លោក ស ខេង ប្រាប់​​មន្ត្រី​​កុំ​​ឱ្យ​មើល​ស្រាល​​បញ្ហា​​អយុត្តិ​ធម៌​​សង្គម​​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់​មន្ត្រី​ក្រោម​ឱវាទ​កុំ​ឱ្យមើលស្រាល​បញ្ហា​អយុត្តិធម៌​សង្គម ខណៈ​លោក​រក​ឃើញថា យន្តការ​ដោះស្រាយ​ពាក្យ​បណ្តឹ​ងនា​នា​នៅ​មានកម្រិត​នៅឡើយ។

តាម​គេហទំព័រ​ផ្លូវការ​របស់ក្រ​សួង លោក ស ខេង ក្នុង​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ២០២០ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី៩ ខែមិថុនា បានប្រាប់​មន្ត្រី​ពាក់ព័ន្ធ​ថា ការ​ដោះ​ស្រាយ​បណ្តឹង​ មាន​បញ្ហា​ខ្លះត្រូវ​បាន​ដោះស្រាយ តែ​ខ្លះទៀត​ដែល​ថាលោក​បញ្ជូន​ទៅ​ មិនទាន់​បាន​ដោះស្រាយ​នៅឡើយ។

មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះ និយាយ​ទៀត​ថា ដើម្បី​តាមដាន និង​ដោះស្រាយ​បញ្ហា​ដែល​ប្រមូល​បាន​ដោយ​យុត្តិធម៌ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ប្រកាន់​គោលការណ៍​មិន​លម្អៀង។

លោក ស ខេង និយាយ​ថា ការស្រាវជ្រាវ​ណាមួយ​បែប​លម្អៀង នឹង​មិន​អាច​រក​យុត្តិធម៌​បាន​ឡើយ ហើយ​ថា «បញ្ហា​អយុត្តិធម៌​នេះ គឺ​មិន​អាច​មើលស្រាល​បាន​ឡើយ ទោះ​ក្នុង​សង្គម​ណាក៏ដោយ»។ 

លោក ស ខេង ក្រើន​រំឭក​ទៀត​ថា៖ «តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ទើប​អាច​បញ្ចៀស​ភាព​អសកម្ម ភាព​មិន​ប្រក្រតី និង​អយុត្តិធម៌​សង្គម​បាន»។

នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត ហៅ​សារ​នយោបាយ​នេះ​ថា មាន​សារសំខាន់ បើ​មន្ត្រី​អនុវត្ត​តាម ប៉ុន្តែ លោក​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ បាន​ធ្លាក់ចុះ​គួរឱ្យព្រួយបារម្ភ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ និយាយ​ថា សារ​នេះ​អាច​ជោគជ័យ​ទៅ​បាន វា​ទាល់តែ​មេដឹកនាំ​ធ្វើជា​គំរូ ដើម្បីឱ្យមន្ត្រី​មើលឃើញ​ថា ខ្លួន​ពិតជា​មនុស្ស​ឯករាជ្យ​មិន​ជ្រក​ក្រោម​ឥទ្ធិពល​គណបក្ស​ណាមួយ។

លោក អំ សំអាត ប្រាប់​ថា៖ «អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​អនុសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង នេះ​បាន​ វា​លុះណាតែ​មាន​គោលការណ៍​រួម​របស់​ថ្នាក់ដឹកនាំ បានន័យ​ថា​ថ្នាក់ដឹកនាំ​ធ្វើជា​គំរូ ហើយ​ជំរុញ​ឱ្យមានការ​អនុវត្ត»។

កាលពី​ថ្ងៃទី៩ ខែមករា​ដើមឆ្នាំ​នេះ ក្នុង​ពិធី​មួយ​នៅ​ខេត្តបាត់ដំបង លោក ស ខេង ក៏បាន​និយាយ​ដែរ​ថា៖ «តាម​បទពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​មក សង្គម​ដែល​បែកបាក់​នៅ​ស្រុក​ណាក៏ដោយ គឺ​កើត​ចេញពី​អយុត្តិធម៌»

អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា និយាយ​ថា ក្នុង​ក្របខ័ណ្ឌ​នយោបាយ បើ​បក្ស​កាន់អំណាច​មិន​អាច​បំពេញ​តម្រូវការ​សង្គម​បានទេ វា​នឹង​បាត់​បង់ការ​គាំទ្រ។

លោក​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​មួយ​បាត់​បង់ការ​គាំទ្រ វា​ស្មើនឹង​បាត់បង់​អំណាច។ លោក​ថា បក្ស​កាន់អំណាច​ទំនងជា​បារម្ភ​ពី​បញ្ហា​នេះ ខណៈ​មិនទាន់​ស្តារ​ទំនុកចិត្ត​ម្ចាស់​ឆ្នោត​ជាង ៤០ភាគរយ ដែល​គាំទ្រ​បក្ស​ប្រឆាំង ក្រោយ​មានការ​រំលាយ។

លោក ឯម សុវណ្ណ​រ៉ា បង្ហាញ​ការយល់ឃើញ​ថា ជម្រើស​ជោគជ័យដែល​ជាយន្តការ​ធានា​ដល់​យុត្តិធម៌​សង្គម វា​លុះណាតែ​បក្ស​កាន់អំណាច​វិល​ទៅ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ ដូចដែល​សហ​ភាព​អឺរ៉ុប​កំពុង​ជំរុញ។

លោក ឯម សុវណ្ណ​រ៉ា ប្រាប់​ថា៖ «បើសិនជា​គណបក្ស​កាន់អំណាច​អាច​ឆ្លើយតប​បាន ហាក់ដូច​បាន​ឆ្លើយតបទៅនឹង​សម្តី​ដែល​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង លើកឡើង​អ៊ីចឹង បានន័យ​ថា វា​បាន​គិត​គូ​ពី​សេវា​ពលរដ្ឋ​ និង​បញ្ហា​សង្គម​ដូចគ្នា​ ប្រសិនបើ​អត់​អាច​ឆ្លើយតប​បានទេ​ សហគមន៍​អឺរ៉ុប​ដែលគេ​ដាក់​សម្ពាធ ​វា​ជះឥទ្ធិពល​ដល់​ពលរដ្ឋ ហើយ​វា​ជះឥទ្ធិពល​ទៅ​រដ្ឋាភិបាល​វិញ​ គឺ​វា​បាត់បង់​ជំនឿ​ និង​ការ​គាំទ្រ​នេះឯង»។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​កាលពី​ឆ្នាំ២០១៩ វាយតម្លៃ​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ស្ថិតនៅ​ជិត​បាត​តារាង​ក្នុងចំណោម​ប្រទេស ១១៣ លើ​ពិភពលោក។ របាយការណ៍ដដែលក៏បាន​បញ្ជាក់​ដែរថា ចំណាត់ថ្នាក់​យុត្តិធម៌​ធ្លាក់​នេះ ដោយសារតែ​មានការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ