជ្ញាធរចោទថា ឈូសឆាយលើដីរដ្ឋ។ (ផ្ដល់ឱ្យ)

អាជ្ញាធរ​វៀតណាម​កាលពី​ថ្ងៃទី៧ ខែមិថុនា បាន​ចាប់ខ្លួន​ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​រស់នៅ​ខេត្ត​កៀង​យ៉ាង ​អតីត​ខេត្ត​របស់​កម្ពុជា​ឈ្មោះ​ ក្រមួនស ចំនួន ៥នាក់ ដោយ​ចោទ​ថា បាន​ឈូស​ឆាយ និង​កាន់កាប់​ដី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ។

អ្នកស្រី ហ្វិ​ន ធី​ហៅ អះអាង​ថា កាលពី​ថ្ងៃទី៧ ខែមិថុនា អាជ្ញាធរ​វៀតណាម​ចំនួន ៦០នាក់ បាន​សម្រុកចូល​ក្នុង​ផ្ទះ​របស់​គាត់​ទាំងយប់ ហើយ​ចាប់ខ្លួន​សមាជិក​គ្រួសារ​ចំនួន ៥នាក់ ​បញ្ជូន​ទៅ​សាលាស្រុក​ យ៉ាង​ថាន់។ អ្នកស្រី​បន្ត​ថា ក្រោយពេល​បញ្ជូន​ទៅដល់​សាលាស្រុក ២ម៉ោង​ក្រោយមក អាជ្ញាធរវៀតណាម​ដោះលែង ៤នាក់​មកវិញ ហើយ​បន្ត​ឃុំខ្លួន​បងប្រុស​របស់​គាត់​ម្នាក់​ឈ្មោះ ហ្វិ​ន យ៉ាង​ដៀប

អ្នកស្រី​ថា អាជ្ញាធរ​វៀតណាម​ចោទប្រកាន់​បងប្រុស​គាត់​ថា ជា​អ្នកដឹកនាំ​ពលរដ្ឋ​ឈូស​ឆាយ និង​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់។ ប៉ុន្តែ​ អ្នកស្រី​ថា បងប្រុស​របស់​គាត់​គ្រាន់តែ​ជា​អ្នក​បើក​គ្រឿងចក្រ​ស៊ីឈ្នួល​ឈូស​ឆាយដី​ឱ្យ​ពលរដ្ឋ​តែប៉ុណ្ណោះ។

អ្នកស្រី​ថា៖ «ខ្ញុំ​សុំ​ស្នើ​ឱ្យ​គេ​ជួយ​រក​យុត្តិធម៌​បងប្រុស​ខ្ញុំ ជួយ​ឱ្យ​ដោះលែង​បងប្រុស​ខ្ញុំ​មាន​សេរីភាព ហើយ​អត់មាន​វាយដំ ធ្វើ​ទុក​្ខបុកម្នេញ​បងប្រុស​ខ្ញុំ​។ ខ្ញុំ​ស្នើ​ទៅ​ថ្នាក់លើ គ្រប់​ក្រសួង​ទាំងអស់​អ៊ីចឹង»។

អ្នកស្រី​បន្ត​ថា ​ប្រសិនបើ​អាជ្ញាធរ​វៀតណាម​មិនព្រម​ដោះលែង​បងប្រុស​អ្នកស្រីទេនោះ រូប​គាត់ និង​អ្នកភូមិ​ផ្សេងទៀត នឹង​នាំគ្នា​ទៅ​តវ៉ា​នៅ​សាលាស្រុក​ជាថ្មី​ទៀត។

ពល​រដ​្ឋខ្មែរ​ម្នាក់ទៀត​រស់នៅ​ភូមិ​ប៉​ប្រក់ ឃុំ​ភូមី ស្រុកយ៉ាង​ថាញ់ ខេត្ត​ក្រមួនស សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ដែរ​ថា កាលពី​ម្សិលមិញ​ ប្រជាពលរដ្ឋ​ជាង ១០០នាក់ បាន​នាំគ្នា​តវ៉ា​នៅមុខ​សាលាឃុំ​ ភូមី និង​សាលាស្រុក ​យ៉ាង​ថាញ់ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក ហ្វិ​ន យ៉ាង​ដៀប។

លោក​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​សមាគម​ខ្មែរ​កម្ពុជាក្រោមទូទាំង​ពិភពលោក ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​លោក ហ្វិ​ន យ៉ាង​ដៀប។

លោក​ថា៖ «យើង​នៅ​ក្រោម​ការគាបសង្កត់​គេ យើង​ធ្វើ​មិន​ឈ្នះ​គេ មានតែ​ធ្វើតាម​ច្បាប់ គឺ​ធ្វើ​ក្រដាស​ស្នាមមេដៃ​ ដើរ​ប្ដឹង​អ៊ីចឹង រក​សហគមន៍​អន្តរជាតិ​ជួយ​អ៊ីចឹង គ្រាន់​បាន​សម្រួល​ពួក​ខ្ញុំ​បាន​ខ្លះ។ ឥលូ​វមាន​តែ​សហគមន៍​អន្តរជាតិ​ជួយ​ដាក់​សម្ពាធ​ទៅ​ប្រទេស​វៀតណាម​ទេ ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី ទី២ សុំ​ឱ្យ​ដោះលែង​ម្នាក់​ដែល​ចាប់ខ្លួន​ផង ព្រោះ​គ្នា​គ្មាន​ដឹង​អី​ទេ គ្នា​ទៅ​ស៊ីឈ្នួល​ពួក​ខ្ញុំ​ទេ ហើយ​ពួក​ខ្ញុំ​មិនមែន​ទៅ​យក​ដី​រដ្ឋ​ដែរ ដីជី​ដូនជី​តា​ខ្ញុំ​ចែក​ឱ្យ ខ្ញុំ​កើតមក​ដឹង​ដី​ឪខ្ញុំ​ធ្វើ​នៅកន្លែង​ហ្នឹង​…»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក សុខ ឥសាន មានប្រសាសន៍​ថា បញ្ហា​ខ្មែរ​កម្ពុជាក្រោម​ មិន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាលកម្ពុជា​នោះ​ទេ។

លោក​ថា៖ «ទោះបី​បងប្អូន​មួយចំនួន​ជា​អតីត​ខ្មែរ​កម្ពុជាក្រោម​យ៉ាងណាក្ដី​ ក៏​វា​ស្ថិតនៅ​ក្រោម​ក្នុង​ការគ្រប់គ្រង​រដ្ឋាភិបាល​វៀតណាម អ៊ីចឹង​មាន​បញ្ហា​ទំនាស់ ​ឬមួយ​អនុវត្ត​ច្បាប់​អី អាហ្នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ការគ្រប់គ្រង​វៀតណាម​ ហើយ​សួរ​ខ្ញុំ​ម៉េច​ដឹង! ទាល់​តែសួរ​ស្ថានទូត​វៀតណាម ឬមួយ​ទៅ​អាជ្ញាធរ​វៀតណាម​ បាន​ត្រូវ!»

ចំណែក ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង មានប្រសាសន៍​ដែរ​ថា កម្ពុជា​មិន​អាច​ជួយ​អន្តរាគមន៍​បានទេ ។ 

លោក​ថា៖ «កាលណា​នៅ​លើទឹក​ដី​គេ​ មានន័យថា យើង​មិន​អាច​ធ្វើ​អី​បានទេ វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​គេ»។

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បីអភិវឌ្ឍន៍ ​និង​សិទ្ធិមនុស្ស លោក សឺន ជុំ​ជួន មានប្រសាសន៍​ថា សមា​គមនឹង​ធ្វើ​លិខិត​ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ​ឱ្យ​ដោះលែង​ពលរដ្ឋខ្មែរ​ម្នាក់​ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន និង​ឱ្យ​ឈប់​ធ្វើ​ទុក្ខ​បុ​កម្នេញ​ពលរដ្ឋខ្មែរ​ទៀត។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​វៀតណាម​នៅតែ​មិនព្រម​ដោះលែង​ពលរដ្ឋខ្មែរ​ក្រោម សមាគម​នឹង​ប្ដឹង​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​ឱ្យ​ជួយ​អន្តរា​គមន៍​ចំពោះរឿងនេះ។

លោក​ថា៖ «ធ្វើជា​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​ក្នុងនាម​ជា​អង្គការ​សមាគមខ្មែរក្រោម ទី២ យើង​អាច​ចេញ​ជាញ​តិ្ត​មួយ​ដាក់​ទៅ​ខាង​អង្គការសហប្រជាជាតិ ហើយនិង​អន្តរាគមន៍​ទៅ​ខាង​រដ្ឋាភិបាល​វៀតណាម»។

វី​អូ​ឌី​មិន​អាច​ទាក់ទង​ស្ថានទូត​វៀតណាម ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​បានទេ​ នៅ​ថ្ងៃទី០៩ ខែមិថុនានេះ។ 

កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ១៤៥គ្រួសារ ស្ថិតនៅ​ភូមិ​ហ្វក (ប៉​ប្រក់​) ឃុំ​ភូមី ​(ប៉​ប្រក់​) ស្រុក​យ៉ាង​ថាន់​ (ព្រៃ​មេង​) ខេត្ត​កៀង​យ៉ាង ​(ក្រមួនស​) ផ្ទុះ​ការ​តវ៉ា​ម្តង​រួច​មក​ហើយ​នៅ​លើ​ដី​មាន​ជម្លោះ ហើយ​ប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ​វៀតណាម ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម ជាង ១០នាក់ ​រង​របួស​ធ្ងន់ និង​ស្រាល។

បើ​តាម​ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​អះអាង​ថា ពួក​គេ​បាន​អាស្រ័យផល​លើ​ដី​ទំហំ​ជាង ៣០០ហិ​កតា​នោះ ​ដោយពួក​គាត់​កាន់កាប់ និង​អាស្រ័យផល តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ហើយ​អ្នកខ្លះ​ថា ទទួល​បាន​ជា​កេរ​ចែក​ឱ្យ​ពី​ដូនតា​ជំនាន់​មុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ