ពលរដ្ឋ​​ក្រុង​​កំពង់​ឆ្នាំង​​ជាង​១០០​នាក់ តវ៉ា​​ករណី​​អាជ្ញាធរ​​ឈូស​​ឆាយ​​ប៉ះ​ពាល់​​ដី​ធ្លី​​ពួក​​គាត់​​

ឡានដឹកដីដែលខាងអាជ្ញាធរយកមកចាក់ដីបំពេញក្នុងគម្រោងអភិវឌ្ឍន៍ទីទួលសុវត្ថិភាព អំឡុងខែមិថុនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

អ្នកភូមិ​ប្រហែល ១០០នាក់ នៅ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​រង​ផល​ប៉ះ​ដោយ​គម្រោង​អភិវឌ្ឍន៍​មួយ​នៅ​ថ្ងៃនេះ ​បាន​នាំគ្នា​តវ៉ា​ប្រឆាំង​គ្រឿងចក្រ​របស់​អាជ្ញាធរ​មិន​ឱ្យឈូស​ឆាយ​ប៉ះពាល់​លើ​ដីស្រែ​ចំការ​របស់​ពួក​គាត់។

អភិបាលក្រុង​កំពង់ឆ្នាំង​ លោក យិន សា​វ៉េ​ន ឱ្យដឹង​ថា ​រដ្ឋបាល​ខេត្ត​កំពុង​អនុវត្ត​គម្រោង​បង្កើត​ទីទួល​សុ​វត្ថិភាព​មួយ​កន្លែង​មាន​ទំហំ​ជាង ៣ហិ​កតា ស្ថិត​ក្នុង​ភូមិ​សំរោង និង​ភូមិ​ផ្សារឆ្នាំង ឃុំ​ផ្សារឆ្នាំង សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅ​រដូវទឹកឡើង។ បើ​តាម​ពលរដ្ឋ​រស់នៅ​ក្រុង​កំពង់ឆ្នាំង ​ការអនុវត្ត​គម្រោង​នេះ​ហើយដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីស្រែ​របស់​ពួក​គាត់។ 

ពលរដ្ឋ​ម្នាក់ ​លោក ស៊ឹម រដ្ឋា ប្រាប់​វី​អូ​ឌីតា​មទូ​រសព្ទ​ថា ក្រោម​គម្រោង​បង្កើត​ទីទួល​សុវត្ថិភាព​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​នេះ ​បាន​ធ្វើឱ្យប៉ះពាល់​ដល់​ដីស្រែ​ចំការ​ពលរដ្ឋ​ជាង ១០០គ្រួសារ និង​ទំហំដី​ជាង ៤០ហិ​កតា ស្ថិត​ក្នុង​ភូមិ​ចំ​នួន៤ មាន​ភូមិ​សំរោង ភូមិ​ត្រពាំងបី ភូមិ​កណ្តាល និង​ភូមិ​ផ្សារឆ្នាំង។ លោកបន្ត​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា​នេះ អ្នកភូមិ​ប្រមាណ​ជាង ១០០នាក់ បាន​ប្រមូល​ផ្តុំ​តវ៉ា​នៅ​លើ​ដីដែល​កំពុង​មាន​ទំនាស់​​ ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​សំណង​ជូន​ពួក​គាត់។ 

លោក​បន្ថែម​ថា ពលរដ្ឋ​បាន​អាស្រ័យផល​លើ​ដី​នោះ​តាំងពី​ឆ្នាំ១៩៧៩ ហើយ​មានការ​ដឹង​លឺ​ពី​អាជ្ញាធរ​មូលដ្ឋាន​តគ្នា​រហូត​មក។ លោក ស៊ឹម រដ្ឋា អះអាង​ថា ​អាជ្ញាធរ​ខេត្ត​​នេះ​មិនបាន​ផ្សព្វផ្សាយ​ និង​ជូនដំណឹង​ដល់​ពលរដ្ឋឱ្យដឹង​ច្បាស់លាស់​ពី​គម្រោង​អភិវឌ្ឍន៍​ទីទួល​សុវត្ថិភាព​នោះ​ទេ។ 

លោក​បញ្ជាក់​ថា៖ «ដី​ហ្នឹង​មិនមែន​ពលរដ្ឋ​ទើប​កាន់​កាប់ពីរបី​ឆ្នាំ​ណា? ដី​ហ្នឹង​ពលរដ្ឋ​កាន់កាប់​មក​ពីរបី​ជំនាន់​ហើយ​ហ្នឹង ហើយ​អាស្រ័យផល​មករ​ហូត។ ហើយ​ប្រជាជន​ភូមិ​ខ្ញុំ​សង្ឃឹម​តែ​លើ​ដី​ប៉ុណ្ណឹង។ ខ្ញុំ​ចង់​បញ្ជាក់​ថា មធ្យោបាយ​ដែល​គេ​បំផ្លាញនៅ​ភូមិ​ខ្ញុំ​ មិនមែន​តែ​ប៉ុណ្ណឹង​ទេ គឺ​បី​ទៅ​បួន​ឆ្នាំ​ហើយ។ ពីមុន​ ហៅ​ប្រជាជន​ផ្តិត​មេដៃ​ធ្វើ​ទំនប់ ធ្វើ​ទ្វារ​ទឹក​ស្រួល​បិទ​បើក ព្រោះ​ខ្លាច​ភ្លៀង​មក​ទឹកជំនន់។ ហេតុតែ​ប្រជាជន​ល្ងង់​ជឿ​លើ​ថ្នាក់លើ ក៏​ផ្តិត​មេដៃ​ឱ្យ​ធ្វើ ដល់ពេល​ធ្វើ បង្ហូរ​ពង្រីង​ទឹក​អស់ មិន​ឱ្យប្រជាជន​ធ្វើស្រែ​ចម្ការ​កើត​ទេ។ អីចឹង​ហើយវិធី​សាស្ត្រ​អ្នក​ប្លន់​ដី​ប្រជាជន គឺ​អីចឹង»។

អ្នកភូមិ​ម្នាក់ទៀត​ អ្នកស្រី ប៉ា អេង អាយុ ៧១ឆ្នាំ និយាយ​ទាំង​កំហឹង​ថា គ្រួសារ​អ្នកស្រី​មាន​ដី​បណ្តោយ​ទំហំ ២៨៧ម៉ែត្រ និង​ទទឹង ១៨ម៉ែត្រ​ប៉ុណ្ណោះ ​សម្រាប់​ធ្វើ​ដីស្រែ​ប្រាំង និង​ដាំ​បន្លែ​ចិញ្ចឹម​គ្រួសារ។ អ្នកស្រី​ថា ​គ្រួសារ​អ្នកស្រី​មានមុខ​រប​រជា​អ្នកនេសាទ និង​ធ្វើស្រែ​ចម្ការលើ​ដី​បន្តិចបន្តួច​នេះ ​ហើយថាប្រសិនបើ​រដ្ឋ​រឹបអូស​យក​អស់​ទៀត ​គ្រួសារអ្នកស្រី​មិនដឹងជា​ពឹង​អ្វី​នោះ​ទេ។

អ្នកស្រី ប៉ា អេង បន្ត​ថា ក្រោម​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ទីទួល​សុ​វត្ថិភាព​នេះ គឺ​អាជ្ញាធរ​បាន​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្លូវ និង​ប្រឡាយ​ព្រែក ​មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ស្រែ​ចំការ និង​ភូមិ​ថែមទៀតផង។

អ្នកស្រី​បន្ថែម​ថា៖ «អត់មាន​មុខ​របរ​អី​ទេ ពួក​ខ្ញុំ​រកស៊ី​តែ​ចម្ការ​ស្រែ​ហ្នឹង ហើយចុះបើ​មក​យក​អស់អីចឹង​ ពួក​ខ្ញុំ​បាន​អី? បើ​គេ​រឹបអូស​អស់​អីចឹង​ ពួក​ខ្ញុំ​សង្ឃឹម​អី? អីចឹង​បាន​ជា​ពួក​ខ្ញុំ​សុំ​ឱ្យប្រមុខ​រដ្ឋាភិបាល​ជួយ​ដល់​កូនចៅ​ផង»។

អ្នកស្រី ប៉ា អេង បន្ត​ថា​ អ្វី​ដែល​គាត់​ចង់បាន​នោះ​គឺ​ សុំ​រក្សា​ដី​របស់​គាត់​នៅ​ដដែល ឬដោះស្រាយ​សំណង​គោលនយោបាយ​សមស្រប​ណាមួយ​សម្រាប់​ពួក​គាត់។

មេឃុំ​ផ្សារឆ្នាំង ​អ្នកស្រី ជីម គីម​អេង មានប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​ទីទួល​សុវត្ថិភាព​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ​ប៉ះពាល់​ពលរដ្ឋ ១០៣គ្រួសារ និង​ដី​ប្រហែល ៤១ហិ​កតា ស្ថិត​ក្នុង​ភូមិ​ចំនួន ២ប៉ុណ្ណោះ គឺ​ភូមិ​សំរោង និង​ភូមិ​ផ្សារឆ្នាំង។

មេឃុំ​រូប​នេះ ​អះអាង​ថា ប្រជាពលរដ្ឋ​មួយចំនួន​បាន​កាន់កាប់ និង​អាស្រ័យផល​លើ​ដី​មាន​ជម្លោះ​នោះ​តាំងពី​ឆ្នាំ១៩៨០។ អ្នកស្រី​បន្ត​ថា កន្លងមក​ អ្នកស្រី​ធ្លាប់​ស្នើ​ទៅ​ថ្នាក់​ខេត្ត​ឱ្យ​ផ្តល់​សំណង​ខ្លះ​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដែរ ប៉ុន្តែ​ ថ្នាក់​ខេត្ត​មិន​ឯកភាព។

អភិបាលក្រុង​កំពង់ឆ្នាំង​ លោក យិន សា​វ៉េ​ន មានប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​ទីទួលសុ​វត្ថិភាព​នេះ​ មាន​ទំហំដី​ជាង ៣ហិ​កតា​ ប៉ុន្តែ ​ការ​ស្តារ ឬកាយ​អា​ចម៍​ដី​ពី​តំបន់​ជិត​នោះ ដើម្បី​យក​មក​ដាក់ ​ដែលដីនោះអាចមាន​ទំហំ​ច្រើនជាង​នេះ។

អភិបាលក្រុង​រូប​នេះ ​បញ្ជាក់​ថា គម្រោង​ធ្វើ​ទីទួល​សុវត្ថិភាព​នេះ គឺ​អាជ្ញាធរ​ខេត្ត​ពុំ​មាន​គោលនយោបាយ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​នោះ​ទេ ដោយ​ថា ​ពលរដ្ឋ​ទាំងនោះ​បាន​ចូល​ទៅកាន់​កាប់​លើ​ដី​បឹង​របស់​រដ្ឋ។

លោក​បន្ថែម​ថា៖ «ការបង្កើត​ទីទួល​សុ​វត្ថិភាព​នេះ​ យើង​មានការ​ឯកភាព​ពី​ក្រសួងធនធានទឹក។ ក្រសួងធនធានទឹក​ គេ​បាន​ចុះ​មក​ពិនិត្យមើល​គ្រប់កន្លែង​ណា​ត្រូវ​ស្តារ​ កន្លែងណា​ត្រូវ​អត់​ស្តារ​ព្រោះ​បឹង​នេះ​យូរ​ៗទៅ ​វា​បាត់​បឹង​អស់ហើយ ដោយសារ​ប្រជាជន​គាត់​អាស្រ័យផល។ អាស្រ័យផល​លើ​បឹង​សាធា​រណៈ​របស់​រដ្ឋ។ អីចឹង​ យើង​អត់មាន​ទៅ​ធ្វើ​អី​ប៉ះពាល់​ដល់​គាត់​ទេ។ ដី​ដែល​យើង​ធ្វើ​តែ ៣ហិ​កតា ២អា​ទេ ប៉ុន្តែ ​យើង​អាចយ​កដី​ពី​ជាប់មាត់​បឹង»។

មន្ត្រី​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំ​ង លោក សំ ចាន់​គារ មានប្រសាសន៍​ថា ពាក់ព័ន្ធ​វិវាទ​ដីធ្លី​នេះ គឺ​សមាគម​របស់​លោក​មិន​ទទួល​ស្រាវជ្រាវ​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ យ៉ាងណា​លោក​ថា ភាគី​ជម្លោះ​ទាំងពីរ​គួរតែ​សម្របសម្រួល​គ្នា​ដោះស្រាយ​តាម​នីតិវិធី ដែល​អាច​ទទួល​យក​បាន​ទាំងអស់គ្នា ដើម្បី​ចៀសវាង​ការ​កើតមាន​បញ្ហា​ផ្សេង​ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ