ក្រុម​អ្នក​ឃ្លាំ​មើល​​ហៅ​​ការ​​បន្ត​​យាយី​​សំឡេង​​ជំទាស់​​កំពុង​​ជំរុញ​​ប្រទេស​​ធ្លាក់​​ក្នុង​​វិបត្តិ​​«ធ្ងន់ធ្ងរ»​

អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ (សាញ់ ប៊ុនហឿន)

អង្គការ​សមាគម ​និង​សហជីព អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ បញ្ឈប់​ជាបន្ទាន់នូវ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់ទៅយាយី​អ្នកនយោបាយ​ប្រឆាំង ដោយ​បង្ហាញ​កង្វល់​ថា ចំណាត់ការ​នេះ​កំពុង​ជំរុញ​កម្ពុជា​ឱ្យ​រង​សម្ពាធ​កើនឡើង​ទាំង​ក្នុង ​និង​ក្រៅប្រទេស ហើយ​ឈាន​ដល់​ធ្លាក់​ក្នុង​វិបត្តិ«ធ្ងន់ធ្ងរ»។

សេចក្តី​ថ្លែងការណ៍​រួម ចុះផ្សាយនៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អង្គការ​សមាគម និង​សហជីព​ចំនួន ៣០ស្ថាប័ន និយាយ​ថា ​ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកឃ្លាំមើល​ទាំងនោះ អះអាង​ថា ថ្មី​ៗនេះ អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូវ​បាប់​ខ្លួន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ រួមគំនិតក្បត់ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ញុះញង់មិន​ឱ្យយោធា​​ស្តាប់​បង្គាប់

ក្រុម​អ្នក​តាមដាន​ទាំងនោះ ចាត់ទុក​ការ​ចោទ​នេះ​ថា អាជ្ញាធរ​រដ្ឋបាន​រំលោភ​យ៉ាងធ្ងន់ធ្ងរទៅលើ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយរបស់​ប្រជាពលរដ្ឋ​ដែល​ទទួលស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ សេចក្តី​ប្រកាសជាស​កលស្តី​ពីសិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ។

បណ្តុំ​អង្គការ​ទាំងនោះ និយាយ​ថា ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ចរន្ត​សេដ្ឋកិច្ច ទីផ្សារ​ការងារ និង​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ ដោយសារ​កូ​វីដ១៩ អាជ្ញាធរ​មានសមត្ថកិច្ច តុលាការ និង​ស្ថា​ប័ន​ពាក់ព័ន្ធ គួរ​បញ្ឈប់​ការ​យាយីទៅលើ​អតីត​សមាជិក​គណបក្ស​ប្រឆាំង ដែល​ពួក​គេគ្រាន់តែ​សម្តែង​មតិ​ដោយសន្តិវិធី។

សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់​ថា៖ «ជា​ការពិត​ណាស់ ការ​បន្ត​ចាប់​ និង​ឃុំខ្លួន​សកម្ម​ជនទាំងនោះ មិន​មែ​នជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ទេ ផ្ទុយទៅវិញ​ រឹតតែ​ធ្វើឱ្យ​ប្រទេសជាតិ​ជួប​នូវ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រមទាំង​ធ្វើឱ្យ​សង្គម​ទាំងមូល​បែកបាក់​កាន់តែ​ខ្លាំង​ឡើង​ៗទៅវិញ»។

តាម​សេចក្តី​ថ្លែងការណ៍​រួម អង្គការ​ដែល​បាន​គាំទ្រ​លិខិត​នេះ មាន​អង្គការ​លី​កាដ​ូ សមា​គមការពារ​សិទ្ធិមនុស្ស​អាដ​ហុក​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ​តម្លាភាព​កម្ពុជា ជាដើម។

បន្ថែម​លើ​សេចក្តី​ថ្លែងការណ៍ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី និយាយ​ថា បើ​សិនជារបត់​នយោបាយ​នៅតែ​បន្ត​យាយី​ក្រុម​នយោបាយ​ប្រឆាំង​នោះ ​គឺ​ការ​រំលាយ​គណបក្ស​ប្រឆាំងដែលមាន​អ្នកគាំទ្រ​ប្រហាក់​ប្រហែលគ្នានឹងបក្សកាន់អំណាច បញ្ហា​កូ​វីដ១៩ បញ្ហាគ្មាន​ការងារ​ធ្វើ​លើពលរដ្ឋរាប់​ម៉ឺន​នាក់ វិធានការ​ដកEBA និង​ការ​ស្នើ​ដាក់​កម្ពុជាជា​ប្រទេស​លាងលុយកខ្វក់ ​ជាដើម នោះវិបត្តិ​សង្គម​​អាច​នឹងកើត​ឡើងកាន់តែធ្ងន់ធ្ងរ។

លោក​ថា៖ «ហើយ​បើ​យើង​នៅតែ​បន្ត​មាន​បញ្ហា​នៃ​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ផ្សេងទៀត​ក្តី នេះ​មិនមែន​ជា​ពេលវេលា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ទេ ​ព្រោះ​វិស័យ​សេដ្ឋកិច្ច​ជា​វិស័យ​អាទិភាព ​ព្រោះ​វា​ជា​ឆ្នាំង​បាយ​របស់​ប្រជាពលរដ្ឋ»។

បើ​តាម​មេធាវី​ការពារ​ក្ដីឱ្យអតីត​មេបក្ស​ប្រឆាំង គឺ​លោក សំ សុ​គង់ សកម្មជន​អតីត​បក្ស​ប្រឆាំង ដែល​កំពុង​ឃុំខ្លួន​មាន ១៩នាក់ ក្នុង​នោះ​ឆ្នាំ២០២០នេះ ​មានការចាប់ខ្លួនចំនួន ១៤នាក់ និង​ចាប់ខ្លួន​អំឡុង​ឆ្នាំ២០១៩ ចំនួន ៥នាក់ ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ា​លីន បាន​ច្រានចោល​ការ​លើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ដោយ​អះអាង​ថា ជា​វិធានការ​ច្បាប់ និងពង្រឹង​នីតិរដ្ឋ។

លោក​ថា៖ «សេចក្តី​ថ្លែងការណ៍​នេះ គួរតែ​ធ្វើការ​ណែនាំ​ដល់​សកម្មជន​នយោបាយ ​[ប្រឆាំង​] ឱ្យមានការ​ទទួលខុសត្រូវ​ គោរព​ឱ្យបាន​ខ្ជាប់ខ្ជួននូវ​ច្បាប់​ដែល​មាន​ជាធរមាន​នៅ​កម្ពុជា។ បោះបង់​អា​ទម្លាប់​ចាស់​ចោល​ទៅ ដើម្បី​តែ​ប្រយោជន៍​នយោបាយ ទង្វើ​បង្ក​អសន្តិសុខ​អី​ក៏​ហ៊ាន​ធ្វើ​ដែរ។ អាហ្នឹង​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ហើយ»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​ខេត្ត​ព្រះសីហនុ កាលពី១ ខែមិថុនា​ ថាវិធានការ​ចាប់ខ្លួន​ខ្សែ​បណ្តាញ​ក្រុមប្រឆាំង​នៅតែ​បន្ត​ធ្វើ នូវ​អ្វី​ដែ​លលោក​ហៅថា ដើម្បី​ទប់ស្កាត់​ចលនាប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក ហ៊ុន សែន ថ្លែង​ថា៖ «សូមកុំ​ឆ្លៀតឱកាស​កូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ឱ្យ​សោះ បង្កចលាចល​ឱ្យ​សោះ។ អ្នក​ចង់​សាក កម្លាំង​របស់​អ្នក​កាន់តែ​ថយ​ចុះ តាមរយៈ​ផ្តាច់​ក្បាល​បំបែក​ដងខ្លួន​តែម្តង។ និយាយប្រាប់​លោក​ឯង​ឱ្យ​ត្រង់​ឱ្យ​ច្បាស់។»

អ្នក​វិភា​គន​យោ​បាយ​ លោក ឯម សុវណ្ណ​រ៉ា និយាយ​ថា សម្ពាធ​ពី​ប្លុក​លោកសេរីដែល​នាំមុខ​គេ​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ​នឹង​នៅតែ​បន្ត​ជំរុញ​មេដឹកនាំ​កម្ពុជា​ឱ្យវិលទៅ​ស្តារ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ តាមរយៈ​វិធានការ​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច។

តាម​សេចក្តី​ថ្លែងការណ៍​រួម​ដដែល ក្រុម​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ទៅ​មេ​ដឹកនាំ​នយោបាយ​គ្រប់​និន្នាការ ឱ្យត្រឡប់ទៅ​កាន់​តុចរចា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួម ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ គោរព​រដ្ឋធម្មនុញ្ញ តម្កល់​ប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ជាធំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ