ខុ​មហ្វ្រែល​​រក​​ឃើញ​ថា​ ​ឆ្នាំ​ទី១​អាណត្តិ​​ទី​៦​នៃ​​សភា​​ឯក​​បក្ស​​មាន​​តំណាង​​រាស្រ្ត​​ស្រី​​តែ​ម្នាក់​​គត់​​ឡើង​​បញ្ចេញ​មតិ​​

លោកស្រី ឡោក ខេង តំណាងរាស្ត្រប្រចាំ​មណ្ឌល​រាជ​ធានី​ភ្នំពេញ ថ្លែងក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ (National Assembly Of Cambodia)

​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ​ហៅ ​ខុ​មហ្វ្រែល​ រក​ឃើញថា ឆ្នាំទី១ នីតិកាល​ទី៦ នៃ​សភា​ឯក​បក្ស​របស់​គណបក្សប្រជាជន​ មាន​តំណាង​រាស្រ្ត​ស្ត្រី​តែម្នាក់​គត់ ឡើង​បញ្ចេញមតិ​ក្នុង​កិច្ចប្រជុំ​សភា​ពេញអង្គ។

សេចក្តី​ប្រកាស​ព័ត៌មាន បង្ហាញ​ពី​លទ្ធផល​សង្កេត ចុះ​ថ្ងៃទី១១ ខែមិថុនា ខុ​មហ្វ្រែល ​អះអាង​ថា តំណាងរាស្ត្រ​ស្ត្រី​ដែល​បាន​ឡើង​បញ្ចេញមតិក្នុង​កិច្ចប្រជុំ​សភា​ពេញអង្គ​សម្រាប់​ឆ្នាំទី១ នីតិកាល​ទី៦ ពី​ខែកញ្ញា ឆ្នាំ២០១៨ ដល់​ខែសីហា ឆ្នាំ២០១៩ មាន​ចំនួន ១នាក់ នៃ​តំណាងរាស្ត្រ​ស្រ្តី​សរុប ២៦នាក់។ 

ខុ​មហ្វ្រែល ​អះអាង​ទៀត​ថា តំណាងរាស្ត្រ​ដែល​បាន​ឡើង​បញ្ចេញមតិ​នោះ គឺ​លោកស្រី ឡោក ខេង តំណាងរាស្ត្រប្រចាំ​មណ្ឌល​រាជ​ធានី​ភ្នំពេញ។ ការ​ឡើង​បញ្ចេញមតិ១ដងនោះ ធ្វើឡើង​ក្នុង​ន័យ​វិជ្ជមាន ផ្តោត​លើ​ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង ឆ្នាំ២០១៩។ ខុ​មហ្វ្រែល ក៏បាន​កត់សម្គាល់​ទៀត​ថា ក្នុង​ឆ្នាំទី១ នីតិកាល​ទី៦ នៃ​រដ្ឋសភា​ឯក​បក្ស​នេះ បញ្ហា​ស្ត្រី និង​កុមារ មិន​ត្រូវ​បាន​លើកយក​មក​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​សភា​ពេញអង្គ​ទេ។ 

តាម​លទ្ធ​ផលសង្កេត​របស់​អង្គការ​ដដែល​នេះ ការ​ឡើង​បញ្ចេញមតិ​របស់​តំណាង​ដែល​ជា​បុរស​ក៏​នៅ​មានកម្រិត​នៅឡើយ​ផង​ដែរ​ក្នុងរយៈពេល​មួយឆ្នាំ​កន្លងទៅ​ ពោល​គឺ​មានតែ ១១នាក់​ប៉ុណ្ណោះ ក្នុងចំណោម​តំណាង​រាស្រ្ត​បុរស​សរុប ៩៩នាក់។ ចំណែក​ឯការ​បញ្ចេញមតិ​ គឺ​មានតែការ​គាំទ្រ​ច្បាប់ និង​កោតសរសើរ​សមិទ្ធ​ផល​ និង​ការដឹកនាំ​របស់​រដ្ឋាភិបាល ដោយ​មិនសូវ​ឃើញ​តំណាង​រាស្រ្ត​ណា​ម្នាក់​ជំទាស់ រិះគន់ និង​សួរដេញដោល​ឱ្យ​ស៊ីជម្រៅ​ឡើយ។ 

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង ប្រាប់​ថា ​រដ្ឋសភា​លើកទឹកចិត្ត​ឱ្យ​តំណាងរាស្ត្រ​គ្រប់រូប​ឡើង​បញ្ចេញមតិ ប៉ុន្តែ​ ថា ​ការសម្រេច​ចិត្ត​បញ្ចេញមតិ ឬក៏​អត់ លោក​ថា​ ជា​សិទ្ធិ​សម្រេច​របស់​តំណាងរាស្ត្រ​នី​មួយ​ៗ។ 

គណបក្សប្រជាជន​កម្ពុជា ដណ្តើម​បាន​អាសន​ៈទាំងអស់ ១២៥ ក្នុង​សភា​សម្រាប់​អាណត្តិ​ទី៦នេះ ក្រោយពី​តុលាការ​កំពូល​ចេញ​សាល​ដីការំលាយ​អតីត​គណបក្ស​ប្រឆាំង​មុន​ការ​បោះ​ឆ្នោតថ្នាក់ជាតិ​ឆ្នាំ២០១៨មកដល់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ