លោក​ គល់ បញ្ញា៖ លោក​ ហ៊ុន សែន ​តែង​តាំង​​កូន​​រំលោភ​ច្បាប់​​កង​ទ័ព​ និង​​ច្បាប់​​បក្ស​នយោបាយ​

ទីប្រឹក្សា​អង្គ​ការ​ខុ​មហ្វ្រែល លោក គល់ បញ្ញា។

​ទីប្រឹក្សា​អង្គ​ការ​ខុ​មហ្វ្រែល លោក គល់ បញ្ញា ហៅ​ករណី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដំឡើង​តួនាទី​កូនប្រុស​​ដែល​កាន់ការ​ងារ​កងទ័ព ឱ្យ​មាន​តួនាទី​កាន់តែ​ខ្ពស់​នៅក្នុង​គណបក្ស​ គឺរំលោភ​លើច្បាប់​កងទ័ព និង​ច្បាប់​គណបក្ស​នយោបាយ។

លោក គល់ បញ្ញា បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃនេះ ​ដោយ​ភ្ជាប់​ជាមួយ​លិខិត​តែងតាំង លោក ហ៊ុន ម៉ា​ណែត ថា៖ ​«រំលោភច្បាប់​កង​យោធពល​ខេមរភូមិន្ទ និងច្បាប់​គណបក្ស​នយោបាយ អំពី​អព្យាក្រឹត្យភាព​ ឥត​លំអៀង​ដាច់ខាត និងធ្វើឱ្យបាត់បង់កិត្យានុភាព Credibility នៃ​វិជ្ជាជីវៈ​កងទ័ព ដែលមេបញ្ជាការ​កងទ័ព​រូប​នេះ ​ធ្វើជា​មន្ត្រី​ទទួលបន្ទុក និងបម្រើ​សកម្មភាព​ការងារ​របស់​គណបក្ស​មួយ​បែបនេះ»។

ក្រៅពី​តួនាទី​ក្នុង​គណបក្សប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ក៏​មាន​តួនាទី​ធ្វើជាអគ្គ​មេបញ្ជាការ​រងនៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ទៀតផង។

អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុង​ហៃ ហៅ​ការដំឡើង​ឋានៈ​ដល់​លោក ហ៊ុន ម៉ា​ណែ​ត ថា ធ្វើឱ្យ​ប៉ះពាល់​ដល់​អព្យាក្រឹត្យភាព​កងទ័ព និង​រំលោភ​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើឱ្យប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរថយក្រោយ​ផង​ដែរ។ 

លោក​មានប្រសាសន៍​ថា៖ «ការរៀបចំ​អញ្ចឹង ​វា​មិន​មាន​ប្រជាធិបតេយ្យ​អ្វី​នោះ​ទេ ហើយ​មួយទៀត​ ប្រសិនបើ​តែងតាំង​តែ​កូនចៅ​ខ្លួន​ឯង​ អ៊ីចឹង​ក៏​ប៉ះពាល់​ទៅដល់​ប្រជាធិបតេយ្យ​ក្នុង​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ដឹកនាំ​ប្រទេស»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា សេចក្ដីសម្រេច​របស់​គណបក្ស​លោក ត្រូវ​បាន​ធ្វើឡើង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស ដោយសារ​លោក ហ៊ុន ម៉ា​ណែ​ត មានសមត្ថភាព ​និង​ចំណេះដឹង​គ្រប់គ្រាន់​ក្នុង​ដំណែង​ថ្មី​បន្ថែម​នោះ។

លោក សុខ ឥសាន បាន​ឆ្លើយតប​ទៅ​អ្នករិះគន់​ទាំងឡាយ​ថា ជាសកម្ម​ភាព​របស់​ក្រុមប្រឆាំង​ចង់​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​កាន់អំណាច។

លោក សុខ ឥសាន ប្រាប់​ថា៖ «អ្នក​ដែល​ប្រឆាំង​ដែល​និយាយល្អ​ពី​គណបក្សប្រជាជន​ពីកាលណា​មក! ជួនណា​អត់មាន​បញ្ហា​កើតមាន​ផល បង្កើត​បញ្ហា​ដើម្បី​លាប​ពណ៌ឱ្យគណបក្សប្រជាជន ក្នុង​គោលបំណង​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្សប្រជាជន​កម្ពុជា។ ទីពីរ​ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ គាត់​យល់​ច្រឡំ​ពី​គណបក្សប្រជាជន​កម្ពុជា ក៏ប៉ុន្តែ​ ក្នុងរយៈពេល​ជិត ៣០ឆ្នាំ​ហើយ ដែល​ក្រុមប្រឆាំង​ធ្វើ​នេះ សួរ​ថា ​វា​បាន​ប្រយោជន៍អ្វី​ខ្លះ វា​អត់​បាន​ប្រយោជន៍អ្វី​ទេ គណបក្សប្រជាជន​នៅតែ​រឹងមាំ នៅតែ​ទៅមុខ ហើយ​កាន់អំណាច​ជាប់​ជា​និច្ច»។

លោក ហ៊ុន ម៉ា​ណែ​ត អាយុ ៤២ឆ្នាំ ក៏​ជាស​មា​ជិ​កមួយ​រូប​ក្នុងចំណោម​សមាជិក ៣៤រូប​ នៅក្នុង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា​ផង​ដែរ។ ជា​អ្នក​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា​យោធា​អាមេរិក West Point លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ​ពី​ឧត្ដមសេនីយ៍​ទោ ​នៅ​ឆ្នាំ២០១១ ក្នុង​អាយុ ៣៤ឆ្នាំ ទៅជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ៣ នៅក្នុង​រយៈពេល ២ឆ្នាំក្រោយ​មក។

ក្នុងរយៈពេល​មិនដល់ ១ខែ​ផង​ មុន​ការបោះឆ្នោតថ្នាក់​ជាតិ​នៅ​ខែកក្កដា ​ឆ្នាំ២០១៨ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ដំឡើង​ទៅជា​អគ្គ​មេបញ្ជាការ​រង​កងទ័ព និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ