ACU បញ្ជា​​ឱ្យ​​មន្ទីរ​​បរិស្ថាន​​ខេត្ត​ព្រះ​វិហារ​​ឆ្លើយ​​បំភ្លឺ​​ករណី​​ពុក​រលួយ​​

ដើមឈើជាច្រើនដើមប្រភេទឈើល្អ ត្រូវបានរកឃើញនាថ្ងៃទី០១ និងទី០២ ខែមេសា ឆ្នាំ២០២០ ដែលជនល្មើសលួចកាប់នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ។ (Ma Chettra)

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU​) ឱ្យ​ប្រធាន​ស្តីទី នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ លោក សុខ ច័ន្ទ​សុ​ជាតិ ​បំភ្លឺ​រឿង​អំពើ​ពុក​រលួយជា​ប្រព័ន្ធ រវាង​មន្ត្រី​ក្រោមបង្គាប់​របស់​លោក​ធ្វើសកម្មភាព​ដោយ​ផ្ទាល់​ផង និង​បើកដៃ​ឱ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ផង។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២០ ដែល​វី​អូ​ឌី​ទើប​ទទួល​បាន​នៅ​ថ្ងៃនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឱ្យដឹង​ថា កាលពី​ថ្ងៃទី២៨ ខែមេសា អង្គភាព​មួយ​នេះ ទទួល​បា​នប​ណ្តឹង​មួយ ដោយ​ចោទប្រកាន់​ថា មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ លោក​ សោម រដ្ឋា និង​សហគមន៍​ព្រៃឈើ បាន​ឃុបឃិតគ្នា​ជា​ប្រព័ន្ធ​ជាមួយ​ឈ្មួញ​ឈើ​ខុសច្បាប់ និង​អ្នក​ឈូ​សឆាយដី​ព្រៃ​ខុសច្បាប់។

ACU បញ្ជាក់​ថា ដើម​បណ្តឹង​បាន​លើកឡើង​ថា មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ​លោក សោម រដ្ឋា និង​សហគមន៍​ព្រៃ​ឈើ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ ទារប្រាក់​ពី​ឈ្មួញ​ដឹកឈើ​ចេញពី​ព្រៃ​ឡង់ ​ក្នុង​មួយ​គោយន្ត​ចាប់ពី ៨ម៉ឺន​រៀល​ ដល់ ១​០ម៉ឺនរៀល រួម​ទាំង​បាន​សហការ​យ៉ាង​ល្អជា​មួយ​ឈ្មួញ​ឈើ​ធំ​ម្នាក់​ឈ្មោះ ឡេង រស់នៅ​ភូមិ​ពើក ឃុំ​ពុទ្រា ស្រុក​​ជ័យសែន ដើម្បី​នាំ​ឈើ​ទៅ​លក់​ឱ្យឈ្មួញ​រូប​នេះ។

លិខិត​ដដែល​នេះ​ បន្ត​ថា ប្រសិបើ​គោយន្ត​ណា​មិនមែន​ជា​អ្នក​ដឹកឈើ​លក់​ឱ្យឈ្មួញ​ឈើ​ឈ្មោះ ឡេង នោះ​ទេ គឺ​មន្ត្រី​បរិស្ថាន​មិន​ឱ្យដឹក​ចេញពី​ភូមិ​ពើ​កឡើយ ទោះបីជា​គោយន្ត​ដឹកឈើ​នោះ បាន​បង់ប្រាក់​ពេល​ចេញពី​ព្រៃ​រួច​ហើយក៏​ដោយ គឺ​មន្ត្រី​នៅតែ​ចាប់​ឱ្យបង់ប្រាក់ ១លាន​រៀល​បន្ថែម​ទៀត​ដែរ។

បើ​តាម​លិខិត​ដដែល​នេះ ACU ក៏​ទទួល​បាន​ព័ត៌មាន​ថា មាន​បុគ្គល​ឈ្មោះ ឡេង និង​បុគ្គល​ឈ្មោះ ឌី កំពុងតែ​ត្រូវរ៉ូវ​គ្នា​បើកដៃ​ឱ្យ​ក្រុម​គោយន្ត​ចូល​ទន្ទ្រាន​បំ​ផ្លិចបំផ្លាញ​ព្រៃ​ឡង់​ដោយសេរី ហើយ​គោយន្ត​ទាំងនោះ បាន​ចូល​ទៅ​អារឈើ​ក្នុង​មួយថ្ងៃ ៣ ទៅ ៤ជើង ដោយ​បុគ្គល​ឈ្មោះ ​ឌី ឈ្មោះ រឿន ឈ្មោះ ម៉េ​ត និង​ឈ្មោះ យាយ លែន ជា​អ្នកដើរ​ប្រមូល​ទិញ​ឈើ​ពី​អ្នកស្រុក​ដែល​ចុះទៅ​អារឈើ​ក្នុង​ព្រៃ​ជុំវិញ​ភូមិ​ទ្រា និង​ភូមិ​ពើក ដោយ​បាន​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន សហគមន៍​ព្រៃឈើ និង​មន្ត្រី​ប៉ុសិ៍្តនគរបាល​នៅ​ឃុំ​ទ្រា​ផង​ដែរ។

ACU បន្ថែម​ទៀត​ថា ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ក៏​មាន​បុគ្គល​ឈ្មោះ ឆាយ គឹ​មហូវ ដែល​មាន​ប្តី​ជាម​ន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ និងមាន​ឡាន​សាំ​យ៉ុង​ចំនួន ២គ្រឿង និង​ឡាន​ធំ​កង់១០ ចំនួន ២គ្រឿង​ទៀត កំពុងតែ​ប្រតិបត្តិ​ការ​ជួញដូរ​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់​ផង​ដែរ​។

ប្រធាន​ស្តីទី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក សុខ ច័ន្ទ​សុ​ជាតិ ប្រាប់​វី​អូ​ឌី​ថា លោក​មិនទាន់​ផ្តល់​ចម្លើយទៅACUនោះ​ទេ ដោយ​ថា លោក​កំពុង​រៀបចំ​ឯកសារ ដើម្បី​ឆ្លើយតប​លើ​ករណីនេះ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​ពេលវេលា​នៃ​ការ​ឆ្លើយតប​នៅឡើយ​ទេ។

លោក​បន្ថែម​ថា៖ «យើង​កំពុងធ្វើការ​លើ​រឿង​នេះ។ ចាំ​ខ្ញុំ​មាន​ចម្លើយ​ហើយ និង​ធ្វើ​ហើយ​ឯកសារ​ហើយ ខ្ញុំ​នឹង​ផ្ញើទៅកាន់ACUហើយ»។

វី​អូ​ឌី​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក ឃាង សេង ដែរ ដោយ​ទូរសព្ទ​ចូល​ច្រើនដង ​គ្មាន​អ្នកទទួល។

ចំណែក ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក សោម រដ្ឋា និង​អ្នក​ដែល​រង​ការចោទប្រកាន់​ផ្សេងទៀត​ ក៏​មិនទាន់​អាច​រក​ការ​ឆ្លើយ​បំភ្លឺ​បាន​ដែរ​ពាក់ព័ន្ធ​ករណីនេះ។

ប្រធាន​អង្គការ​អភិវឌ្ឍន៍​សហគ​មន៍​ដើម្បី​សន្តិភាព និង​និរន្តរភាព ​ដែល​ធ្វើការជា​មួយ​ប្រជា​សហគមន៍​ជុំវិញ​ព្រៃ​ឡង់ លោក សេង សុខ​ហេង មានប្រសាសន៍​ថា ករណី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ឱ្យ​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​រឿង​ពុករលួយ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឡង់​នេះ ​វា​សញ្ញា​ល្អ​មួយដើម្បី​ព្រមានដល់​មន្ត្រី​ខិលខូច​ផ្សេងទៀត។

លោក សេង សុខ​ហេង លើកឡើង​ថា តាម​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ជាមួយ​អង្គការ​ដៃ​គូ​ដែល​ធ្វើ​ផ្នែក​ធនធាន​ធម្មជាតិ និងបរិស្ថាន គឺ​រក​ឃើញថា អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​បទល្មើស​ព្រៃឈើ​ជា​យូរឆ្នាំមកហើយ។

លោក​បន្ថែម​ថា៖ «ជា​រៀងរាល់​ថ្ងៃ​ យើង​តែងតែ​ឃើញ​រថយន្ត គោយន្ត​កែច្នៃ​គ្រប់​ប្រភេទ​ បាន​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់។ អីចឹង ​ខ្ញុំ​គិត​ប្រសិនជា​មិន​មានការ​ប្រព្រឹត្ត​អំពើពុករលួយ មិន​មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ទាំងអស់​ហ្នឹង​ទេ ពួក​បទល្មើស​ទាំងអស់​ហ្នឹង ​មិន​អាច​ធ្វើ​ចរាចរណ៍ ​ឬសកម្មភាព​របស់​ខ្លួន​ដឹកឈើ​ចេះ​ពី​តំបន់​ព្រៃ​ឡង់​បានទេ។ ហើយ​ខ្ញុំ​គិតថា មាន​មន្ត្រី​ជាច្រើន​ទៀត​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​នេះ។ អីចឹង​យើង​ចង​់ឃើញACUអនុវត្ត​ក្នុង​ខេ​ត្ត​ផ្សេង​ៗ ឬតំបន់​ការពារ​ផ្សេងទៀត​ដូច​នៅ​ព្រៃ​ឡង់​ដែរ»។

កាលពី​ខែកុម្ភៈ​ ឆ្នាំ២០២០ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ អះអាង​ថា ក្នុង​ឆ្នាំ២០១៩ បាន​ចាប់ និង​បញ្ជូន​ខ្លួន​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ចំនួន ៥៩នាក់​ទៅ​តុលាការ និង​ចាប់​យក​ឈើ​ចម្រុះ​ជាង ៩ពាន់​ម៉ែត្រគូប រួម​ទាំង​រឹបអូស​មធ្យោបាយ​ដឹកជញ្ជូន​ឈើ ៤៩១គ្រឿង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ