ពលរដ្ឋ​៣​នាក់​​បង​ប្អូន​​នៅ​​កោះ​កុង​​សុំ​​ពន្យារ​ពេល​​ចូល​​បំភ្លឺ​​នៅ​​តុលា​ការ ពាក់​ព័ន្ធ​​ជម្លោះ​ដី​ធ្លី​​ជា​មួយ​​មន្ទីរ​​បរិស្ថាន​

ពលរដ្ឋ ៣នាក់​បងប្អូន​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង កាន់លិខិតសុំពន្យារពេលចូលបំភ្លឺនៅតុលាការនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធ​សំណុំរឿង​ជម្លោះដីធ្លី​ជាមួយ​មន្ទីរ​បរិស្ថាន និង​អង្គការ​ការពារ​សត្វព្រៃ​មួយ​នៅ​ខេត្តកោះកុង។ (សហគមន៏ជីខក្រោម ខេត្តកោះកុង)

​ពលរដ្ឋ ៣នាក់​បងប្អូន​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង សុំ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​សំណុំរឿង​ជម្លោះដីធ្លី​ជាមួយ​មន្ទីរ​បរិស្ថាន និង​អង្គការ​ការពារ​សត្វព្រៃ​មួយ​នៅ​ខេត្តកោះកុង ក្រោយពី​ឪពុក​បាន​ជាប់ពន្ធ​នាគារ​ជិត ១ឆ្នាំ​ ពាក់ព័ន្ធ​ករណីនេះ​ដែរ។

លោក ចេត ប៊ុ​ន អាយុ ៦៥ឆ្នាំ ជា​ឪពុកបង្កើត​របស់​ពលរដ្ឋ​ទាំង ៣នាក់​នោះ ត្រូវ​បាន​តុលាការ​កោះកុង​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ កាលពី​ខែសីហា ឆ្នាំ២០១៩ ក្រោម​ការ​ចោទ​ថា បាន​រុករាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ ដែល​ធ្វើឡើង​តាម​បណ្តឹ​ងរ​បស់​មន្ទីរ​បរិស្ថាន និង​​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance Cambodia)។

កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកោះកុង លោក គង់ ខេមរា បាន​បង្គាប់​ឱ្យពលរដ្ឋ​បី​នាក់​បងប្អូន​ រួមមាន លោក ប៊ុ​ន ឆាន អ្នកស្រី ប៊ុនហៀង និង​អ្នកស្រី ប៊ុ​នឡា ដែល​ជា​កូន​របស់​លោក ចេត ប៊ុ​ន រស់នៅ​ភូមិ​តា​ធង ឃុំ​ដងពែង ឱ្យចូលបំភ្លឺ​នៅ​ថ្ងៃស្អែក​នេះ ក្រោម​ការ​ចោទ​ថា បាន​កាប់​រុករាន​ដី​ព្រៃ និង​សាងសង់​ផ្ទះ​ថ្មី​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ដែល​បាន​ប្រព្រឹត្ត​កាលពី​ខែតុលា ឆ្នាំ២០១៩។

ប៉ុន្តែ ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី៧ ខែមិថុនា ​ផ្ញើ​ជូន​លោក គង់ ខេមរា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកោះកុង គឺ​ពលរដ្ឋ​ទាំង​បី​នាក់​នោះ សុំ​ពន្យារពេល​ចូល​បំភ្លឺ​តាមកាល​កំណត់ ដោយ​ថា ពួក​គេ​មិនបាន​ត្រៀមខ្លួន និង​ពុំ​ទាន់​រក​មេធាវី​មក​ការពារ​បាន​នៅឡើយ។

លោក ប៊ុ​ន ឆាន ប្រាប់​វី​អូ​ឌី​ថា ករណី​ពួក​គាត់​សុំ​ពន្យា​រពេល​ចូល​ទៅបំភ្លឺនៅតុលាការ​នេះ មិនមែន​ដើម្បី​គេចវេះនោះ​ទេ គឺ​ដោយសារ​គ្រួសារ​លោក​មិនទាន់​រក​មេធាវី​ការពារ​ក្តី​បាន​នៅឡើយ។

លោក​ថា ករណី​តុលាការ​កោះហៅ​រូបលោក និង​បងប្អូន​ស្រី​ពី​រនាក់​ទៀត​ឱ្យចូល​បំភ្លឺ​នេះ វា​ជា​រឿង​អយុត្តិធម៌​មួយ និង​មាន​ចេតនា​ចង់​ធ្វើបាប​គ្រួសារ​របស់​លោក ដោយ​ថា លោក​មិនបាន​ទៅ​រុករាន​ដី​ព្រៃ​ដូចការ​ចោល​ប្រកាន់​ឡើយ។

លោក ប៊ុ​ន ធាន បន្ថែម​ថា៖ «គេ​មានចេតនា​ធ្វើបាប​ក្រុម​គ្រួសារ​ខ្ញុំ​តែម្តង ពីព្រោះ​ជាក់ស្តែង​បងប្អូន​ខ្ញុំ​បី​នាក់​នេះ អត់​បាន​ទៅ​ធ្វើ​ផ្ទះ​ថ្មី អត់​បាន​ទៅ​កាប់ព្រៃ​ដូច​គេចោទប្រកាន់​​ឡើយ។ អង្គ​ការ​វ៉ា​យអេ​ដ បា​នប្តឹង​ពួក​ខ្ញុំ​ទៅ​តុលាការ​ដំបូង។ តុលាការ​ឱ្យ​ពួក​ខ្ញុំ​ចូល​ទៅ​បំភ្លឺ​ថ្ងៃទី១១នេះ ប៉ុន្តែ ពួក​ខ្ញុំ​ដាក់​ពន្យារ​ ដើម្បី​រក​មេធាវី​មក​ជួយការ​ពារ ព្រោះ​រឿង​នេះ ​វា​អយុត្តិធម៌​ចំពោះ​ពួក​ខ្ញុំ​ទាំង​បី​នាក់​ដែល​ជាកូន​របស់​លោក ចេត ប៊ុ​ន ដែលគេ​បាន​ចាប់ឃុំឃាំង​រួចហើយ​នោះ»៕

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ លោក ម៉ន ផល្លា មានប្រសាសន៍​ថា មន្ទីរ​បរិស្ថាន​ប្តឹង​គ្រួសារ​របស់​លោក ចេត ប៊ុ​ន ទៅ​តុលាការ​ ដោយសារតែ​គ្រួសារ​លោក ចេត ប៊ុ​ន បាន​ចូល​ឈូស​ឆាយដី​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ដើម្បី​ចាប់​យក​ជា​កម្មសិទ្ធិ។

លោក ម៉ន ផល្លា មានប្រសាសន៍​ថា៖ «រឿង​ផ្តន្ទា​ទោស វា​អាស្រ័យ​លើ​តុលាការ​គាត់​ជា​អ្នកស្រាវជ្រាវ និង​សម្រេច។ ខ្ញុំ​អស់​សមត្ថកិច្ច​ចាត់ការ​លើ​រឿង​ហ្នឹង​ទៀតហើយ»។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដ​ូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា ប្រាប់​ថា អង្គការ​របស់​លោក​មិនទាន់​ស្រាវជ្រាវ​បាន​ច្បាស់លាស់​នៅឡើយ​ទេ​អំពី​ករណីនេះ។

ប៉ុន្តែ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ស្នើ​ឱ្យ​តុលាការ​ចុះ​ស្រា​ជ្រាវ ឬស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការសម្រេច​ខុស​ណាមួយ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ។

លោក ប៉ែន វុទ្ធា និយាយ​ថា៖ «ព្រោះ​យើង​ដឹង​ហើយ​ថា ក្រុម​គ្រួសារ​របស់​គាត់​បាន​ធ្វើការ​ស្នើសុំ​ទៅ​អាជ្ញាធរ ដើម្បី​ធ្វើការ​កា​ត់​ឆ្វៀលកា​ត់​ដីចម្ការ​របស់​គាត់​មួយចំនួនដែល​កំពុង​មាន​ទំនាស់​ជាមួយ​ខាង​អង្គ​កា​រស​ម្ព័ន​មិត្ត​សត្វព្រៃដែល​ធ្វើការ​ការពារ​នៅ​តំបន់​នោះ។ អ៊ីចឹង​ហើយរឿង​នេះ តុលាការ​គួរតែ​ពិចារណា​ឱ្យ​បាន​ល្អិត​ល្អន់​ មុន​ការវិនិច្ឆ័យ ឬការសម្រេច​ណាមួយ»។

កាលពី​ខែសីហា ឆ្នាំ២០១៩ មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ចោទ​លោក ចេត ប៊ុ​ន ថា​បាន​រុករាន និង​ឈូស​ឆាយ​ចូល​ដី​ព្រៃ​តំបន់ការពារធម្មជាតិ​ទំហំ ០.៣៥ហិ​កតា​ មកធ្វើជា​កម្មសិទ្ធិ ស្ថិត​ក្នុង​ភូមិ​តា​ធង ឃុំ​ដងពែង ស្រុកស្រែ​អំបិល។

មន្ទីរ​បរិស្ថាន បញ្ជាក់​ថា លោក ចេត ប៊ុ​ន ធ្លាប់​បាន​ស្នើសុំ​កាត់​ឆ្វៀល​ដី​ទំហំ ១០ហិ​កតា​ចេញពី​តំបន់​ការពារ ក្នុង​នោះ​ដី​ទំហំ ៤ហិ​កតា​បាន​អាស្រ័យផល និង​សង់​លំនៅ​ដ្ឋាន ដោយ​ពុំ​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​ឡើយ ខណៈ​ដី​ទំហំ ៦ហិ​កតា​ទៀត ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ជាច្រើន​ដង ប៉ុន្តែ លោក ចេត ប៊ុ​ន មិន​ស្តាប់​ នៅតែ​បន្ត​រុករាន​ទៀត​ ទើប​មាន​វិធានការ​បែបនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ