ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យល់ព្រមតាមសំណើរបស់ក្រសួងសុខាភិបាលឱ្យកំណត់ យកតម្លៃសេវាពីជនបរទេស សម្រាប់ការធ្វើតេស្ដរកមេរោគកូវីដ១៩ ទាំងការដាក់ឱ្យដាច់ ដោយឡែក ១៤ថ្ងៃ និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។
សេចក្ដីជូនដំណឹងដែលស្នើសុំទៅក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែមិថុនា ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចបានឯកភាពឱ្យកំណត់តម្លៃសេវាធ្វើតេស្ដរកមេរោគ ការដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ លើអ្នកដំណើរជនបរទេសដែលចូលមកកម្ពុជា អំឡុងអនុវត្តន៍វិធានការសុខាភិបាល ដោយថា ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា អ្នកដំណើរជាជនបរទេសទាំងអស់ដែលចូលមកកម្ពុជា ត្រូវបង់ថ្លៃសេវារហូតដល់ចេញលទ្ធផលធ្វើតេស្តកូវីដ១៩។
ក្រសួងថា ថ្លៃសេវាដែលជនបរទេសត្រូវបង់នោះ មានដូចជា ការដឹកជញ្ជូនពីព្រលានយន្តហោះទៅមណ្ឌលសំចតរង់ចាំការធ្វើតេស្ត និងទទួលលទ្ធផល តម្លៃយកសំណាក និងដឹកជញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើតេស្ត តម្លៃស្នាក់នៅក្នុងសណ្ឋាគារ ឬមណ្ឌលសំចតដែលកំណត់ដោយគណៈកម្មការអន្តរក្រសួង តម្លៃសម្រាប់អាហារទាំងបីពេល។
ដោយឡែក សម្រាប់អ្នកដំណើរជនបរទេសមិនមានជំងឺកូវីដ១៩ ប៉ុន្តែ រួមដំណើរជាមួយអ្នកមានជំងឺកូវីដ១៩ ត្រូវបង់ថ្លៃសេវាដូចជា ដឹកជញ្ជូន ការដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃនៅសណ្ឋាគារ តម្លៃយកសំណាក និងដឹកជញ្ជូនទៅមន្ទីរពិសោធន៍ អាហារបីពេល សេវាបោកគក់ និងអនាម័យ សេវាគ្រូពេទ្យប្រចាំការសម្រាប់រយៈពេល ១៤ថ្ងៃក្នុងមណ្ឌលដោយគិតជាកញ្ចប់ និងសេវាសន្តិសុខក៏គិតជាកញ្ចប់ដែរ។
ចំពោះអ្នកជំងឺកូវីដ១៩វិញ ត្រូវបង់ថ្លៃសេវា មានដូចជា ដឹកជញ្ជូន ការធ្វើតេស្តចំនួន ៤ដង បន្ទប់ក្នុងមន្ទីរពេទ្យ ព្យាបាលរួមទាំងថ្លៃថ្នាំ អាហារបីពេល សេវាបោកគក់ សេវាសង្គ្រោះបន្ទាន់ ករណីពិនិត្យព្យាបាលជំងឺប្រចាំកាយផ្សេងៗ និងថ្លៃបូជាសព។
ក្រៅពីសេវាខាងលើ អ្នកដំណើរបរទេសត្រូវបានតម្រូវឱ្យបង់ថ្លៃការចេញលិខិតបញ្ជាក់សុខភាពពាក់ព័ន្ធជំងឺកូវីដ១៩ ក្នុងនោះមានការធ្វើតេស្ត និងការចេញលិខិតបញ្ជាក់សុខភាពផងដែរ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បន្ថែមថា ការដែលកម្ពុជាមិនយកថ្លៃសេវាជនបរទេសកន្លងមក គឺធ្វើក្នុងគោលការណ៍មនុស្សធម៌តែប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន កម្ពុជាមិនអាចអនុវត្តដូចពេលមុនបាននោះទេ។ លោកបន្តថា ការយកថ្លៃសេវាលើអ្នកដំណើរជនបរទេស វាជាការពង្រឹងគុណភាពសុខាភិបាលជូនពួកគាត់តែប៉ុណ្ណោះ។
លោក មាស សុខសេនសាន ប្រាប់ថា៖ «ជាឆន្ទានុសិទ្ធិមួយរបស់សម្ដេចដែលលោកបានផ្ដល់ជាមនុស្សធម៌ពីមុនមក ដូចលោកឱ្យកប៉ាល់ចូលមកហ្នឹង គេនាំគ្នារិះគន់លោក ប៉ុន្តែ លោកបានផ្ដល់ជាមនុស្សធម៌ ហើយកាលនោះ លោកផ្ដល់ឥរិយាបថមនុស្សធម៌ ហើយលោកបានធ្វើការពេលហ្នឹងឥរិយាបថមនុស្សធម៌។ អ៊ីចឹង សុំចែកគ្នាឱ្យដាច់កាលពីជំនាន់នោះ និងឥលូវ។ ឥលូវ អត់មានត្រូវមនុស្សធម៌ទៀតទេ បើមិនអ៊ីចឹង អ្នកដែលកើតមេរោគ គេសុខចិត្តមកស្រុកព្យាបាលជំងឺ[នៅស្រុកខ្មែរ]»។
ដោយឡែក ចំពោះការចាប់ផ្ដើមអនុវត្តយកថ្លៃសេវាពីពេលណាទៅនោះ លោក មាស សុខសេនសាន បង្វិលឱ្យទៅសួរក្រសួងសុខាភិបាលដែលជាអ្នកអនុវត្ត។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីនាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានទេ ដោយទូរសព្ទចូល គ្មានអ្នកទទួល។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកឱ្យទៅសួរអ្នកនាំពាក្យក្រសួងសុខាភិបាល។
ដោយឡែក ប្រធានមន្ទីរពេទ្យមង្គលបុរី ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ មានប្រសាសន៍ថា ខាងមន្ទីរពេទ្យលោកមិនទាន់បានទទួលដំណឹងពីក្រសួងសុខាភិបាលនៅឡើយ។
លោកវេជ្ជបណ្ឌិត ចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រាប់ថា៖ «ខ្ញុំអត់អាចឆ្លើយបានទេ ព្រោះក្រសួងដាក់ឱ្យពេលណា ខ្ញុំធ្វើពេលហ្នឹង ព្រោះខ្ញុំកូនចៅក្រសួង»។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់ថា អ្នកស្រីមិនទាន់ទទួលបានដំណឹងនេះនៅឡើយទេ ដោយអ្នកស្រីថា កំពុងស្ថិតក្នុងដំណើរបេសកកម្មទៅកាន់តំបន់ភាគឦសានប្រទេសកម្ពុជា។
អ្នកស្រី ឱ វណ្ណឌីន ប្រាប់ថា៖ «មីងជាប់បេសកកម្មនៅទិសឦសាន ខេត្តខាងទិសឦសាន អ៊ីចឹងមីងអត់ទាន់មានព័ត៌មានបែបហ្នឹងនៅឡើយទេ»។
កាលពីថ្ងៃទី២៥ ខែមីនាកន្លងមកនេះ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានប្រកាសថា កម្ពុជារ៉ាប់រងក្នុងការព្យាបាលជនបរទេសដែលមានផ្ទុកកូវីដ១៩ ដែលត្រូវបានរកឃើញលើទឹកដីកម្ពុជា ផ្ទុយពីវៀតណាមដែលតម្រូវឱ្យអ្នកជំងឺនេះត្រូវចេញប្រាក់ដោយខ្លួនឯង។
លោក ហ៊ុន សែន ថ្លែងថា៖ «នយោបាយនេះ គឺប្លែកពីវៀតណាម។ នាយករដ្ឋមន្រ្តីវៀតណាមបានប្រកាសថា ជនជាតិបរទេសដែលកើតជំងឺនេះ ត្រូវចេញលុយព្យាបាលខ្លួនឯង។ កម្ពុជាជាប្រទេសមួយក្រ សូមប្រកាសថា ជនជាតិបរទេសដែលឈឺនៅក្នុងទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជាដោយមិនបង់ថ្លៃ»។
ក្រសួងសុខាភិបាល អះអាងថា គិតមកត្រឹមថ្ងៃទី១០ ខែមិថុនានេះ អ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២៥នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ហើយនៅសល់ម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី១៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើទៅក្រសួងសុខាភិបាលឱ្យកំណត់យកតម្លៃសេវាពីជនបរទេស សម្រាប់ការធ្វើតេស្ដរកមេរោគកូវីដ១៩ ទាំងការដាក់ឱ្យដាច់ដោយឡែក ១៤ថ្ងៃ និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋផងដែរ។» កែទៅជា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យល់ព្រមតាមសំណើរបស់ក្រសួងសុខាភិបាលឱ្យកំណត់យកតម្លៃសេវាពីជនបរទេស សម្រាប់ការធ្វើតេស្ដរកមេរោគកូវីដ១៩ ទាំងការដាក់ឱ្យដាច់ដោយឡែក ១៤ថ្ងៃ និងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរបស់រដ្ឋ។»