ពល​រដ្ឋ​៣​នាក់​​ត្រូវ​​អាជ្ញាធរ​​ខេត្ត​ក្រចេះ​​ចាប់​ខ្លួន​ និង​​ឈូស​​ឆាយ​​ផ្ទះ​ ក្រោយ​​បដិសេធ​​លក់​​ដី​​ឱ្យ​ក្រុម​ហ៊ុន​​

សកម្មភាពឈូសឆាយដីពលរដ្ឋពីសំណាក់អាជ្ញាធរដែលត្រូវបានពលរដ្ឋលួចថតបាន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

អ្នកភូមិ​អះអាង​ថា ពលរដ្ឋ ៣នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្តក្រចេះ​ចាប់​ឃុំខ្លួន និង​យកគ្រឿង​ចក្រ​មកឈូស​ឆាយ​ផ្ទះពួកគេ បន្ទាប់ពី​ពលរដ្ឋ​ទាំងនោះ មិនព្រម​លក់​ដីឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ ស្ថិត​ក្នុង​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល។

អ្នកស្រី សេង ស្រី​ស្រស់ អាយុ ២៩ឆ្នាំ រៀបរាប់​ប្រាប់​វី​អូ​ឌីតា​មទូ​រសព្ទ​ថា សមត្ថកិច្ច​ចម្រុះ​ប្រហែល ៥០នាក់ មាន​ទាំង​កម្លាំង​ប៉េ​អឹម និង​នគរបាល​ប្រដាប់ដោយ​កាំភ្លើង និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ផង បាន​ចុះទៅ​ចាប់ខ្លួន​ឪពុក​របស់​គាត់ និង​អ្នកភូមិ ២នាក់​ផ្សេងទៀត បញ្ជូន​ទៅ​តុលាការ​ កាលពី​ថ្ងៃទី១ ខែមិថុនា។

អ្នកភូមិ​រូប​នេះ បន្ត​ថា កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ទាំងនោះ​បាន​ចុះ​មក​ម្តង​ទៀត អម​ដោយ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​របស់​ក្រុមហ៊ុន ឬទ្ធី​ក្រា​នី​ត (TITHY GRANTE CAMBODIA CO​., LTD​) របស់​លោក ឡេង ឬទ្ធី ចូល​ទៅ​ឈូស​ឆាយដី និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣ខ្នង ដើម្បី​យក​ដី​ឱ្យក្រុមហ៊ុន​ដាក់​ថ្ម​ក្រា​នី​ត។

អ្នកស្រី ស្រី​ស្រស់ អះអាង​ថា មុន​ចាប់ខ្លួន​ឪពុក និង​អ្នកភូមិ ២នាក់​នោះ គឺ​តំណាង​ក្រុមហ៊ុន​បាន​ព្យាយាម​មក​សុំ​ទិញ​ដី​ក្នុង​តម្លៃ​ថោ​កៗ ​ដោយ​លើក​ទី១ ឱ្យ​តម្លៃ ១ហិ​កតា ៧០០ដុល្លារ លើក​ទី២ តម្លៃ ២,៥០០ដុល្លារ ប៉ុន្តែ ឪពុក​អ្នកស្រី និង​អ្នកភូមិ ២នាក់​ទៀត មិនព្រម​លក់ ​ដោយចង់​បាន​តម្លៃ​ខ្ពស់​ជាង​នេះ ក្រោយមក​ក៏​មានការ​ចាប់ខ្លួន​តែម្តង។

អ្នកស្រី ស្រី​ស្រស់ ប្រាប់​ថា៖ «សុំ​ទិញ​បីដង តែ​ប៉ា​ខ្ញុំ​អត់​លក់​ឱ្យ។ ប៉ា​ខ្ញុំ​ដើរចេញ គេ​ឱ្យ ២,៥០០ ក៏​ប៉ា​អត់​លក់​ឱ្យដែរ។ ក្រោយមក គេ​ឱ្យប៉ា​ខ្ញុំ​ទូរសព្ទ​ប្រាប់​គេ​ថា គាត់​លក់​ប៉ុន្មាន​ៗ ប៉ុន្តែ ប៉ា​ខ្ញុំ​អត់​ទូរសព្ទ​ទៅ​ទេ។ ដល់​លើក​ទី៤ គេឱ្យ​ប៉ូលិ​សម​កចាប់​ប៉ា​ខ្ញុំ និង​អ្នក​ជិត​ផ្ទះ​ខ្ញុំ ២នាក់​តែម្ដង ហើយ​ពួក​ខ្ញុំ​ក៏​អត់ដឹង​គេ​មក​ចាប់​ប៉ា​ខ្ញុំ​ដែរ»។

អ្នកស្រី សេង ស្រី​ស្រស់ អះអាង​ថា ដីចំការ​ដែល​គ្រួសារ​អ្នកស្រី​កំពុង​កាន់កាប់ និង​អាស្រ័យផល​នោះ គឺ​បាន​ទិញបន្ត​ពី​អ្នកភូមិ​តាំងពី​ឆ្នាំ២០១០ ដោយមាន​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ត្រឹមត្រូវ។ អ្នកស្រី​ថា ដី​ដែល​ក្រុមហ៊ុន​ចង់បាន​នោះ គឺ​មាន​រ៉ែ​ច្រើន​ប្រភេទ​ ដូចជា ​រ៉ែ​មាស និង​ថ្ម​ម៉ា​ប់​ជាដើម។

បើ​តាមអ្នកស្រី ​ស្រី​ស្រស់ គឺ​អំឡុង​ពេល​សមត្ថកិច្ច​ចាប់​ឪពុក​គាត់ និង​ពេល​អាជ្ញាធរ​យក​គ្រឿងចក្រ​មកឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​ម្សិលមិញ​នេះ ក៏​មាន​ទូរសព្ទ​បង្ខំឱ្យ​លក់​ដី​នោះ​ផង​ដែរ ប៉ុន្តែ ម្តាយ​អ្នកស្រី​នៅតែ​មិនព្រម​លក់។

អ្នកភូមិ​ម្នាក់​ដែល​ដឹង​ហេតុ​ការ​ណ៍នេះ​ដែរ អ្នកស្រី ឃឹង សុចិត្រា និយាយ​ថា អំឡុង​ពេល​ចុះ​ចាប់​ពលរដ្ឋ ៣នាក់ និង​ចុះ​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​នោះ គឺ​អាជ្ញាធរ​មិន​ឱ្យ​អ្នកភូមិ​ចូល​ជិត ឬថត​យក​រូបភាព​នោះ​ទេ ដោយគំរាម​បាញ់ និង​គំរាម​ចាប់ខ្លួន បើសិន​ពលរដ្ឋ​ណា​ហ៊ាន​ចេញមុខ​តវ៉ា។

អ្នកស្រី សុចិត្រា ប្រាប់​ថា៖ «ក្រុមហ៊ុន ឡេង ឬទ្ធី ម្សិលមិញ គាត់​បាន​យក​គ្រឿងចក្រ​ទៅ​ដាក់លើ​ដី​ពលរដ្ឋ​ដែល​ចាប់ខ្លួន​ហ្នឹង ឡើង​ពេញ​តែម្ដង ហើយ​អ្នកណា​ចូល​ជិត​ក៏​អត់​បាន​ដែរ ថត​ក៏​អត់បាន​ដែរ ឈរ​មើល​ក៏​អត់​បាន​ដែរ ព័ទ្ធជុំវិញ​ជិត​តែម្ដង សុទ្ធតែ​ប៉េ​អឹ​មប្រហែល​ជាង ៥០នាក់​ឡើងលើ​ហើយ។ បើ​កាំភ្លើង​វិញ​ សុទ្ធតែ​បើក​សោរ ហើយ​ដាក់​ឡើងលើ​ទៀត។ តែ​អ្នក​ហ៊ាន​ចូល គេ​គំរាម​បាញ់​មេជើង ឬក៏​បាញ់​តែម្ដង ប៉ុន្តែ​ ពុំ​មានការ​បាញ់​អី​ទេ។ គេ​គ្រាន់តែ​គំរាម ប៉ុន្តែ គំរាម​ថា បើ​អ្នកណា​ហ៊ាន​ចូល ដឹង​តែបាញ់​ហើយ គាត់​ថាយើង​ប្រឆាំង»។

អភិបាលស្រុក​ស្នួល លោក គង់ គី​មនី មានប្រសាសន៍​ថា លោក​មិនទាន់​ដឹង​អំពី​ព័ត៌មាន​ចាប់ខ្លួន​ពលរដ្ឋ​នោះ​ទេ ដោយ​ថា វិធានការ​នេះ គឺ​អភិបាលរងខេត្ត​ក្រចេះ លោក ខាន់ ចំណាន ជា​អ្នកដឹកនាំ​កម្លាំង​ចុះ​អនុវត្ត។ ប៉ុន្តែ ករ​ណី​ឈូស​ឆាយ​ផ្ទះ និងដី​របស់​ពលរដ្ឋ គឺ​ដោយសារ​ពលរដ្ឋ​ធ្វើអាជីវកម្ម​​រ៉ែ​ខុសច្បាប់​នៅ​តំបន់​នោះ។

លោក គង់ គី​មនី និយាយ​ថា៖ «ក្រុមការងារ​ដឹក​នាំ​ដោយ​ឯកឧត្តម ខាន់ ចំណាន គាត់​ចុះទៅ​ធ្វើការងារ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​តំបន់​រ៉ែ​នៅ​តំបន់​នោះ ​ពាក់ព័ន្ធ​ក្បាលដី​បងប្អូន​ប្រជាពលរដ្ឋ។ គាត់​បាន​ធ្វើអាជីវកម្ម​ជីក​រ៉ែ​ដោយ​ខុសច្បាប់។ អ៊ីចឹង​ទេ ក្រុមការងារ​បាន​ចុះទៅ​ធ្វើការងារ​រឿង​ហ្នឹង ដើម្បី​ហាម​គាត់ ឬក៏​ណែនាំ​គាត់»។

វី​អូ​ឌី​បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ពីអ​ភិបាល​រង​ខេត្តក្រចេះ លោក ខាន់ ចំណាន ដែរ ប៉ុន្តែ ទូរសព្ទ​ចូល​ច្រើនដង ​គ្មាន​អ្ន​កទទួល។

ចំណែក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ឬទ្ធី​ក្រា​នី​ត លោក ឡេង ឬទ្ធី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដែរ ដោយ​ទូរសព្ទ​ចូល​ច្រើនដង ​គ្មាន​អ្នកទទួល។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ប្រាប់​ថា សមាគម​របស់​លោក​មិនទាន់​ដឹង​ព័ត៌មាន​នេះ​ទេ ប៉ុន្តែ លោក​ថា ប្រសិន​ដូច​ការ​លើកឡើង​របស់​ពលរដ្ឋ គឺ​អាជ្ញាធរ​ថ្នាក់​ជាតិ​គួរតែ​ទៅ​ស្រាវជ្រាវ ឬត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​សមត្ថកិច្ច​នៅ​ខេត្តក្រចេះ ដើម្បី​រក​ឱ្យឃើញថា តើ​ការ​ចាប់ខ្លួន និង​ឈូស​ឆាយដី​ពលរដ្ឋ​នោះ ធ្វើឡើង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ឬអត់។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «ហើយ​ប្រសិនបើ​មានការ​ត្រួតពិនិត្យ​ឃើញថា ករណី​ទាំងអស់​ហ្នឹង ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន​ បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​តាមច្បាប់ អ៊ីចឹង​អាជ្ញាធរ​ជាតិ​គួរ​ចាត់វិធានការ​ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ហើយ​ចាត់វិធានការ ត្រូវ​ដាក់​ពិន័យ ឬក៏​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​ទៅ​អាជ្ញាធរ និង​ក្រុមហ៊ុន​ដែល​បាន​រំលោភ​បំពានទៅលើ​ច្បាប់​ហ្នឹង​ផង​ដែរ ដើម្បីឱ្យប្រជាពលរដ្ឋ និង​សាធារណ​ជន​ជឿជាក់​ទៅលើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់ ឬក៏​មាន​យុត្តិធម៌​សង្គម​ឡើងវិញ»។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំមុន ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​អភិបាលខេត្ត​ក្រចេះ ​ក្រុមហ៊ុន ឬទ្ធី​ក្រា​នី​ត បាន​ឱ្យដឹង​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ធ្វើអាជីវកម្ម​ថ្ម​ក្រា​នី​តជាមួយ​ក្រ​សួង​ឧស្សា​ហកម្ម​រ៉ែ និង​ថាមពល ក្នុង​ទំហំដី ១២គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ​ខេត្តក្រចេះ។

លិខិត​ដដែល ឱ្យដឹង​ថា ក្រោយមក ​ក្រុម​ហ៊ុន​ ឬទ្ធី​ក្រា​នី​ត បាន​ប្រគល់​ការគ្រប់គ្រង​ផ្ទៃដី​មួយផ្នែកទៅ​ឱ្យក្រុមហ៊ុន ខេម​បូ​ឌាន យាន ជីង មីនើ​រ៉ល ​(Cambodian Yuan Jing Mineral Co​., Ltd) និង​ក្រុមហ៊ុន មឿង សុក (Meoung Sok Co​., Ltd​) សម្រាប់​ធ្វើអាជីវកម្ម​ថ្មក្រា​នី​តបន្ត ដោយ​បច្ចុប្បន្ន ​ក្រុមហ៊ុន ឬទ្ធី​ក្រា​នី​ត កាន់កាប់​លើ​ដី​ទំហំ ៥៣៩​, ៣៤ហិ​កតា​ សម្រាប់​ធ្វើអាជីវកម្ម​ថ្ម​ក្រា​នី​ត។

លិខិត​ដដែល​នេះ បាន​ចោទប្រកាន់​ថា មេឃុំ​ស្វាយជ្រះ លោក ខៀវ សុខា ដែល​អះអាង​ថា ​ជា​តំណាង​ឱ្យប្រជាពលរដ្ឋ ៩២គ្រួសារ បាន​ធ្វើ​លិខិត​សុំ​ទៅ​អភិបាលខេត្ត​កាត់​ដី​មួយ​ផ្នែក​របស់​ក្រុមហ៊ុន​បែងចែក​ទៅ​ឱ្យប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដោយ​មិនបាន​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន ឬភាគី​ពាក់ព័ន្ធ​ឡើយ និង​ស្នើ​ទៅ​អភិបាលខេត្ត​ច្រានចោល​សំ​ណើ​នោះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ