នគរបាល​​សួរ​​អ្នក​លក់​​ស្រា​​ចិន​សែ​​មួយ​​កន្លែង​នៅ​​បន្ទាយ​មាន​ជ័យ​ ក្រោយ​​មនុស្ស​៣​នាក់​​ស្លាប់​ និង​​មួយ​ចំនួន​​ទៀត​​សម្រាក​នៅ​​ពេទ្យ​​

ជនរងគ្រោះដោយពុលស្រាថ្នាំ ដាក់សេរ៉ូមព្យាបាលនៅមន្ទីរពេទ្យស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នា២០២០។ (អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ច​កំពុង​សាកសួរ​ម្ចាស់តូប​លក់​ស្រាថ្នាំ​ចិនសែ​មួយ​កន្លែង បន្ទាប់ពី​មនុស្ស ៣នាក់​បាន​ស្លាប់ និង​មួយចំនួន​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយពី​ពួក​គេ​ពិសាស្រាថ្នាំ​នោះ។

អធិការ​នគរបាល​ស្រុក​ម៉ាឡៃ លោក បេន សំ​អាន ប្រាប់​វី​អូ​ឌី​នា​ព្រឹក​ថ្ងៃនេះ​ថា កាលពី​ម្សិលមិញ មនុស្ស ៣នាក់​ស្លាប់ និង ៣នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អង្គ​បុរី​ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក្រោយពី​ពួក​គេ​ទាំងនោះ ពិសាស្រាថ្នាំ​ចិនសែ។

លោក​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃនេះ ​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រក​ប្រភព​ដែល​ចែកចាយ​ថ្នាំចិនសែ និង​កំពុង​សាកសួរ​ម្ចាស់តូប​លក់​ស្រាថ្នាំ​ចិន​សែន​មួយ​កន្លែងនៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៅ​ក្បែ​រកន្លែង​កើតហេតុ​ផង​ដែរ។ លោក​បន្ត​ថា ក្រោយពី​សាកសួរ លោក​នឹង​សុំ​គោលការណ៍​ថ្នាក់លើ ដើម្បី​បន្ត​នីតិវិធី​ទៅមុខ​ទៀត។

លោក បេន សំ​អាន ប្រាប់​ថា៖ «ខ្ញុំ​កំពុងធ្វើការ​សាកសួរ​បាន​មួយ​នាក់ សាកសួរ​ទៅ​អ្នកលក់​ដែល​ជនរងគ្រោះ​គាត់​ទិញ​ហូប​បណ្តាល​ឱ្យពុល ប៉ុន្តែ គាត់​លក់​នៅ​តូប​តូចតាច គាត់​ទិញ​តពី​គេ​យក​មក​លក់​ដែរ»។

ទោះជាយ៉ាងណា អធិការ​នគរបាល​ស្រុក​ម៉ាឡៃ​រូប​នេះ អះអាង​ថា សមត្ថកិច្ច​មិនទាន់​កំណត់​មុខសញ្ញា​នៃ​ប្រភព​នាំចូល​ធំ និង​ទីតាំង​ផលិត​ស្រាថ្នាំ​ចិនសែ​នោះ​នៅឡើយ​ទេ ប៉ុន្តែ លោក​ថា សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​រក​ទីតាំង​ផលិត ដើម្បី​ចាត់វិធានការ​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ