សមត្ថកិច្ច​​ខេត្ត​​បន្ទាយ​មាន​ជ័យ​​ប្រាប់​​ថា មនុស្ស​៤​នាក់​​ស្លាប់​ និង​១១​នាក់​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​សង្គ្រោះ​​ក្រោយ​​ផឹក​ស្រា​​ថ្នាំ​​

សមត្ថកិច្ចចុះពិនិត្យជនរងគ្រោះដែលស្លាប់ដោយពុលស្រាថ្នាំយីហោ តាំងគួយ ក្រោយហេតុការណ៍ពុលស្រាកើតឡើងអំឡុងថ្ងៃទី០៨ និង០៩ ខែមិថុនា ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ អះ​អាង​ថា យ៉ាងហោចណាស់​មនុស្ស ៤នាក់​ស្លាប់ និង​ជាង ១០នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រោយពេលពួក​គេ​ពិសាស្រាថ្នាំ​ចិនសែ។

អធិការ​នគរបាល​ស្រុក​ម៉ាឡៃ លោក បេន សំ​អាន ប្រាប់​វី​អូ​ឌី នា​ព្រឹក​ថ្ងៃនេះ​ថា មនុស្ស ៣នាក់ បាន​ស្លាប់ ហើយ ៣នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អង្គ​បុរី​ ស្រុក​ម៉ាឡៃ កាលពី​ម្សិលមិញ ក្រោយពេល​ពួក​គេ​ទាំងនោះ ពិសា​ស្រាថ្នាំ​ចិនសែ​ដែ​លត្រូវ​បាន​ច្រក​ដាក់ក្នុង​ដប​ដែល​បិទ​ស្លាកយីហោ​ថា តាំង​គួយ

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម បាន​ឱ្យដឹងនៅ​ថ្ងៃនេះ​​ថា តាម​ការស្រាវជ្រាវ​បឋម គឺ​មានកម្ម​ករ​សំណង់​ចំនួន ៦នាក់​ នៅ​ស្រុក​ម៉ាឡៃ និង​ប្រជាពលរដ្ឋ ១១នាក់ ​នៅ​ក្រុង​ប៉ោយប៉ែត បាន​នាំគ្នា​ទៅ​ទិញ​ស្រា​ថ្នាំចិនសែ តាំង​គួយ មក​ពិសាកាលពី​ល្ងាច​ថ្ងៃ​ចន្ទ និង​ថ្ងៃអង្គារ​ម្សិលមិញ​នេះ។

លោក​បន្ត​ថា ក្រោយពេលពិសា​ស្រាថ្នាំ​ចិនសែ​នោះ ធ្វើឱ្យ​មនុស្ស ៤នាក់​ស្លាប់ ហើយ ១១នាក់​ផ្សេងទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត។

លោក អាត់ ខែម ប្រាប់​ថា៖ «តួលេខ​រហូតមកដល់​ម៉ោង​នេះ ឃើញថា ស្លាប់ ៤នាក់។ ក្រៅពីហ្នឹង យើង​កំពុងតែ​ជួយសង្គ្រោះ​អ្នក​ដែល​របួសធ្ងន់ និង​ស្រាល ១១នាក់​ នៅ​មន្ទីរពេទ្យ​ នៅ​ខាង​មង្គលបុរី​ផង និង​ខាង​ប៉ោយប៉ែត​ផង»។

ស្នងការ​រូប​នោះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​សួរនាំ​ម្ចាស់តូប​លក់​ស្រាថ្នាំ និង​រឹបអូស​វត្ថុ​តាង រួម​ទាំង​ស្រា​នោះ​មក​ឱ្យមន្ត្រី​ជំនាញ និង​មន្រ្តី​មន្ទីរ​សុខាភិបាល​ខេត្ត យក​ទៅ​ធ្វើ​កោសលវិច័យ​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃនេះ ដើម្បី​ចង់​ដឹង​ថា ស្រា​នោះ​មាន​សារធាតុពុល​ដែរ ឬយ៉ាងណា។

ទោះជាយ៉ាងណា អធិការ​នគរបាល​ស្រុក​ម៉ាឡៃ និង​ស្នងការ​ខេត្ត​ បាន​អះអាង​ប្រហាក់​ប្រហែលគ្នា​ថា សមត្ថកិច្ច​មិនទាន់​កំណត់​មុខសញ្ញា​នៃ​ប្រភព​នាំចូល​ធំ និង​ទីតាំង​ផលិត​ស្រាថ្នាំ​ចិនសែ​នោះ​នៅឡើយ​ទេ ប៉ុន្តែ លោក​ថា សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក​ទីតាំង​ផលិត ដើម្បី​ចាត់វិធានការ​ច្បាប់។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពីប្រធានមន្ទីរ​សុខាភិបាល​ខេត្ត លោក ឡេ ចាន់​សង្វាត បានទេ​នៅ​ព្រឹក​ថ្ងៃនេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា លោក មុំ គង់ មានប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿងស្រវឹង ទើប​កាត់បន្ថយ​មិនឱ្យមានផល​ប៉ះពាល់​សុខភាព​អ្នកប្រើ​ប្រាស់ និង​សង្គមជាតិ។

លោក មុំ គង់ មានប្រសាសន៍​ថា៖ «គួរតែ​មានច្បាប់​មួយ​សម្រាប់​គ្រប់គ្រង​ការ​ចរាចរ ការផ្សាយ​ពាណិជ្ជកម្ម ការប្រើ​ប្រាស់​គ្រឿងស្រវឹង​ទាំងអស់​តែម្តង ហើយ​ច្បាប់​ហ្នឹង ​ខ្ញុំ​គិតថា មិន​មាន​គោលបំណង​ដូច​ការ​បំផុស​ខ្លះ​ថា កាលណា​ចេញច្បាប់​ហ្នឹងហើយ យើង​អត់​អាច​លក់​គ្រឿងស្រវឹង​បាន ឬក៏​មិន​អាច​ប្រើប្រាស់​គ្រឿងស្រវឹង​បាន មិន​អ៊ីចឹង​ទេ គ្រាន់តែ​ធ្វើឱ្យការ​លក់ ការផលិត ការប្រើ​ប្រាស់​ ស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌ​មួយ​ដែល​ផ្តល់​ផល​ប៉ះពាល់​តិចតួច ក៏ដូចជា​សង្គម​ទាំងមូល»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ